អង្គការសហប្រជាជាតិហៅកាត់ថា UN កាលពីពេលកន្លងមកនេះបានព្រមានថានៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ កង្វះខាតទឹកស្អាតនឹងក្លាយទៅជាបញ្ហាដ៏សំខាន់មួយទៀតសម្រាប់សកលលោកដោយក្នុងនោះទឹកស្អាតប្រមាណជា 40 ភាគរយនឹងថយចុះជាងពេលបច្ចុប្បន្ន ហើយវានឹងធ្វើឲ្យមានផលប៉ះពាល់សេដ្ឋកិច្ចក្នុងទំហំរាប់រយពាន់លានដុល្លារ។
របាយការណ៍ស្រាវជ្រាវដោយ CPD ក៏បានបង្ហាញនូវលទ្ធផលកាន់តែលំអិតទៀតថា បញ្ហាកង្វះខាតទឹកស្អាតនេះនឹងធ្វើឲ្យមានបញ្ហាហិរញ្ញវត្ថុទៅដល់បណ្តាក្រុមហ៊ុនដែលពាក់ព័ន្ធទៅនឹងបញ្ហាទឹកស្អាតនេះក្នុងទំហំដល់ទៅ៤២៥ពាន់លានដុល្លារ ខណៈដែលអ្នកជំនាញបានមើលឃើញថាមានតែក្រុមអ្នកជំនួញ និងក្រុមហ៊ុនអ្នកច្នៃប្រឌិតនោះទេ ដែលអាចដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាសន្តិសុខទឹកសម្រាប់មនុស្សជាតិ និងពិភពលោកនាពេលខាងមុខ។
ថ្មីៗនេះបុរសជនជាតិអាហ្សង់ទីនចំនួន២នាក់បានសហការគ្នាបង្កើតបានជាគំនិតដ៏ច្នៃប្រឌិតមួយ ហើយបានប្រែវាឲ្យក្លាយទៅជាក្រុមហ៊ុនអាជីវកម្មកើតថ្មីមួយប្រភេទ ឬ Start-up ដែលមានសមត្ថភាពជួយដោះស្រាយបញ្ហាកង្វះខាតទឹកសម្រាប់ក្រុមហ៊ុន សហគ្រាស និងរោងចក្រធំៗ និងជួយបង្កើនសន្តិសុខទឹកស្អាតប្រើប្រាស់ឡើងវិញសម្រាប់ពួកគេ និងពលរដ្ឋដែលរស់នៅក្នុងតំបន់ថែមទៀតផង។
អាជីវកម្មថ្មីដែលត្រូវបានហៅឈ្មោះថា Waterplan មិនត្រឹមតែអាចជួយដល់ក្រុមហ៊ុនក្នុងការកាត់បន្ថយភាពប្រថុយប្រថានកង្វះខាតទឹកស្អាតប៉ុណ្ណោះទេ វាថែមទាំងអាចជួយសម្រួលដល់គ្រប់សង្វាក់ផលិតកម្មទាំងអស់ផងដែរ។ បច្ចេកវិទ្យាផ្កាយរណបបានធ្វើឲ្យ Waterplan អាចតាមដានទីតាំងស្តុកទឹកនៅក្បែរក្រុមហ៊ុនរោងចក្រដោយប្រើប្រាស់ពេលវេលាជាក់ស្តែង ហើយអាចវាស់វែងអំពីទំហំនៃការគំរាមកំហែងចំពោះបញ្ហាទឹកទៅលើប្រតិបត្តិការអាជីវកម្មទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈបច្ចេកវិទ្យាស្មាតវ៉ៃ ឬ AI អាជីវកម្ម Waterplan ថែមទាំងអាចផ្តល់ជាសេវាសម្រាប់ដំណោះស្រាយក្នុងការកាត់បន្ថយបញ្ហានេះផងដែរ និងបង្កើតជារបាយការណ៍ប្រចាំថ្ងៃ ប្រចាំខែចំពោះបញ្ហាសន្តិសុខទឹក និងអាចផ្តល់សញ្ញាប្រកាសប្រាប់ជាមុនចំពោះស្ថិរភាពទឹកដែលមានស្តុក និងទឹកនៅក្បែរទីតាំងរបស់ក្រុមហ៊ុន ហើយមិនត្រឹមតែប៉ុណ្ណោះក៏អាចណែនាំពីរបៀបកាត់បន្ថយការបំពុលទឹកស្អាតដែលចេញពីកាកសំណល់របស់ក្រុមហ៊ុន និងរោងចក្រទៀតផង។ Waterplan ត្រូវបានបង្កើតឡើងដោយជនជាតិអាហ្សង់ទីនចំនួន២នាក់ និងចូលរួមសហការដោយអតីតអ្នកជំនាញរបស់អង្គការណាសាលោក Jay Famiglietti ដោយមានការគាំទ្រពីក្រុមហ៊ុនជាង៣០ និងកំពូលបុគ្គលល្បីៗផ្សេងទៀត ដូចជា លោក Leonardo DiCaprio និងត្រកូល The Branson Family ជាដើម៕