ភ្នំពេញ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៥៧៥គម្រោង និងមានដើមទុនចុះបញ្ជីប្រមាណ ៩,២ពាន់លានដុល្លារអាម៉េរិក ក្នុងនោះវិស័យឧស្សាហកម្មបានទាក់ទាញទុនវិនិយោគចុះបញ្ជីប្រមាណ ៥,៥ពាន់លានដុល្លារអាម៉េរិក ។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានចេញផ្សាយនៅដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្រៅពីវិស័យឧស្សាហកម្ម បណ្តាវិនិយោគិនជាតិ-អន្តរជាតិ ក៏បានបណ្ដាក់ទុនវិនិយោគលើវិស័យផ្សេងទៀត ដូចជា វិស័យទេសចរណ៍ ស្រូបទាញបានទុនវិនិយោគប្រមាណ ១៧៥លានដុល្លារអាម៉េរិក, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មស្រូប បានទុនវិនិយោគប្រមាណ ៤០៥លានដុល្លារអាម៉េរិក និងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗទៀតស្រូបទាញបានទុនវិនិយោគប្រមាណ ៣,១ពាន់លានដុល្លារអាម៉េរិក ។

របាយការណ៍ដដែលបានបង្ហាញផងដែរពីតំបន់ដែលទទួលបានការចាប់អារម្មណ៍វិនិយោគច្រើនជាងគេ ដោយក្នុងនោះឃើញថា កំពង់ស្ពឺ ទទួលបានរហូតដល់ ១៣០គម្រោង, ខេត្តស្វាយរៀង ទទួលបាន ១២៩គម្រោង, ភ្នំពេញ ទទួលបាន ៦៨គម្រោង, តាកែវ ទទួលបាន ៥៩គម្រោង, ខេត្តកោះកុង ចំនួន៥០គម្រោង ,កណ្ដាល ទទួលបាន៤៧គម្រោង និងខេត្តព្រះសីហនុ ទទួលបានចំនួន ៤៥គម្រោង ។
ក្នុងពេលជាមួយគ្នានេះ ប្រភពទុនវិនិយោគដែលបានចុះបញ្ជីវិនិយោគច្រើនជាងគេនៅកម្ពុជា គឺមកពីប្រទេសចិន ដែលមានរហូតដល់ ៥២,៣៨ភាគរយ ហើយបន្ទាប់មកគឺវិនិយោគិនរបស់កម្ពុជា បានរួមចំណែកវិនិយោគក្នុងស្រុកប្រមាណជាង ៣២,៨៩ភាគរយក្នុងចំណោមទុនវិនិយោគសុរបទាំង ៩,២ពាន់លានដុល្លារអាម៉េរិក ។
បើតាមអ្នកជំនាញអចលនទ្រព្យបានមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ការវិនិយោគក្នុងប្រទេសកម្ពុជា ភាគច្រើនផ្ដោតលើវិស័យឧស្សាហកម្ម រោងចក្រ និងសហគ្រាស ។ តាមរយៈការវិនិយោគលើរោងចក្រ សហគ្រាសទាំងនេះដែរ បានធ្វើឱ្យតម្រូវការនៃការប្រើប្រាស់ដីសម្រាប់សង់រោងចក្រ សាងសង់ឃ្លាំងស្តុកទំនិញ មានកំណើនខ្ពស់ ជាពិសេសនៅតំបន់ជាយក្រុងភ្នំពេញ និងបណ្ដាខេត្តសក្ដានុពល ដូចជា ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ ស្វាយរៀង និងខេត្តព្រះសីហនុ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content