សៀមរាប ៖ កំណើនភ្ញៀវទេសចរបរទេសចូលមកប្រទេសកម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៣នេះ ចាប់ផ្ដើមមានការកើនឡើងវិញជាបន្តបន្ទាប់ ជាក់ស្ដែងក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៣កន្លងទៅនេះ គ្រឹះស្ថានអង្គររកចំណូលពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរបានជាង១១លានដុល្លារអាមេរិកពីភ្ញៀវទេសចំនួន ២៣ម៉ឺន ៦ពាន់នាក់ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលជាអ្នកគ្រប់គ្រងចំណូលពីការលក់សំបុត្រ ។

សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ក្នុងរយៈពេល៣ខែនេះ ភ្ញៀវបរទេសទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ២៣៦ ៣៤១នាក់ កើនឡើងប្រមាណ ១០៩១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលរកចំណូលបាន ១១ ១៣៥ ៤៩២ដុល្លារអាមេរិក កើនឡើងប្រមាណ១២៦៤ភាគរយ ។ ដោយឡែកក្នុងខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ ៧ម៉ឺន ៩ពាន់នាក់ កើនឡើងដល់ទៅ ៨៧០ភាគរយធៀបនឹងខែមីនា ឆ្នាំមុន ហើយក៏រកបានចំណូលចំនួន ៣ ៧៤៤ ៧០០ដុល្លារអាមេរិក កើនឡើង១០១០ភាគរយធៀបនឹងខែមីនា ឆ្នាំមុន ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានមានប្រសាសន៍ថា នៅក្នុងវិបត្តិកូវីដ១៩ វិស័យទេសចរណ៍ នៅខេត្តសៀមរាបបានធ្លាក់ចុះខ្លាំង ហើយសណ្ឋាគារ ផ្ទះសំណាក់ជាច្រើនបានបិទទ្វារ និងផ្អាកដំណើរការ ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន ប្រមាណ៤០ទៅ ៥០ភាគរយបានធ្វើសកម្មភាពដំណើរការឡើងវិញ ដោយរំពឹងថានឹងបន្តមានកំណើនឡើងវិញនៅពេលឆាប់ៗនេះ ។

លោកបន្តថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ក៏មានភ្ញៀវទេសចរកក់សណ្ឋាគារ ផ្ទះសំណាក់ ស្ទើរតែពេញទៅហើយនៃចំនួនបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ដែលមាននៅក្នុងសៀមរាប ដូច្នេះវាជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ ។ ជាមួយគ្នានេះ កម្ពុជាក៏រំពឹងពីកំណើនភ្ញៀវទេសចរបរទេស ជាពិសេសមកពីប្រទេសចិនចូលមកទស្សនាតាមរមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជាឡើងវិញផងដែរក្នុងឆ្នាំ២០២៣នេះ ដោយសារតែការបើកប្រទេសឡើងវិញរបស់ចិនកាលពីដើមឆ្នាំ ២០២៣កន្លងទៅនេះ ដែលអាចឱ្យទេសចរនិងវិនិយោគិនចិនចេញក្រៅប្រទេសដើម្បីធ្វើដំណើរទេសចរណ៍ និងស្វែងរកការវិនិយោគ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content