ត្រឹមមុខរបរលក់ម្ជូរតាមរទេះរុញចល័ត ក៏អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យ

ភ្នំពេញ ៖ រុញរទេះលក់ម្ជូរតាមដងផ្លូវ ពីម្ដុំផ្សារសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដល់ម្ដុំមន្ទីរពេទ្យរុស្ស៊ី បុរសជាអ្នកលក់ម្ជូរម្នាក់បានចាប់យកមុខរបរនេះអស់រយៈពេលជាង១០ឆ្នាំមកហើយដើម្បីដោះស្រាយជីវភាពគ្រួសារ ដែលយ៉ាងហោចណាស់អាចទទួលបានប្រាក់ចំណេញប្រមាណ៨ម៉ឺនរៀលក្នុងមួយថ្ងៃ។

ជាមុខរបរចល័តតាមរទេះ ដោយអ្នកលក់ត្រូវរុញរទេះពីមួយកន្លែងទៅមួយកន្លែងទៀត ប្រឈមនឹងហាលថ្ងៃ ហាលខ្យល់ និងទាមទារឱ្យមានការអត់ធ្មត់ខ្ពស់ក្នុងការលក់ដូរទើបអាចទទួលបានប្រាក់ចំណេញដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យ។

លោក សុខ កក្កដា អាយុជាង៣០សិបឆ្នាំ ដែលជាអ្នកលក់ម្ជូរស្ថិតនៅទីតាំងដូចបានលើកឡើងខាងលើនេះបានរៀបរាប់ប្រាប់ឲ្យដឹងថា លោកមានស្រុកកំណើតនៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង ប៉ុន្តែបានមករស់នៅក្រុងភ្នំពេញ និងចាប់យកមុខរបរជាអ្នកលក់ម្ជូរដោយរទេះរុញនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ។

លោកបានបន្តថា ៖

“ដំបូងខ្ញុំមិនចង់លក់ប៉ុន្មានទេ តែដោយសារបងប្រុសរបស់ខ្ញុំគាត់ឱ្យមកសាករកស៊ីជាមួយគាត់សិន ថាតើអាចធ្វើទៅបាន ឬអត់។ កាលពីដំបូងៗ ខ្ញុំដើរលក់បានតែពីរថ្ងៃ ខ្ញុំក៏ផ្អាក ដោយសារហត់ផង ខ្មាស់គេផង ព្រោះមិនធ្លាប់ប្រកបរបរបែបនេះពីមុនមក។ ប៉ុន្តែដោយសារគិតថា គេស៊ូបាន ហេតុអ្វីយើងស៊ូមិនបាន កម្លាំងមានដូចគ្នាសោះ ទើបខ្ញុំចាប់ផ្ដើមលក់ម្ដងទៀត ហើយក៏អាចតស៊ូបានរហូតដល់សព្វថ្ងៃនេះ”

លោកបញ្ជាក់ដែរថា ជារៀងរាល់ថ្ងៃ មុខរបរមួយនេះត្រូវការចំណាយដើមទុនប្រមាណ ១០-១៥ម៉ឺនរៀល ដើម្បីទិញវត្ថុធាតុដើម ដែលជាគ្រឿងម្ជូរ និងអំបិលជាដើម។ ក្រោយផាត់ថ្លៃដើមរួចរាល់ លោក កក្កដា អាចចំណេញបានប្រមាណ ៤-៨ ម៉ឺនរៀល អាស្រ័យលើការលក់ដាច់ខ្លាំង ឬអត់។

ចំពោះផ្លែឈើសរុបដែលលោកបានទិញយកមកចិតលក់ប្រចាំថ្ងៃរួមមានប្រមាណជិត១០មុខ ដូចជា ផ្លែស្វាយខ្ចី ត្របែក ត្រឡឹងតឹង ខ្វិត ម្នាស់ ប៉ិគក់ ក្ដឹបអំពិល ល្ហុងទុំ ពុទ្រា ឪឡឹកជាដើម។ គាត់ក៏ត្រូវចេះពីរបៀបលាយអំបិលសម្រាប់ជ្រលក់ម្ជូរប្រមាណ ៤មុខផ្សេងៗគ្នាផងដែរ ខណៈដែលផ្លែល្ហុងទុំជាផ្លែឈើដែលស្រួលលក់ជាងគេ ដោយសារគេនិយមទទួលទានច្រើន ជាពិសេសនារីៗដែលតែងតែទិញស្ទើររាល់ថ្ងៃ។

ជាមួយនឹងការរៀបរាប់ប្រាប់ពីការប្រកបមុខរបរដ៏សាមញ្ញដោយការរុញរទេះលក់ម្ជូរចល័តនេះ លោក កក្កដា ក៏បានលើកឡើងពីផលលំបាកផងដែរ ដូចជា ត្រូវក្រោកពីដំណេកតាំងពីព្រឹកព្រលឹមដើម្បីទៅទិញម្ជូរស្រស់ៗមករៀបចំចិតសម្បក ឬចិតជាចំនិតតូចៗ ហើយប្រញាប់ចេញលក់។

លោកបញ្ជាក់ថា ៖

“ខ្ញុំងើបទៅទិញឥវ៉ាន់តាំងពីម៉ោង៣ទាបភ្លឺ ត្រូវងើបទិញរាល់ថ្ងៃ ដល់ចឹងខ្ញុំអត់មានពេលទំនេរទេ តាំងពីម៉ោង៣ទាបភ្លឺ ងើបទិញឥវ៉ាន់មករហូតដល់ម៉ោង ៧-៨ព្រឹក ហើយប្រញាប់ចេញលក់ពីព្រលឹម ខ្លាចលក់មិនទាន់គេដទៃទៀត បើយើងចេញលក់ក្រោយគេបន្តិច គឺអាចលក់អត់អស់ សល់ខូច ខាតលុយ….វាហត់នឿយ ប៉ុន្តែវាបានលុយ”

ត្បិតត្រូវនឿយហត់ អត់ងងុយ និងត្រូវដើរលក់ពិតមែន ប៉ុន្តែលោក កក្ដដា នៅតែរីករាយជាមួយនឹងមុខរបរមួយនេះ ត្បិតវាបានជួយសម្រាលបន្ទុកគ្រួសាររបស់លោកបានយ៉ាងប្រសើរ រហូតមានលទ្ធភាពទិញដីសង់លំនៅដ្ឋានស្នាក់នៅក្នុងក្រុងភ្នំពេញ ដែលដើមឡើយគ្ឬួសាររបស់លោកស្នាក់នៅក្នុងបន្ទប់ជួលតែប៉ុណ្ណោះ។

បុរសជាអ្នកលក់ម្ជូររូបនេះបញ្ជាក់ថា ៖

“មុខរបរលក់ម្ជូរនេះ បានផ្ដល់ផលប្រយោជន៍ដល់គ្រួសារខ្ញុំច្រើនដែរ ដោយពេលនេះជីវភាពរបស់គ្រួសារខ្ញុំមានភាពសមរម្យ មានទីលំនៅច្បាស់លាស់ ហើយម្យ៉ាងទៀតគឺយើងមានសេរីភាព យើងចង់លក់គឺលក់ តែបើយើងចង់សម្រាកក៏អាចសម្រាកបាន មិនមានអ្នកណាថាអ្វីឡើយ។ វាមិនបានធ្វើឲ្យគ្រួសារខ្ញុំក្លាយជាអ្នកមានស្តុកស្តម្ភ ប៉ុន្តែគ្រួសារខ្ញុំរីករាយ និងកក់ក្ដៅជាមួយនឹងមុខរបរដ៏តូចមួយនេះ”

គួរបញ្ជាក់ដែរថា លោក សុខ កក្កដា បានចាប់ផ្ដើមរបរលក់ម្ជូរនេះក្នុងដើមទុនដំបូងប្រមាណ ២៥០ ដុល្លារ សម្រាប់ចំណាយទៅលើកាត់ទូរកញ្ចក់ និងទិញរទេះរុញអស់ប្រមាណ ២០០ដុល្លារ។ ដោយឡែកប្រមាណ ៥០ដុល្លារទៀត សម្រាប់ទិញគ្រឿងម្ជូរក៏ និងគ្រឿងផ្សំផ្សេងៗដូចជាអំបិល ស្កក ម្ទេស កាប៉ិ និងប្រហុកជាដើម ។

ជាចុងក្រោយ លោក សុខ កក្កដា បានលើកទឹកចិត្តដល់អាជីវករខ្នាតតូច ឬអ្នកប្រកបមុខរបរក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ គប្បីមានភាពអំណត់ តស៊ូ និងខិតខំក្នុងការរកស៊ី ទើបអាចមានជីវភាពល្អសមរម្យ។ ប្រេងសំណាង លុយកាក់ មាសប្រាក់ មិនមានធ្លាក់ពីលើមេឃនោះទេ ប៉ុន្តែវាអាចកើតមានដោយសារដៃទាំង២ដែលជាអ្នកបង្កើតវាឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក