គម្រោងសាងសង់អាកាសយានដ្ឋានខ្នាតតំបន់នៅខេត្តមណ្ឌលគិរីដែលត្រូវបានទទួលការឯកភាពពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាចុះហត្ថលេខាលើសេចក្តីសម្រេចកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនោះ ត្រូវបានក្រុមហ៊ុនវិនិយោគស្នើសុំពន្យារពេលដោយរង់ចាំស្ថានភាពនៃវិបត្តិជំងឺកូវីដមានភាពថមថយបន្តិច។
ស្ថិតនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពជឿនលឿន និងអាចជួយទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចបានយ៉ាងល្អនោះ វិស័យអាកាសចរណ៍គឺជាវិស័យមួយក្នុងចំណោមវិស័យដទៃទៀតដែលទទួលបានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនកិច្ចអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាក់ស្ដែងនៅក្នុងអំឡុងពេល៤-៥ឆ្នាំចុងក្រោយនេះ សន្ទុះនៃគម្រោងអភិវឌ្ឍកើតមានជាបន្តបន្ទាប់ក្រោមការចូលរួមពីសំណាក់វិស័យឯកជន។

ដោយឡែកសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានថ្មីខេត្តមណ្ឌលគីរី ដែលទទួលបានឯកភាពពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានក្រុមហ៊ុនវិនិយោគដាក់សំណើសុំធ្វើការពន្យារពេលសាងសង់ ដោយរង់ចាំរហូតដល់ភាពប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩មានភាពថមថយជាងនេះបន្តិច។
បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា បានលើកឡើងថា កិច្ចពិភាក្សាពីគម្រោងសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌលគីរីអាចនឹងត្រូវធ្វើឡើងសាជាថ្មី ដោយបច្ចុប្បន្ននេះក្រុមហ៊ុនបានស្នើពន្យារពេលរហូតដល់ចុងឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩ កំពុងរីករាលដាលខ្លាំងនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា ៖
«ប្រហែលជាមានការយឺតយ៉ាវតិចតួចក្នុងការចាប់ផ្ដើម ដោយពីមុនយើងរំពឹងថាពាក់កណ្ដាលឆ្នាំ២០២១ ប៉ុន្តែប្រហែលជាចុងឆ្នាំ ២០២១ ទើបយើងអាចចាប់ផ្ដើមដំណើរការរៀបចំឯកសារផ្សេងៗ និងការចរចារផ្សេងៗបាន»

លោកបន្តលើកឡើងពីមូលហេតុនៃការពន្យារពេលនេះថា កាលពីមុនផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដំណើរការលើគម្រោងសាងសង់ព្រលានយន្ដហោះនានានៅកម្ពុជា គឺមិនមានទទួលរងនូវផលប៉ះពាល់អ្វីទេ ពោលគឺមានដំណើរការទៅយ៉ាងរលូន ប៉ុន្តែបន្ទាប់ពីផ្ទុះព្រឹត្តិការសហគមន៍នេះ ពិតជាមានផលប៉ះពាល់ដល់ដំណើរការនានាក្នុងកម្រិតមួយ។ នោះគឺដោយសារតែការដាក់ចេញនូវវិធានការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលដែលធ្វើឲ្យការធ្វើដំណើរមានការយឺតយ៉ាវ រីឯនៅតាមការដ្ឋានអាកាសចរណ៍មួយចំនួន បុគ្គលិកមានការឆ្លងនូវជំងឺកូវីដ១៩ ដែលទាមទារឲ្យបិទកន្លែងធ្វើការមួយរយៈ។
លោកបន្តគូសបញ្ជាក់ទៀតថា ការដ្ឋានអាចគ្រប់គ្រងការឆ្លងបាន ប៉ុន្តែការផ្អាកមួយរយៈនោះបានទាញពេលវេលាដែលបានរំពឹងថានឹងលឿននោះឲ្យទៅជាយឺតទៅវិញ។
គួរបញ្ជាក់ថា គ្រប់គម្រោងសាងសង់ និងធ្វើឲ្យប្រសើរឡើងនូវអាកាសយានដ្ឋានទាំងអស់រាប់ទាំងខ្នាតអន្តរជាតិ និងក្នុងតំបន់ត្រូវបានបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចសំខាន់ៗ ក្នុងគោលបំណងសម្រួលការធ្វើដំណើរ ការដឹកជញ្ជូន ព្រមទាំងជាការទាក់ទាញដល់បណ្ដាអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ ដោយឡែក អាកាសយានដ្ឋាននៅខេត្តមណ្ឌលគិរីនឹងត្រូវសាងសង់លើផ្ទៃដីទំហំ ៣០០ ហិកតា ជាមួយទុនវិនិយោគប្រមាណ ៨០ លានដុល្លារ ស្ថិតនៅចម្ងាយជាង ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ ជាមួយគ្នានេះ ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសក្នុងការអភិវឌ្ឍគម្រោងសាងសង់ គឺក្រុមហ៊ុន PIG ដែលក្រុមហ៊ុននឹងតម្រូវទទួលរ៉ាប់រងលើចំណាយនៃការសិក្សាពីលទ្ធភាពគម្រោងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content