ភ្នំពេញ ៖ ក្នុងគោលបំណងជំរុញ និងពង្រីកការធ្វើពាណិជ្ជកម្ម ជាពិសេសការនាំយកផលិតផលកម្ពុជាចេញទៅកាន់ទីផ្សារប្រទេសកាណាដោយការប្រកួតប្រជែងនោះ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ សមាគមពាណិជ្ជករវ័យក្មេងកម្ពុជា និងសមាគមពាណិជ្ជករកាណាដា បានរៀបចំពិធីបង្ហាញផលិតផលសហគមន៍ និងបន្លែផ្លែឈើខ្មែរនៅអគារខេមរានី ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ រួមជាមួយនឹងក្រុមហ៊ុនឯកជនចំនួន៦ និងសហគមន៍ចំនួន១០ផ្សេងទៀត។

តាមរយៈកម្មវិធីមួយនេះ បណ្តាពាណិជ្ជករខ្មែរមកពីប្រទេសកាណាចំនួន៦០នាក់ដែលដឹកនាំដោតលោក ជីវ សុខាល័យ ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំខេត្តកេបិច បានដើរទស្សនា និងស្វែងយល់ពីលក្ខណៈពិសេសនៃផលិតផលខ្មែរ ជាពិសេសផលិតផលសហគមន៍ រួមជាមួយនឹងកសិផលខ្មែរដែលមានសក្ដានុពល។

បន្ថែមពីនេះ ទាំងពាណិជ្ជខ្មែរមកពីប្រទេសកាណាដា ទាំងពាណិជ្ជករនៅកម្ពុជា ថែមទាំងបានផ្សារភ្ជាប់ទំនាក់ទំនងគ្នាក្នុងគោលបំណងជំរុញ និងធ្វើការនាំចេញផលិតផលខ្មែរ ក៏ដូចជាកសិផលក្នុងស្រុកដែលមានសក្ដានុពលចេញទៅកាន់ទីផ្សារប្រទេសកាណាដា ដែលមានការប្រកួតប្រជែង ជាពិសេសផលិតផលរបស់ប្រទេសជិតខាងក្នុងតំបន់ដែលកំពុងបង្ហាញវត្តមាននៅប្រទេសកាណាដា។

តាមរយៈកម្មវិធីខាងលើនេះផងដែរ បណ្តាសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាសហគមន៍មូលដ្ឋានបានស្វែងយល់បន្ថែមពីទីផ្សាររបស់ខ្លួន ជាមួយនឹងគម្រោងពង្រីកការដាំដុះ ការផលិត ការកែច្នៃ ដែលស្របតាមលក្ខណៈស្តងដារបច្ចេកទេសយ៉ាងត្រឹមត្រូវដើម្បីអាចធ្វើការនាំចេញ។
គួរជម្រាបផងដែរថា ពាក់ព័ន្ធទៅផលិតផល និងមុខទំនិញកម្ពុជាយចម្បងៗដែលបាននាំចេញទៅកាន់ទីផ្សារប្រទេសកាណាដារួមមានដូចជា ៖ សម្លៀកបំពាក់, ស្បែកជើង, គ្រាប់កាហ្វេ បន្លែផ្លែឈើ, ធញ្ញជាតិ, កប្បាស, ដែកថែប, គ្រឿងសង្ហារឹម, សម្ភារៈកីឡា, ផលិតផលគ្រឿងម្សៅ, អំបិល, ស្ពាន់ធ័រ, ម្នាងសិលា, សាប៊ូ, ក្រមួនកែច្នៃ ឬផលិតផលសម្រាប់ប៉ូលា, ប្លាស្ទិក, កៅស៊ូ, ក្រដាស។ល។ ដោយឡែកសម្រាប់ផលិតផល និងមុខទំនិញដែលកម្ពុជានាំចូលមកពីប្រទេសកាណាដារួមមានដូចជា ៖ យានយន្ត, គ្រឿងម៉ាស៊ីន, ផ្លែឈើ, ស្ករ និងស្ករគ្រាប់, កាកាវ, ភេសជ្ជៈ និងគ្រឿងស្រវឹង, ចំណីកែច្នៃសម្រាប់សត្វ, ផលិតផលឱសថ, ជី, កម្ទេចសាច់ឈើ។ល។




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content