ភ្នំពេញ៖ នៅក្នុងបទអន្តរាគមន៍ស្តីពីបច្ចុប្បន្នភាពនៃការវិនិយោគ និងវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា៖ ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៥ បានទាក់ទាញគម្រោងវិនិយោគចំនួន៩៦០ ក្នុងដើមទុនសរុបប្រមាណ ១២,៦ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបានជាង២០ម៉ឺនកន្លែង។

ឯកឧត្តមបានបន្ថែមថា៖
«តំបន់សេដ្ឋកិច្ចពិសេស គឺជាកម្លាំងចលករ និងជាដែកឆក់ដ៏មានប្រសិទ្ធភាពក្នុងការស្រូបយកគម្រោងវិនិយោគនានា ជាពិសេសការវិនិយោគលើឧស្សាហកម្មថ្មីៗ»។
ក្នុងកិច្ចប្រជុំពិភាក្សាការងារស្តីពីវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងទិសដៅការងារបន្តក្នុងការអភិវឌ្ឍតំបន់ជាមួយគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា៖ វត្តមានចូលរួមកិច្ចប្រជុំពិភាក្សាពីតំណាងក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស បង្ហាញឱ្យឃើញពីឆន្ទៈខ្ពស់ និងការតាំងចិត្តឥតងាករេរបស់វិស័យឯកជនក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមរបស់វិស័យឯកជនដែលបានបោះជំហានទៅមុខឥតដកថយក្នុងការបង្កើនវឌ្ឍនភាពគម្រោងវិនិយោគរបស់ខ្លួន ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគមកកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ជា កុកហុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចូលរួមធ្វើបទអន្តរាគមន៍ស្តីពីទស្សនាទាននៃគំនិតផ្តួចផ្តើមបង្កើតតំបន់ឧស្សាហកម្មប្រមូលផ្តុំ Integrated Industrial Initiative ដែលជាការចង្អុលបង្ហាញ និងតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណងប្រមូលធាតុចូល សំដៅបង្កើតនូវបរិយាកាសវិនិយោគនៅកម្ពុជាដែលកាន់តែមានភាពអំណោយផល និងទាក់ទាញ ដើម្បីក្តាប់យកនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ចូលមកវិនិយោគនៅកម្ពុជា៕







វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content