បរទេស ៖ លោក Michael McCaul ដែលជាសមាជិកសភាតំណាងរដ្ឋតិចសាស មកពីគណបក្សសាធារណៈ ថ្មីៗនេះបានធ្វើការព្រមានថា អាម៉េរិកនៅពេលនេះកំពុងធ្វើដំណើរឆ្ពោះទៅរកគ្រោះថ្នាក់ដ៏អាក្រក់មួយខណៈដែលលោកបានប្រកាសហើយថានឹងលាលែងពីតំណែងនៅសភាផងដែរក្រោយបំពេញការងារអស់រយៈពេល១១អាណត្តិកន្លងមក។ បុរសវ័យ៦៣ឆ្នាំរូបនេះបានប្រកាសអំពីការចូលនិវត្តរបស់លោកក្នុងអំឡុងពេលមានវត្តមានផ្តល់បទសម្ភាសជាមួយនឹងក្រុមអ្នកព័ត៌មានកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
ក្នុងឱកាសផ្តល់កិច្ចសម្ភាសនោះផងដែរ លោក McCaul បានធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើហេតុការណ៍បំពានដែនអាកាសរបស់ប៉ូឡូញពីសំណាក់យន្តហោះគ្មានមនុស្សបើករបស់ប្រទេសរុស្សីដោយថែមទាំងបានរិះគន់ទៀតថា មេដឹកនាំរុស្ស៊ី លោក Putin នៅពេលនេះគឺកំពុងបង្ហាញថារូបលោកកំពុងលេងសើច និងមិនបានផ្តល់ការគោរពចំពោះប្រធានាធិបតីអាម៉េរិក លោក Donald Trump នោះឡើយ។

សម្រាប់លោក McCaul បានលើកឡើងថា ៖
«វាមិនមែនជារឿងចៃដន្យ ឬដោយអចេតនានោះទេ ប៉ុន្តែវាគឺជាអ្វីដែលលោក Putin ចង់ធ្វើតេស្តសាកល្បងប្រតិកម្មរបស់ណាតូផង ព្រមទាំងធ្វើតេស្តពីវិធីសាស្ត្រដែលពួកគេនឹងដោះស្រាយចំពោះហេតុការណ៍ដែលបង្កហេតុដោយយោធាបែបនេះដោយរបៀបណា។ យើងមិនធ្លាប់ឃើញអ្វីដែលបានកើតឡើងដូចពេលនេះទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះហើយ អ្វីដែលខ្ញុំព្រួយបារម្ភនោះគឺថា អ្វីដែលនឹងអាចកើតឡើង និងកំដៅនយោបាយដែលនឹងកើនឡើង ។ ដូច្នេះ យើងត្រូវតែប្រុងប្រយ័ត្នធ្វើយ៉ាងណាកុំឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី ៣»។
ក្រៅតែពីព្រមានអំពីលទ្ធភាពអំពីការផ្ទុះឡើងនៃសង្គ្រាមលោកទី៣ហើយនោះ លោក McCaul ក៏បានពន្យល់ម្តងទៀតដែរថា លោក Putin កំពុងតែលេងសើចជាមួយនឹងការខំប្រែងរបស់លោក Trump ជាពិសេសសំដៅទៅលើជំនួបគ្នាជាច្រើនដងរវាងរុស្ស៊ី និងអាម៉េរិក ក៏ដូចជាជំនួបកំពូលនៅអាឡាស្កាកាលពីខែមុនផងដែរ ដែលវាបែរក្លាយទៅជារឿងដែលអត់ប្រយោជន៍ទៅវិញ។

សមាជិកសភារូបនេះបានបន្ថែមថា៖
«ខ្ញុំមិនគិតថា លោក Putin មានភាពស្មោះត្រង់ជាមួយនឹងអាម៉េរិកនោះទេ។ គាត់ធ្លាប់ជាភ្នាក់ងារសំងាត់របស់សហភាពសូវៀត KGB ដូច្នេះ គាត់នៅតែមានចិត្តគំនិតដូចកាលពីអតីតកាលដដែល»។
គួរឲ្យដឹងដែរថា លោក Michael McCaul បានចូលបម្រើការងារជាសមាជិកសភាក្រោយឈ្នះឆ្នោតកាលពីឆ្នាំ២០០៥ ហើយក៏ធ្លាប់ត្រូវបានទទួលការគាំទ្រឲ្យបំបេញតួនាទីជាប្រធានគណកម្មការសភាផ្នែកកិច្ចការងារសន្តិសុខជាតិ និងកិច្ចការងារការបរទេសផងដែរនាពេលកន្លងមក៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content