អ្នកវិទ្យាសាស្ត្របានរកឃើញថា ចាប់តាំងតែពីឆ្នាំ១៩៩០ម កបណ្តាបឹងធំៗបំផុតនៅលើពិភពលោកដល់ទៅជាង ៥៣ភាគរយបានចាប់ផ្តើមរីងស្ងួតបាត់បង់ដោយសារបញ្ហាកើនឡើងនៃកំដៅផែនដី និងមិនមានអ្វីទប់ស្កាត់បានឡើយ។
មកទល់នឹងពេលបច្ចុប្បន្ន បឹងជាងពាក់កណ្តាលរបស់ពិភពលោកបានបាត់វត្តមានស្ទើរទាំងស្រុង ហើយតាមការវិភាគដោយក្រុមអ្នកជំនាញអស់រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ទឹកសាបដែលបានរីងស្ងួតមានរហូតទៅដល់ ២២ជីហ្គាតោន ឬ២២ពាន់លានតោននៃទម្ងន់ទឹក (១គីឡូក្រាម = ១លីត្រ)ជារៀងរាល់ឆ្នាំ។ ទំហំទឹកដែលរីងស្ងួតប្រចាំឆ្នាំអាចមានទំហំច្រើនជាងទំហំទឹកបឹងដ៏ធំ និងជាស្តុកទឹកសាបដ៏ធំបំផុតមួយរបស់អាមេរិកគឺ Lake Mead ដល់ទៅ១៧ដង ខណៈដែលរបាយការណ៍ស្រាវជ្រាវដោយសកលវិទ្យាល័យ Virginia បានរកឃើញថា បឹងធំបំផុតរបស់ពិភពលោកទាំងអស់មានប្រមាណជា២០០០កន្លែង។
កត្តាប៉ះពាល់សំខាន់បំផុតដែលមិនអាចប្រកែកបាននោះគឺជាបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយបន្ទាប់មកគឺបញ្ហាអស្ថិរភាពនៃតម្រូវការប្រើប្រាស់ទឹកឲ្យបានសមរម្យចាប់រាប់ពីវិស័យកសិកម្មរហូតទៅដល់ការប្រើប្រាស់ថាមពលអ៊ីដ្រូសែន និងការប្រើប្រាស់របស់មនុស្សតែម្តង។ បញ្ហារីងស្ងួតនេះបានបង្កជាវិបត្តិដ៏ធ្ងន់ធ្ងរដល់មនុស្សប្រមាណជា២ពាន់លាននាក់ ហើយអ្នកជំនាញបានសិក្សាថា បើគ្មានចំណាត់ការត្រឹមត្រូវទេស្ថានភាពនេះនឹងកាន់តែអាក្រក់ជាងនេះ ពីព្រោះថាបច្ចុប្បន្នវិស័យកសិកម្មគឺជាអ្នកប្រើប្រាស់ទឹកសាបដល់ទៅ៧០ភាគរយនៃការប្រើប្រាស់ទាំងអស់លើពិភពលោក។
ដូចនេះបើមិនមានទឹកសាបគ្រប់គ្រាន់ទេនេះវិស័យកសិកម្មដែលជាអ្នកផ្គត់ផ្គង់អាហារដ៏ចាំបាច់បំផុតសម្រាប់មនុស្សនោះជួបផលលំបាកបន្តបន្ទាប់គ្នាជាមិនខាន ខណៈដែលតម្រូវការនៃការផលិតអាហារសម្រាប់បំពេញតម្រូវការពិភពលោកនឹងត្រូវកើនឡើងដល់ទៅ៧០ភាគរយនាឆ្នាំ២០៥០។
ទោះបីជាយ៉ាងណាក្តី ពិភពលោកអាចនៅសល់ដំណោះស្រាយមួយចំនួនដើម្បីទប់ស្កាត់បញ្ហាកង្វះទឹកសាបប្រើប្រាស់ដែលកំពុងយ៉ាប់យឺននេះដែលក្នុងនោះមានដូចជាការបង្កើនវិធីសាស្ត្រនៃការប្រើប្រាស់ទឹកកខ្វក់ឡើងវិញក្នុងពេលដែលបច្ចុប្បន្នមានត្រឹមតែ១១ភាគរយប៉ុណ្ណោះកំពុងបានដំណើរការ។
វិធីសាស្ត្រទី២ ដើម្បីជួយធ្វើឲ្យធូរស្រាលនូវបញ្ហាខ្វះខាតទឹកនោះគឺការបង្កើនការប្រើប្រាស់កសិដ្ឋានសិប្បនិម្មិត ឬការដាំដំណាំនៅក្នុងមន្ទីរពិសោធដែលជារបៀបធ្វើកសិកម្មថ្មីប្រើប្រាស់ធនធានទឹកក្នុងចំនួនតិចជាង និងប្រសិទ្ធភាពជាការធ្វើកសិកម្មបែបបុរាណ និងចុងក្រោយគឺរៀបចំ និងគ្រប់គ្រងឡើងវិញឲ្យបានម៉ត់ចត់នូវប្រភពទឹកសាបដែលនៅសេសសល់ដែលទាមទារការចូលរួមសហការគ្នារវាងវិស័យឯកជន និងរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់របស់ពិភពលោក៕