ភ្នំពេញ ៖ សួនបន្លែគ្រួសារ ជាការដាំដំណាំបន្លែចម្រុះច្រើនប្រភេទនៅជុំវិញលំនៅដ្ឋាន ដែលប្រើប្រាស់បច្ចេកទេសតាមគោលការណ៍ធម្មជាតិ ដើម្បីបំពេញតម្រូវការគ្រួសារប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយដល់សេដ្ឋកិច្ចគ្រួសារផង និងប្រភពផ្ដល់នូវបន្លែស្រស់ៗដល់សមាជិកគ្រួសារផងដែរ។ យ៉ាងណាក៏ដោយ មុនពេលឈានដល់ការបង្កើតសួនបន្លែគ្រួសារ ទាំងអ្នកមានបំណងដាំ ក៏ដូចជាប្រជាកសិករគប្បីស្វែងយល់ពីបច្ចេកទេសដាំដុះមួយចំនួនផងដែរ ដើម្បីទទួលបានទិន្នផលល្អ។

ជាជំហានដំបូងមុននឹងដាំដំណាំ កសិករត្រូវដឹងពីប្រភេទដំណាំ ដែលត្រូវតាមរដូវកាលនីមួយៗដូចជា រដូវវស្សាចាប់ពីខែឧសភាពដល់ខែតុលា ដែលតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញដំណាំរដូវវស្សារួមមាន ដំណាំត្រកួន ខ្ទឹមស្លឹក គុយឆាយ កញ្ឆែត ម្រះព្រៅ ជីនាងវង ម្អម ត្រាវ ក្ដាត ននោង សណ្ដែកកួរ ឃ្លោក ស្អំ ដែលជាសុទ្ធសឹងជាប្រភេទដំណាំត្រូវការពន្លឺថ្ងៃច្រើនពី ១០-១៣ម៉ោង ហើយធន់នឹងទឹកភ្លៀង។

ចំណែករដូវប្រាំងវិញ រាប់ចាប់ពីខែវិច្ចិកា ដល់មេសា ដែលមានអាកាសធាតុក្ដៅ និងត្រជាក់មានឥទ្ធិពលខ្លាំងទៅលើការដុះលូតលាស់របស់រុក្ខជាតិ ដែលដំណាំដែលសមស្របនឹងលក្ខណៈអាកាសធាតុនេះមានដូចជា ខាត់ណាផ្កា ប្រូកូលី ទំពាំងបារាំង ខាត់ណាក្ដោប ខាត់ណាដើម ស្ពៃបូកគោ ស្ពៃក្រញាញ់ ប៉េងប៉ោះ ម្ទេស សណ្ដែកហោឡាំងតាវ សាលាដ ខ្ទឹមបារាំង ខ្ទឹមស ខ្ទឹមក្រហម ឆៃថាវ ការ៉ុត ស្ពៃចង្កឹះ ស្ពៃស ស្ពៃជើងទា ជាដើម។
ជុំវិញការដាំដុះនេះ អ្នកដាំក៏ត្រូវដឹងពីកត្តាសំខាន់ៗដែលអាចឱ្យបន្លែលូតលាស់លឿន ការការពារពីការបំផ្លាញរបស់សត្វចង្រៃ និងលក្ខខណ្ឌដីតាមតំបន់ផងដែរ ដែលនៅក្នុងប្រទេសកម្ពុជាយើងបែងចែកជាតំបន់ខ្ពង់រាប តំបន់វារាប និងតំបន់វាលទំនាប ដែលត្រូវជ្រើសរើសប្រភេទដំណាំឱ្យបានសមស្របពិសេសយកចិត្តទុកដាក់ទៅលើការស្រោចស្រពឱ្យបានគ្រប់គ្រាន់។
ចំពោះប្រភេទទឹកសម្រាប់ស្រោចដំណាំនេះដែរ កសិករអាចប្រើទឹកមកពីច្រើនប្រភពដូចជាប្រភពទឹកធម្មជាតិដូចជាទន្លេ បឹង អូរ ស្ទឹង ជាដើមដែលជាប្រភេទទឹកដ៏ល្អ មានអុកស៊ីសែនគ្រប់គ្រាន់ អាចស្រោចបានភ្លាមៗតែម្ដង។ ក្រៅពីនេះ គេក៏អាចប្រើប្រភពទឹកក្រោមដី ដូជាអណ្ដូង ដែលជាទឹកមានជាតិដែក ស័ង្កសី ជាតិកំបោរ ធ្វើឱ្យទឹកខ្វះអុកស៊ីសែន ហេតុនេះគេត្រូវបូមទុក ២-៣ថ្ងៃសិនទើបអាចស្រោចដំណាំបាន។
ពាក់ព័ន្ធនឹងការដាំនេះដែរ កសិករអាចរៀបចំដាំដំណាំបានពេញមួយឆ្នាំ ដែលគេអាចដាំជាប្រភេទដំណាំខុសរដូវ ដាំដំណាំចម្រុះ និងដំណាំឆ្លាស់ ផុតពីមួយរដូវ ទៅមួយរដូវ ផុតពីដំណាំមួយទៅដំណាំថ្មីមួយទៀត ដែលអ្នកដាំត្រូវយល់ដឹងឱ្យច្បាស់ពីអម្បូររបស់ដំណាំ ពោលគឺត្រូវដាំដំណាំណាក្នុងអម្បូរខុសៗគ្នា។
ចំណែកការរៀបចំសួនបន្លែ គេអាចរកដីទំនេរជិតៗផ្ទះដើម្បីងាយស្រួលថែទាំ ជាទីវាលស្រឡះល្មម និងស្ថិតក្បែរប្រភពទឹកដែលងាយស្រួលផ្គត់ផ្គង់ទឹកនៅរដូវរាំងស្ងួត។ ឯទំហំសួនបន្លែ គេអាចធ្វើចន្លោះពី ៧០-១២០ម៉ែត្រការ៉េ ហើយត្រូវដាំបង្គោលធ្វើរបងសួន និងរកបន្ទះឫស្សី ឬកូនឈើមូលវែងៗមកវាយធ្វើជារបារ ដើម្បីកុំឱ្យសត្វចូលស៊ីដំណាំ។
បន្ថែមលើនេះ ការដាំដំណាំឱ្យបានល្អ កសិករក៏ត្រូវចេះបង្កើនជីជាតិដី តាមរយៈការប្រើប្រាស់ជីកំប៉ុស្តិ៍គោក ជីកំប៉ុស្តិ៍រាវ លាមកគោ និងក្របី លាមកមាន់ លាមកជ្រូក និងស្រកីដូង។
ទន្ទឹមគ្នានេះដែរ ដំណាំដែលបានរៀបរាប់ខាងលើក៏អាចជួបនឹងជំងឺ និងសត្វចង្រៃផ្សេងៗដូចជា ក្រុមជំងឺផ្សិតរួមមានជំងឺរលួយគល់កូនដំណាំ ជំងឺផ្សិតគល់ ជំងឺផ្សិតលើស្លឹកនិងផ្លែ ក្រុមជំងឺវីរ៉ុស ក្រុមជំងឺបង្កដោយបាក់តេរី និងសត្វល្អិតចង្រៃដូចជា ដង្កូវយោលទោង សត្វទាគូ ដង្កូវស៊ីញ៉េ ដង្កូវស៊ីរូងកួរសណ្ដែក រុយទិចផ្លែ ឬស្រាំងអុចជាដើម៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content