ត្រឹមរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាមេរិកកំពុងញាប់ដៃញាប់ជើងក្នុងការដោះស្រាយបញ្ហាពិដានបំណុល និងកំណត់ចំនួនអតិបរិមាឡើងវិញដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ចចេញពីប្រទេសរបស់ខ្លួន ក៏ដូចជាពិភពលោកផងដែរ។
ការចរចាគ្នាជាច្រើនដងរវាងសមាជិសភាមកពីគណបក្សកាន់អំណាចប្រជាធិបតេយ្យ និងគណបក្សសាធារណៈរដ្ឋបានបញ្ចប់ទៅក្រោមកិច្ចព្រមព្រៀមកាលពីសប្ដាហ៍មុនដែលមានន័យថាវានឹងអនុញ្ញាតឲ្យរដ្ឋាភិបាលបន្តបង្កើនប្រាក់កម្ចីទៀតរហូតដល់ពេលដែលប្រធានាធិបតីអាណត្តិថ្មីត្រូវបានប្រកាសនៅក្រោយការបោះឆ្នោតនាខែវិច្ឆិកា ឆ្នាំ២០២៤។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងជាប់បំណុលជាតិសរុបរហូតទៅដល់ជាង ៣១ទ្រីលានដុល្លារ ដែលម្ចាស់បំណុលទាំងនោះមានរាប់ចាប់តាំងពីវិទ្យាស្ថានផ្តល់ប្រាក់កម្ចីធំៗ រដ្ឋាភិបាលនៃបណ្តាប្រទេសនានា ធានាគារកណ្តាល ព្រមទាំងក្រុមអ្នកវិនិយោគិនធំៗផងដែរ ហើយបំណុលទាំងនោះត្រូវបានធ្វើឡើងតាមរយៈប័ណ្ណបំណុលរបស់រតនាគារជាត និងមូលបត្រផ្សេងទៀត។
គិតត្រឹមបំណុលរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះ អាមេរិកបានជាប់បំណុលបរទេសក្នុងចំនួនដល់ទៅ ៧,៤ទ្រីលានដុល្លារ ឬស្មើនឹង១ភាគ៤នៃបំណុលសរុប ប៉ុន្តែនៅមិនទាន់កើនឡើងដល់កម្រិតខ្ពស់បំផុតដូចកាលពីឆ្នាំ២០១៤នៅឡើយដែលគ្រានោះបំណុលបរទេសបានកើនឡើងទៅដល់៣៤ភាគរយនៃបំណុលសរុបរបស់ប្រទេស។

ជប៉ុន និងចិន គឺជាម្ចាស់បំណុលដ៏ធំបំផុតរបស់អាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ គិតត្រឹមខែមករា ឆ្នាំ២០២៣កន្លងមកនេះ The USA Facts បានរកឃើញថា ជប៉ុននៅតែបន្តឈរនៅលេខរៀងទី១ ដែលអាមេរិកជាប់បំណុលច្រើនជាងគេបំផុត ឬប្រមាណជា ១,១ទ្រីលានដុល្លារ ខណៈដែលចិនឈរនៅលេខរៀងទី២ មានបំណុលដែលត្រូវទូទាត់ជាមួយនឹងអាមេរិកដល់ទៅ ៨៥៩ពាន់លានដុល្លារ។
ដោយឡែក បរទេសផ្សេងៗទៀតដែលជាម្ចាស់បំណុលរបស់អាមេរិកតាមរយៈការទិញប័ណ្ណបំណុលរបស់រតនាគារជាតិអាមេរិកនោះមានដូចជាអង់គ្លេស ប្រមាណជា ៦៦៨ពាន់លានដុល្លារឈរនៅលេខរៀងទី៣បន្ទាប់ពីចិន ខណៈដែលប៊ែលហ្ស៊ិកបានទិញបណ្ណបំណុលសរុប៣៣១ពាន់លានដុល្លារ ហើយប្រទេសលុចសំបួរមានប្រមាណជា ៣១៨ពាន់លានដុល្លារ។

គួរឲ្យដឹងដែរថា មន្ត្រីជាន់ខ្ពស់របស់រតនាគារជាតិអាមេរិកកាលពីពេលថ្មីនេះបានធ្វើការព្រមានទៅកាន់សភាជាតិថា ប្រសិនបើការខកខានមិនបានបំពេញតាមកាតព្វកិច្ចទូទាត់បំណុលឲ្យបានត្រឹមត្រូវទេ វានឹងបង្កទៅជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយសម្រាប់ប្រទេសជាតិផង ពលរដ្ឋអាមេរិកផង ក៏ដូចជាពិភពលោកផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះទំនុកចិត្តលើប្រាក់ដុល្លារនឹងត្រូវបាត់បង់បន្តិចម្តងៗជាក់ជាមិនខាន៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content