ភ្នំពេញ៖«ថ្ងៃបទបង្ហាញឆ្ពោះទៅមុខ» គឺជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៥ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីសមិទ្ធផលរបស់ក្រុមធុរកិច្ចថ្មីទៅកាន់សាធារណជន និង ប្រកាសលទ្ធផលក្រុមជ័យលាភី ដែលបានទទួលទុនវិនិយោគដែលមិនយកភាគហ៊ុន (Equity-free Investment) ជាថវិកាសរុបចំនួន ១២០ លានរៀលពីកម្មវិធី។
ក្រោយពីការឆ្លងកាត់វគ្គបណ្តុះបណ្តាលជាច្រើនសប្តាហ៍ក្នុងកម្មវិធី, ក្រុមធុរកិច្ចថ្មីទាំង ៧ ក្រុម រួមមាន Kotluy for Biz, We Gro Up, DeGen, Prohose Official, ShopiLink, Nextory និង EVantage បានធ្វើបទបង្ហាញអំពីអាជីវកម្មខ្លួនទៅកាន់គណៈកម្មការក្នុង «ថ្ងៃបទបង្ហាញវាយតម្លៃ» ដើម្បីដណ្តើមយកជ័យលាភី។
ជាលទ្ធផល ទុនវិនិយោគដែលមិនយកភាគហ៊ុនសរុបចំនួន ១២០ លានរៀល ត្រូវបានប្រើប្រាស់ដើម្បីផ្តល់ជូនដល់ក្រុមធុរកិច្ចថ្មីឆ្នើមចំនួន ៥ ក្រុម ដោយពានរង្វាន់ Challenge Champion Award ជាមួយនឹងទឹកប្រាក់ចំនួន ៤០ លានរៀលបានប្រគល់ទៅកាន់ក្រុមធុរកិច្ចថ្មី We Gro Up, ពានរង្វាន់ Strategic Insight Award ជាមួយនឹងទឹកប្រាក់ចំនួន ២៥ លានរៀលក្នុងមួយក្រុមបានប្រគល់ទៅកាន់ក្រុមធុរកិច្ចថ្មី Kotluy for Biz និង ក្រុមធុរកិច្ចថ្មី EVantage, និង ពានរង្វាន់ Emerging Innovator Award ជាមួយនឹងទឹកប្រាក់ចំនួន ១៥ លានរៀលក្នុងមួយក្រុមបានប្រគល់ទៅកាន់ក្រុមធុរកិច្ចថ្មី Prohose Official និង ក្រុមធុរកិច្ចថ្មី ShopiLink។

ឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានថ្លែងនាថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ថា៖កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៥ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មី ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម ក្នុងទីផ្សារជាក់ស្តែងតាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍, ផ្តល់ជាចំណេះដឹង និង ជំនាញសំខាន់ៗដល់ក្រុមធុរកិច្ចថ្មី ដើម្បីអភិវឌ្ឍផលិតផល ឬ សេវាកម្មប្រកបដោយសក្តានុពលគ្រប់គ្រាន់សម្រាប់ចូលទៅកាន់ទីផ្សារ, និង ផ្សារភ្ជាប់ជាមួយនឹងបណ្តាញតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡុស៊ីធុរកិច្ចថ្មី។
គួរបញ្ជាក់ផងដែរថា កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី ៥ ត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ដោយមានការសហការរៀបចំកម្មវិធីដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ និង សហគ្រិនខ្មែរ៕







វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content