បរទេស ៖ យោងតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា បញ្ហាបម្រែបម្រួលអាកាសធាតុគឺជារឿងមួយដែលជៀសមិនរួចទេ ហើយមនុស្សត្រូវរៀនរស់នៅជាមួយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ស្របពេលជាមួយគ្នានេះ កិច្ចខិតខំប្រឹងប្រែងក្នុងការកដំណោះស្រាយ អ្នកជំនាញបានរកឃើញបច្ចេកវិទ្យាចំនួន ៣ ដែលអាចជួយមនុស្សអាចសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុបាន។

កម្មវិធីផ្តល់សញ្ញាពីទឹកជំនន់ ឬ Google Flood Hub គឺជាប្រព័ន្ធដាស់តឿនពីទឹកជំនន់របស់ Google ដោយប្រើបច្ចេកវិទ្យាក្នុងការព្រមានមនុស្សអំពីគ្រោះថ្នាក់នៃទន្លេ មហាសមុទ្រ និងបឹង។ កម្មវិធីនេះរួមមានផែនទីទឹកជំនន់ដែលងាយយល់ និងផ្តល់ព័ត៌មានលម្អិតអំពីតំបន់ដែលមានហានិភ័យ និងកម្ពស់ទឹកជំនន់ដែលប្រៀបធៀបទៅនឹងកម្ពស់មនុស្សពេញវ័យ។ Google មានការជូនដំណឹងអំពីទឹកជំនន់ចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ ហើយបានផ្តោតដំបូងគេគឺទៅលើតំបន់ដែលមានហានិភ័យខ្ពស់ ដូចជា បង់ក្លាដែស និងឥណ្ឌាជាដើម។ កាលពីឆ្នាំ២០២១ កន្លងទៅនេះ កម្មវិធីនេះបានជូនដំណឹងទៅតាមតំបន់ប្រហែល ១១៥ លាន ដែលមានប្រជាជនចំនួន ៣៦០ លាននាក់។ បច្ចុប្បន្ន កម្មវិធីនេះកំពុងត្រូវបានពង្រីកប្រតិបត្តិការដើម្បីគ្របដណ្តប់ប្រទេសជាច្រើនទៀតនៅអាស៊ីខាងត្បូង និងអាមេរិកខាងត្បូង និងការពង្រីកសេវាកម្មជាសកល។
ការបន្សាំអាកាសធាតុដោយប្រើ AI គឺជាបញ្ញាសិប្បនិម្មិតមួយដែលដើរតួយ៉ាងសំខាន់ក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុ។ ប្រព័ន្ធ AI អាចនឹងត្រូវបានអនុវត្ត ដើម្បីកែលម្អពីការព្យាករណ៍គ្រោះថ្នាក់សម្រាប់ព្រឹត្តិការណ៍រយៈពេលវែងក្នុងតំបន់ ដូចជាការកើនឡើងកម្រិតទឹកសមុទ្រ និង ព្រឹត្តិការណ៍ធ្ងន់ធ្ងរភ្លាមៗ ដូចជាខ្យល់ព្យុះជាដើម។ កម្មវិធីទាំងនេះរួមមានការគ្រប់គ្រងពីភាពងាយរងគ្រោះ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលអាចកាត់បន្ថយផលប៉ះពាល់នៃគ្រោះថ្នាក់អាកាសធាតុ។ កម្មវិធីមួយដែលមានឈ្មោះថា Pano AI មានមូលដ្ឋាននៅទីក្រុង San Francisco បានប្រើប្រាស់បច្ចេកវិទ្យាដើម្បីស្វែងរកភ្លើងឆេះព្រៃ ជូនដំណឹងដល់អ្នកក្នុងតំបន់ និងជួយសម្រួលដល់ក្រុមពន្លត់អគ្គីភ័យក្នុងការគ្រប់គ្រងភ្លើង។ AI ចេះចាប់យកវីដេអូពីកាមេរ៉ាលើភ្នំ ដើម្បីរកឃើញសញ្ញាដំបូងនៃការផ្ទុះឆេះព្រៃ បន្ទាប់មកវាជូនដំណឹងដល់អ្នកក្នុងតំបន់ និងអ្នកឆ្លើយតបដំបូងនៅក្នុងតំបន់។
ប្រព័ន្ធ The Internet of Things (IoT) សម្រាប់ការគ្រប់គ្រងទឹក គឺជាប្រព័ន្ធដែលបង្ហាញពីការប្រើប្រាស់ទឹកដ៏ឆ្លាតវៃ និងមានសារៈសំខាន់នៅពេលដែលសីតុណ្ហភាពកើនឡើង ហើយទឹកភ្លៀងត្រូវបានរំខានដោយការប្រែប្រួលអាកាសធាតុ។ IoT កំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសប្រេស៊ីល អ៊ីតាលី និងអេស្ប៉ាញ ដើម្បីគ្រប់គ្រង និងបង្កើនការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម។ វាបានបង្ហាញពីប្រសិទ្ធភាពក្នុងការកាត់បន្ថយការប្រើប្រាស់ទឹក និងសន្សំសំចៃថ្លៃថាមពល៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content