បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ការយកពន្ធ ២៥ ភាគរយរបស់សហរដ្ឋអាម៉េរិកលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់នឹងប៉ះពាល់ដល់ទំនិញចំនួន ៣ ប្រភេទរបស់ខ្លួនឯង។
វិធានការយកពន្ធបន្ថែមលើការនាំចូលដែក និងអាលុយមីញ៉ូមដែលបានប្រកាសដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump នឹងចូលជាធរមាននៅក្នុងខែនេះ ដែលមានន័យថា អាជីវកម្មក្នុងស្រុករបស់អាម៉េរិកដែលចង់នាំយកលោហធាតុចូលប្រទេសនឹងត្រូវចំណាយបន្ថែមទៀត។ លើសពីនេះ Trump បានប្រកាសអំពីការចាប់ផ្តើមដាក់ពន្ធ ២៥ ភាគរយលើទំនិញពីដៃគូពាណិជ្ជកម្មចំនួន ២ប្រទេស គឺកាណាដា និងម៉ិកស៊ិកនៅក្នុងខែមីនានេះផងដែរ។ គោលបំណងនៃការយកពន្ធរបស់ Trump គឺចង់បង្កើនការផលិត និងការប្រើប្រាស់ក្នុងស្រុក ដោយកាត់បន្ថយការនាំចូលពីបរទេស។ យ៉ាងណាមិញ ផលិតផលនាំចូលនឹងមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកប្រើប្រាស់ ខណៈដែលក្រុមហ៊ុនក្នុងស្រុកនឹងត្រូវចំណាយបន្ថែម។ ជាក់ស្តែង ដែកថែប និងអាលុយមីញ៉ូមគឺជាសមាសធាតុសំខាន់នៅក្នុងទំនិញជាច្រើន ហើយវានឹងប៉ះពាល់ដល់ទំនិញចំនួន ៣ ប្រភេទដូចជា ៖ អាហារ ឬ ភេសជ្ជៈកំប៉ុង, រថយន្ត, និងសម្ភារៈសំណង់។
១. អាហារ ឬ ភេសជ្ជៈកំប៉ុង៖ យោងតាមវិទ្យាស្ថានផលិតកំប៉ុង (CMI) បានឱ្យដឹងថា ប្រហែល ៧០ ភាគរយនៃដែកថែបដែលប្រើក្នុងសហរដ្ឋអាម៉េរិកដើម្បីធ្វើកំប៉ុងសម្រាប់ម្ហូបអាហារ ឬ ភេសជ្ជៈ។ ដែកថែបភាគច្រើនត្រូវបាននាំចូលមកពីអាល្លឺម៉ង់ ហូឡង់ និងកាណាដា។ កាលពីឆ្នាំ២០១៨ Trump ធ្លាប់ដំឡើងពន្ធលើដែកថែបម្តងរួចទៅហើយ ប៉ុន្តែអ្នកផលិតកំប៉ុងជាច្រើនបានប្រឆាំងលើវិធានការនេះ ហើយការប្រឆាំងទទួលបានជោគជ័យ ដោយសារការផលិតប្រភេទដែកថែបសម្រាប់ធ្វើកំប៉ុងក្នុងអាម៉េរិកនៅមានកម្រិត។ យ៉ាងណាមិញ ក្រុមហ៊ុនផលិតដែកថែបបានកាត់បន្ថយការផលិតបន្ថែមទៀតចាប់តាំងពីពេលនោះមក ដែលជំរុញឱ្យតម្លៃកាន់តែឡើងថ្លៃ។ ចំពោះអាលុយមីញ៉ូមវិញ ក្រុមហ៊ុនផលិតស្រាបៀរ និងអ្នកផលិតភេសជ្ជៈ ដូចជា កូកា-កូឡា បានព្រមានថា ការផ្លាស់ប្តូរនេះនឹងបន្ថែមការចំណាយ និងអាចនាំឱ្យតម្លៃកាន់តែខ្ពស់សម្រាប់អតិថិជន។
លោក Robert Budway ប្រធាន CMI លើកឡើងថា ប្រសិនបើក្រុមហ៊ុនផលិតកំប៉ុងមិនទទួលបានការលើកលែងពន្ធលើការនាំចូលដែកទេ នោះតម្លៃគ្រឿងទេស ជាពិសេសអាហារកំប៉ុងដែលផលិតនៅសហរដ្ឋអាមេរិកនឹងឡើងថ្លៃ។ Trump ជឿថា ពន្ធគយទាំងនេះកំពុងការពារឧស្សាហកម្មដែកក្នុងស្រុក ប៉ុន្តែវិធានការនេះកំពុងធ្វើឱ្យខូចសន្តិសុខស្បៀងរបស់អាម៉េរិក និងភាពធន់នៃការផ្គត់ផ្គង់សម្រាប់អាហារកំប៉ុងដែលប្រជាជនអាម៉េរិកកំពុងពឹងផ្អែកជារៀងរាល់ថ្ងៃ។
២. រថយន្ត៖ បន្ទាប់ពី Trump បានដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូមក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ ក្រុមហ៊ុនផលិតរថយន្ត Ford និង General Motors បានព្រមានថា វិធានការនេះនឹងធ្វើឲ្យពួកគេត្រូវចំណាយបន្ថែមប្រហែល ១ ពាន់លានដុល្លារ។ Morningstar បានប៉ាន់ប្រមាណថា ពន្ធក្នុងកំឡុងពេលនោះអាចនឹងធ្វើឲ្យតម្លៃរថយន្តពួកគេឡើងថ្លៃ ១ ភាគរយ ឬ តម្លៃបន្ថែម ៣០០ ដុល្លារសម្រាប់អតិថិជន។ ដោយឡែក ថ្មីៗនេះ នៅក្នុងសន្និសីទធុរកិច្ចមួយ លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បានព្រមានថា ការផ្លាស់ប្តូរថ្មីៗរបស់ Trump កំពុងបង្កឱ្យមានការចំណាយច្រើន និងភាពវឹកវរច្រើនសម្រាប់ឧស្សាហកម្មរថយន្ត។ ក្រុមហ៊ុន TD Economics ប៉ាន់ប្រមាណថា រថយន្តអាចឡើងថ្លៃប្រហែល ៣ ០០០ ដុល្លារ ប្រសិនបើពន្ធលើទំនិញពីម៉ិកស៊ិក និងកាណាដាចូលជាធរមាន។
៣. សម្ភារៈសំណង់៖ ឧស្សាហកម្មសំណង់គឺជាអ្នកប្រើប្រាស់ដែកដ៏ធំបំផុត ដោយសារតម្រូវការអ្នកអភិវឌ្ឍន៍ និងអ្នកសាងសង់ផ្ទះត្រូវការគ្រប់យ៉ាងចាប់ពីការសាងសង់គ្រោងឆ្អឹងអាគាររហូតដល់ឧបករណ៍ប្រើប្រាស់។
លោក Carl Harris ប្រធានសមាគមជាតិនៃអ្នកសាងសង់គេហដ្ឋានបានលើកឡើងថា ការសម្រេចចិត្តដាក់ពន្ធលើដែក និងអាលុយមីញ៉ូមនឹងបង្កើនការចំណាយ និងរារាំងដល់ការសាងសង់។ ជាលទ្ធផល អតិថិជននឹងបង់ថ្លៃពន្ធទាំងនេះក្នុងទម្រង់តម្លៃផ្ទះកាន់តែខ្ពស់។ ជាក់ស្តែង វាផ្ទុយទាំងស្រុងទៅនឹងគោលបំណងរបស់ Trump ក្នុងការធ្វើឱ្យលំនៅដ្ឋានកាន់តែមានតម្លៃសមរម្យជាងមុន។ ទន្ទឹមងនេះ សមាគមជាតិនៃអ្នកសាងសង់ផ្ទះកំពុងស្នើសុំឲ្យ Trump លើកលែងពន្ធលើសម្ភារៈសំណង់។
បន្ទាប់ពី Trump បានដាក់ពន្ធលើដែកថែបក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ Whirlpool បានប្រឈមមុខនឹងការចំណាយខ្ពស់ដែលមិននឹកស្មានដល់ ៣៥០ លានដុល្លារ ដោយសារការកើនឡើងនៃតម្លៃដែក។ ការចំណាយកាន់តែខ្ពស់បែបនេះបានជំរុញឱ្យផលិតផល ឬទំនិញកាន់តែថ្លៃសម្រាប់អ្នកប្រើប្រាស់៕