ក្នុងស្ថានភាពសេដ្ឋកិច្ចសកលមិនច្បាស់លាស់ផង សន្តិសុខពិភពលោកកំពុងបន្តមានភាពកាន់តែអាក្រក់ផងនោះ សហរដ្ឋអាមេរិកបែរជាបានបង្ហាញពីផែនការអភិវឌ្ឍគ្រាប់បែកប្រល័យលោកថ្មីមួយប្រភេទដែលមានកម្លាំងខ្លាំងជាងនុយក្លេអ៊ែរដែលធ្លាប់ទំលាក់នៅប្រទេសជប៉ុនកាលពីសម័យសង្គ្រាមលោកលើកទី២ដល់ទៅ២៤ដង។
បើមិនមានសម្លេងជំទាស់ទេនោះ មន្ទីរប៉ង់តាហ្គោនដែលកំពុងដាក់សំណើសុំទៅកាន់សភាដើម្បីអនុម័តនោះនឹងអាចចាប់ផ្តើមផែនការអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរថ្មីមួយប្រភេទស្ថិតនៅក្នុងអំបូរ B61 Nuclear Gravity Bomb ហើយយោងតាមការប្រកាសដោយក្រសួងការពារជាតិអាមេរិក DoD បានឲ្យដឹងដែរថា នុយក្លេអ៊ែរថ្មីនោះនឹងមានឈ្មោះថា B61-13។
អនុរដ្ឋលេខានៃក្រសួងការពារជាតិទទួលបន្ទុកកិច្ចការងារគោលនយោបាយសម្រាប់ទីអវកាស John Plumb បានថ្លែងបែបនេះថា សេចក្តីប្រកាសនៅថ្ងៃនេះគឺជាការឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរនៃមជ្ឈដ្ឋានសន្តិសុខសកលព្រមទាំងការកើនឡើងនៃការគម្រាមកំហែងពីសត្រូវធំៗរបស់អាមេរិក។ សហរដ្ឋអាមេរិកមានកាតព្វកិច្ចដើម្បីវាយតម្លៃ និងការបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួនក្នុងករណីចាំបាច់ ជាពិសេសទៅនឹងអាវុធបែបជាយុទ្ធសាស្ត្រ ដែលធ្វើយ៉ាងណាធានាសុវត្ថិភាពជូនសម្ព័ន្ធមិត្តរបស់យើង។
ក្នុងចំណោមផែនការត្រៀមខ្លួនរបស់ប៉ង់តាហ្គោននោះគេសង្កេតឃើញមានផែនការនៃការអភិវឌ្ឍគ្រាប់នុយក្លេអ៊ែរ B61-13 ដែលជាម៉ូដេលថ្មីមានសមត្ថភាព និងកម្លាំងប្រហាក់ប្រហែលនឹង B61-7 ដែលអាចមានថាមពលបំផ្ទុះដល់ទៅ ៣៦០គីឡូតោន ឬប្រមាណជា២៤ដងខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរដែលអាមេរិកធ្លាប់ទំលាក់នៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនដែលមានកម្លាំងត្រឹមតែ ១៥គីឡូតោន ហើយ B61-13 នេះក៏មានកម្លាំងខ្លាំងជាង១៤ដងនៃនុយក្លេអ៊ែរដែលទំលាក់នៅណាហ្កាសាគីដែលមានកម្លាំងផ្ទុះ២៥គីឡូតោន។
នៅក្នុងរបាយការណ៍ និងសំណើដែលបញ្ជូនទៅដល់សភាជាតិរួចរាល់ហើយនោះ គេជឿជាក់ថានុយក្លេអ៊ែរថ្មីនេះនឹងអាចបំពាក់ជាមួយនឹងប្រព័ន្ធសុវត្ថិភាពទំនើប និងមុខងារធ្វើឲ្យការប្រើប្រាស់កាន់តែច្បាស់លាស់ដូចទៅនឹងB61-12ផងដែរ។
គួរឲ្យដឹងដែរថា អំបូរនុយក្លេអ៊ែរ B61 Nuclear Grvaity Bomb គឺជាគ្រាប់បែកប្រើប្រាស់តាមរយៈការទំលាក់ពីលើគោលដៅតែម្តង ហើយបច្ចុប្បន្នម៉ូដេលចំនួន៥ប៉ុណ្ណោះដែលនៅសេសសល់ក្នុងការប្រើប្រាស់បានដែលមានដូចជា B61-3,B61-4,B61-7, B61-11និង B61-12ខណៈដែល B61-13 នឹងត្រូវផលិតឡើងដើម្បីជំនួស B61-7៕