ដីត្រឹមតែ ១ហិកតា ក៏អាចដាំដំណាំខ្ទឹមបារាំងបានផលចាប់ពី ៣០-៧០ តោន

ខ្ទឹមបារាំង ជាពពួកដំណាំខ្ទឹមម្យ៉ាងដែលមានរសជាតិហឺរ និងក្លិនប្រហើរខុសពីបន្លែដទៃ ហើយត្រូវបានគេនិយមទទួលទានដែលភាគច្រើនជាបន្លែនាំចូលពីក្រៅប្រទេសដោយសារតែខ្ទឹមបារាំងជាប្រភេទដំណាំដែលពិបាកដាំជាងខ្ទឹមដទៃទៀត។ ហេតុនេះ ដើម្បីជាជំនួយផ្នែកបច្ចេកទេស​សំខាន់ៗសម្រាប់កសិករដើម្បីអាចមានលទ្ធភាពដាំខ្ទឹមបារាំងឱ្យបានជោគជ័យ និងអាចទទួលបានទិន្នផលខ្ពស់ចាប់ពី ៣០ទៅ ៧០តោនក្នុងមួយហិតា គប្បីស្វែងយល់ដូចបានបង្ហាញជូននៅខាងក្រោម។

ខ្ទឹមបារាំង ជារុក្ខជាតិដែលដុះលូតលាស់នៅលើគ្រប់ប្រភេទដី ជាពិសេសដីមមោក និងដីល្បាប់ដែលមានជីជាតិ រួមជាមួយនឹងពន្លឺថ្ងៃគ្រាប់គ្រាន់ដែលអាចដុះលូតលាស់បានល្អ។ ខ្ទឹមបារាំងមានទំហំ មានពណ៌ និងរសជាតិខុសៗគ្នា អាស្រ័យទៅតាមប្រភេទពូជ អាកាសធាតុ និងតំបន់ដាំដុះផ្សេងៗគ្នាដែលមានទាំងរដូវក្ដៅ និងរដូវរងារ។ ជាក់ស្ដែង សម្រាប់ស្ថានភាពដីនៅប្រទេសកម្ពុជា ពូជខ្ទឹមដែលស័ក្ដិសម គឺពូជ Granex Hybride ឬ Red Creol ដែលមានសម្បកមើមក្រាស់ ធន់នឹងជំងឺ ផ្ដល់ទិន្នផលខ្ពស់ មានអត្រាដាំដុះខ្ពស់ និងមានរសជាតិឆ្ងាញ់ផងដែរ។ ដោយឡែក ចំណែកដីវិញ ត្រូវជ្រើសរើសដីទួលមិនលិចទឹក មានពន្លឺថ្ងៃគ្រាប់គ្រាន់ ពិសេសដីនៅតាមមាត់ទន្លេ ដូចជា ដីល្បាយខ្សាច់ ឬដីដែលម្បូរជាតិផូស្វាត និងប៉ូតាស្យូមជាដើម។ ក្រៅពីនេះ ក៏ត្រូវជ្រើសរើសតំបន់ណាដែលនៅជិតប្រភពទឹក ដូចជា ជិតបឹងបួ ស្រះ អណ្ដូង ដើម្បីងាយស្រួលក្នុងការថែទាំ និងស្រោចទឹក។

ការដាំដុះ គួរចាប់ផ្ដើមនៅរដូវរំហើយដែលមានអាកាសធាតុត្រជាក់ល្អ ឬនៅចុងរដូវភ្លៀងដែលយើងអាចដាំបាន តែត្រូវការស្រោចទឹកដិតដល់។ ឯការរៀបចំដី ត្រូវភ្ជួរឱ្យបាន ២ ឬ ៣ដង ហើយរាស់បំបែកដីឱ្យម៉ដ្ឋល្អ ទឹកងាយជ្រាបចូល រក្សាសំណើមដីបានយូរ និងអាចឱ្យឫសខ្ទឹមបារាំងអាចស្រូបយកជីជាតិបានល្អ។

ចំពោះការបណ្ដុះកូន ត្រូវរៀបចំរង ឬថ្នាលសាបកូនដែលមានទទឹង ១ម៉ែត្រ បណ្ដោយតាមប្រវែងដីជាក់ស្ដែង ហើយលើកថ្នាល់កម្ពស់ចាប់ពី ២តឹកឡើងទៅ។ កសិករត្រូវដាក់ជីលាមកគោប្រមាណ ៣គីឡូក្រាមក្នុងដី ១ម៉ែត្រការ៉េ និងក្រាលចំបើងស្ដើងៗនៅពីលើថ្នាល។ មួយវិញទៀត គេក៏អាចបណ្ដុះគ្រាប់ខ្ទឹមបារាំងនៅក្នុងឡាំង ឬកេសឈើដែលងាយស្រួលដល់ការលើកដាក់ចុះឡើងបានដែរ។

ក្នុងការសាប ឬព្រួសគ្រាប់ខ្ទឹមបារាំង គេត្រូវយកគ្រាប់ខ្ទឹមបារាំងទៅលាយជាមួយដីខ្សាច់ម៉ដ្ឋ ឬផេះ រួចយកទៅសាបឬព្រោះឱ្យស្ដើងៗលើថ្នាល បន្ទាប់មកយកចំបើងគ្របពីលើដើម្បីរក្សាសំណើមឱ្យបានយូរ។ ស្រោចទឹក ៣ដងក្នុងថ្ងៃ និងយកផេះរោយជុំវិញថ្នាលការពារស្រមោចចូលស៊ីគ្រាប់ខ្ទឹម ដោយគ្របរហូតដល់ខ្ទឹមបារាំងដុះពន្លកទើបបើកចេញបាន។

ចំពោះរបៀបដាំ កសិករត្រូវដកកូនខ្ទឹមបារាំងដែលមានអាយុប្រមាណ ៣០-៣៥ថ្ងៃពីថ្នាលថ្មមៗ មិន​ឱ្យដាច់ឫស ឬបាក់ដើម រក្សាទុកដោយស្រោចទឹកឱ្យជោគល្មមពីពេលព្រឹកដល់ល្ងាចទើបយកកូនខ្ទឹមទៅស្ទូងបាន។ យើងត្រូវដាំនៅពេលរសៀល ឬមេឃត្រជាក់ដើម្បីកុំឱ្យខ្ទឹមស្វិត ឬស្លោក។ ក្រោយដាំហើយ ត្រូវគ្របឱ្យបាន៣ថ្ងៃដើម្បីឱ្យរក្សាសំណើមបានយូរ និងទុកចន្លោះគុម្ព ០.១ ម៉ែត្រ និងចន្លោះជួរ ០.១៥ម៉ែត្រ។

សម្រាប់ការថែទាំ ក្រោយរយៈពេលប្រមាណ ១០ថ្ងៃ ខ្ទឹមបារាំងចាប់ផ្ដើមលូតលាស់ និងដុះស្លឹកចេញ គេត្រូវបើកគម្របចេញនៅពេលព្រឹក និងគ្របវិញនៅពេលថ្ងៃត្រង់រយៈពេល៣ថ្ងៃសិន ទើបឈប់គ្រប។ រាប់ពីពេលដាំដល់វាមានអាយុ ២៥-៣០ថ្ងៃ គេត្រូវបាញ់ថ្នាំផ្សិត ១សប្ដាហ៍ម្ដង ដើម្បីការពារកូនខ្ទឹមបារាំងកុំឱ្យរលួយ ហើយក្រោយ ៦សប្ដាហ៍ ក្រោយអាចដករំលួសកូនចេញបានខ្លះ ដោយទុកចន្លោះប្រមាណ ១៥សង់ទីម៉ែត្រ  ហើយត្រូវស្រោចជីអ៊ុយរ៉េដើម្បីបំប៉នបន្ថែមនៅអាយុ ២ខែកន្លះក្រោយពេលដាំផងដែរ។ ក្រៅពីនេះ ខ្ទឹមបារាំងត្រូវការការស្រោចទឹក ជ្រោយដី ដកស្មៅ ពោលគឺការថែទាំដូចដំណាំដទៃទៀតដែរ។

យ៉ាងណាមិញ ការដាំខ្ទឹមបារាំងក៏អាចប្រឈមនឹងជំងឺផ្សេងៗ ក៏ដូចជាពពួកសត្វល្អិត ដូចជា ដង្កូវស៊ីរូងស្លឹក ទ្រីប ដង្កូវស៊ីញ៉េ ក្រៅពីនេះក៏មានជំងឺដែលបង្កពីរីរុស និងបាក់តេរីដូចជា ជំងឺផ្សិតលើមើមជាដើម ដែលគេអាចការពារបានតាមរយៈការហាលដីឱ្យស្ងួតមុនពេលដាំ គាស់មើមដែលមានជំងឺចោល បាញ់ថ្នាំ និងការដាំដំណាំឆ្លាស់ផងដែរ។

ចុងក្រោយគឺការប្រមូលផល ដែលអាចប្រមូលផលខ្ទឹមបារាំងបានល្អនៅពេលស្លឹករបស់វាចាប់ផ្ដើមងាប់បាក់នៅត្រង់កន្លែងក្បែរគល់ សំបកមើមឡើងពណ៌ក្រហម ឫស និងមើមលេចចេញពីដី ដែលពូជខ្លះមានរយៈពេលលូតលាស់ពី ១២០-១៧០ថ្ងៃ ហើយពូជខ្លះអាចផ្ដល់ទិន្នផលបានជាមធ្យមពី ៣០-៧០ តោនក្នុង១ហិកតា។

លុះក្រោយពេលប្រមូលផល មិនត្រូវយកមើមទៅលាងទឹកទេ ត្រូវទុកជាប់ដីតិចៗ ហើយកាត់ឫសចេញខ្លះ ចៀសវាងកាត់ដល់គល់ឫសដែលធ្វើឱ្យវាឆាប់រលួយ ហើយការរក្សាទុកខ្ទឹមបារាំងឱ្យបានយូរគឺត្រូវទុកទាំងស្លឹក រួចចងជាដុំព្យួរឱ្យផុតពីដី និងដាក់នៅកន្លែងដែលមានអាកាសធាតុត្រជាក់ មានខ្យល់ចេញចូលល្អ។ គួរបញ្ជាក់ដែរថា សារៈសំខាន់នៃខ្ទឹមបារាំង ក្រៅពីអាចយកទៅចម្អិនម្ហូបបានច្រើនមុខហើយ គឺសម្បូរទៅដោយវីតាមីន និងជាតិកាល់ស្យូមដែលជួយឱ្យសារពាង្គកាយមាំមួន ខ្លាំងក្លា ជួយឱ្យសុខភាពមាត់ធ្មេញល្អ ព្យាបាលជំងឺបេះដូង ជំងឺក្អក ជំងឺក្រពះ ជួយឱ្យស្បែកភ្លឺថ្លា និងជាឱសថសម្រាប់ជួយបន្សាបជាតិពិសរបស់សត្វល្អិតដ៏មានប្រសិទ្ធភាពផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​