ភ្នំពេញ ៖ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត២២ពាន់កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន (១) គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្ដាល អានុភាព ៧០មេហ្កាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងគម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ (២) គម្រោងវិនិយោគ អភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅស្រុករំដួល ខេត្តស្វាយរៀង និង (៣) គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ជូនផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០០៣ ទុនវិនិយោគក្នុងស្រុកគ្របដណ្តប់ ៨២,៩០% នទុន វិនិយោគសរុប ខណ:ដែលទុនវិនិយោគប្រមាណ ១៧,១០% មានប្រភពមកពីប្រទេសចិន៕