ភ្នំពេញ៖ ក្រសួងពាក់ព័ន្ធ ព្រមទាំងម្ចាស់សហគ្រាស ក្រុមហ៊ុនផលិត និងកែច្នៃគ្រាប់ស្វាយចន្ទី រួមជាមួយនឹងអ្នកតំណាងផ្សារទំនើប ក៏ដូចជាម៉ាតនានា បាន និងកំពុងពិភាក្សា ចរចាគ្នា ក្នុងការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចនៅទូទាំងប្រទេសកម្ពុជា។
លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះបានបើកកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីដែលកែច្នៃរួចចូលទៅកាន់ផ្សារទំនើប និងម៉ាតនានា” ដើម្បីផ្តល់ឱកាសជូនសហគ្រាស និងក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីកម្ពុជា បានជួបផ្ទាល់ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាពិសេសផ្សារទំនើប និងម៉ាត ដូចជា៖ អ៊ីអន, ម៉ាក្រូ, ឡាក់គី, ជីបម៉ុង,ថៃហួត, បាយ័ន, ប៊ីកស៊ី, តេលា ,7-Eleven និង Cambodian Superstore ជាដើម។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងថា៖ គោលបំណងនៃកិច្ចពិភាក្សា ការត្រួតពិនិត្យ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងផ្សារទំនើប គឺដើម្បីឈានដល់ការទទួលយកគ្រាប់ស្វាយចន្ទីរបស់សហគ្រាស និងក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី សំដៅជំរុញការគាំទ្រ ផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរឱ្យកាន់តែទូលំទូលាយ។
បន្ទាប់ពីពិនិត្យ និងភ្លក់រសជាតិស្វាយចន្ទីរួចមក ភាគីផ្សារទំនើប និងម៉ាត បានបង្កើតទំនាក់ទំនង និងមានចំណាប់អារម្មណ៍ចំពោះសហគ្រាស និងក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីមួយចំនួន ដើម្បីបន្តទំនាក់ទំនង និងឈានដល់ការចុះកិច្ចសន្យាទទួលលក់ក្នុងផ្សារទំនើប និងម៉ាត នាពេលឆាប់ៗខាងមុខ៕