ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥ភាគរយក្នុងឆ្នាំ២០២៤ ជាមួយការរំពឹងទុកនូវអនុវិស័យកាត់ដេរ នឹងមាននិន្នាការងើបឡើងវិញដោយសារតម្រូវការសកលកើនឡើង ជាពិសេសបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម ខណៈអនុវិស័យកម្មន្តសាលមិនមែនកា ត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

ជាមួយគ្នានេះ ការដាក់ចេញនូវ «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជាឆ្នាំ២០២២-២០២៧» ក៏ត្រូវបានរំពឹងថានឹងជួយជំរុ ញបរិយាកាសវិនិយោគ និងការប្រកួតប្រជែងបន្ថែមក្នុងអនុវិស័យនេះផងដែរក្នុងឆ្នាំ២០២៤។ យ៉ាងណាមិញ ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ។
ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ថវិកាជាតិបញ្ជាក់ថា អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ នៅបន្តរក្សាបានភាពល្អដែលមួយផ្នែកនឹងបន្តជំរុញដោយការរក្សាបានតុល្យភាពនៃផលិតកម្មដែលបម្រើឱ្យតម្រូវការក្នុងស្រុក និងមួយផ្នែកទៀត គាំទ្រដោយការរំពឹងទុកកំណើនល្អប្រសើរនៃផលិតកម្មបម្រើឱ្យការនាំចេញ។ និន្នាការល្អនៃតម្រូវការខាងក្រៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងបន្តជំរុញកំណើននៃអនុវិស័យនេះលើផ្នែកផលិតកម្មបម្រើការនាំចេញ ជាពិសេសទៅលើផលិតផលសំខាន់ៗ មួយចំនួនរួមមាន បន្ទះសូឡា, សំបកកង់, និងស្បែកសត្វមានរោមជាដើម។

ខ្លឹមសារសង្ខេបបន្ថែមថា ការដាក់ចេញនូវ «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា» នឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន រួមទាំងការដាក់ចេញនូវវិធានការដ៏មុតស្រួចនានារបស់រាជរដ្ឋាភិបាលក្នុងការជំរុញស្ថានភាពសេដ្ឋកិច្ចកម្ពុជាឱ្យចាប់ផ្ដើមងើបឡើងវិញជាបណ្តើរៗ និងជំរុញឱ្យស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពធន់ និងរឹងមាំ តាមរយៈការកែសម្រួលបរិយាកាសវិនិយោគ និងការពង្រឹងគុណភាពជំនាញ និងកំណើនផលិតភាពនៃកម្លាំងពលកម្មផងដែរ។
លោកឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានឱ្យដឹងថា វិស័យកាត់ដេរនៅកម្ពុជាមានរោងចក្រសរុបជាង ១ម៉ឺនរោងចក្រ ក្នុងនោះផលិតសម្លៀកបំពាក់មានចំនួន ៨០២ ផលិតស្បែកជើងមានចំនួន១៤០ និងផលិតកាបូបមានចំនួន ១៣៤រោងចក្រ ។ លោកឧកញ៉ា បានលើកឡើងថា ៖ «វិស័យកាត់ដេរនៅតែដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ក្នុងឆ្នាំ២០២២ ទឹកប្រាក់នាំចេញមានចំនួនជាង ១២,៥ ពាន់លានដុល្លារ ស្មើនឹងជិត៦០ ភាគរយនៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា ហើយបានចូលរួមចំណែកប្រមាណ ១០ ភាគរយនៃសេដ្ឋកិច្ចកម្ពុជា»។

របាយការណ៍ក្រសួងការងារបានឱ្យដឹងថា រោងចក្រ សហគ្រាសត្រូវបានពង្រាយ និងពង្រីកជាបន្តបន្ទាប់ទៅបណ្ដាខេត្តផ្សេងៗ ដែលក្នុងនោះចំនួនសរុបបានកើនឡើងពី៦៤រោងចក្រ ក្នុងឆ្នាំ១៩៩៧ ដែលមានកម្មករនិយោជិត៨ម៉ឺននាក់ ដល់ចំនួន ១៧ ៦៨៤រោងចក្រ សហគ្រាស គិតត្រឹមខែតុលា ឆ្នាំ២០២៣ ដែលមានកម្មករនិយោជិតសរុបប្រមាណ១,៥លាននាក់។
កាលពីឆ្នាំ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជារយៈពេល៥ឆ្នាំពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧ ក្នុងគោលបំណងកំណត់នូវទិសដៅអភិវឌ្ឍន៍រួម បង្កើនភាពឯករាជ្យ និងពង្រឹងភាពប៉ាន់ប្រមាណបាន និងស្ថិរភាពនៃវិស័យវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដើម្បីបន្តលើកកម្ពស់ ការអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាពនិងបរិយាបន្ន។

តាមរយៈការអនុវត្តយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍវិស័យកាត់ដេរ ផលិតស្បែកជើងនិងកាបូបនៅកម្ពុជាឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន មានភាពធន់ មានតម្លៃបន្ថែមខ្ពស់ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស មានភាពប្រកួតប្រជែងខ្ពស់ និងជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋកិច្ច នៅមុនដំណាច់ឆ្នាំ២០២៧ ដែលការអនុវត្តយុទ្ធសាស្ត្រនេះ នឹងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនៅក្នុងវិស័យនេះដែលមានចរិតជារចនាសម្ព័ន្ធ និងផ្តល់លទ្ធភាពឱ្យកម្ពុជាអាចចាប់យកកាលានុវត្តភាព ដើម្បីជំរុញការអភិវឌ្ឍនៃវិស័យនេះ ក៏ដូចជាកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

យុទ្ធសាស្ត្រនេះ ក៏នឹងចូលរួមចំណែកក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ការឆ្លើយតបទៅនឹងការរំពឹងទុក និងតម្រូវការរបស់ប្រជាជន និងការកសាងមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content