បរទេស ៖ យោងតាមប្រភពព័ត៌មានពី Financial Times បានលើកឡើងថា ការនាំចេញរបស់ប្រទេសចិនកើនឡើងក្នុងល្បឿនយ៉ាងលឿនបំផុតក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ បើទោះបីជាមានភាពតានតឹងកើនឡើងជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ។
យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់ចិនបានឱ្យដឹងថា ការនាំចេញបានកើនឡើង ៨,៦ ភាគរយនៃអត្រាប្រចាំ្នឆ្នាំ ដែលអត្រានេះគិតចាប់ពីខែមិថុនា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ ខណៈដែលចាប់ពីខែឧសភា ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៣៤ មានកំណើនត្រឹម ៧,៦ ភាគរយប៉ុណ្ណោះ ។ ផ្អែកតាមតួលេខទាំងនេះ អ្នកវិភាគបានព្យាករណ៍ថាកំណើនការនាំចេញរបស់ចិនប្រចាំឆ្នាំ២០២៤នេះ អាចនឹងកើនឡើងលើសពី ៨ ភាគរយ។ ។
អ្នកវិភាគបានលើកឡើងថា កំណើននៃការនាំចេញរបស់ចិនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាចត្រូវបានជំរុញដោយក្រុមហ៊ុនផលិតទំនិញ និងដឹកជញ្ជូន ដែលកិច្ចខិតខំប្រឹងប្រែងដើម្បីជៀសវាងការដំឡើងពន្ធពីសហរដ្ឋអាមេរិកដែលនឹងចូលជាធរមាននៅក្នុងខែសីហាខាងមុខនេះ។ មិនត្រឹមតែប៉ុណ្ណោះ ការរំខានដល់ផ្លូវដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម ក៏បានជំរុញឱ្យក្រុមហ៊ុននាំចេញរបស់ចិនមួយចំនួនដឹកជញ្ជូនទំនិញចេញលឿន ដើម្បីអាចធានាថាការដឹកជញ្ជូនទាន់ពេលសម្រាប់រដូវបុណ្យណូអែល។ អ្នកវិភាគបាននិយាយថា ការនាំចេញដ៏រឹងមាំជាប់លាប់ រួមជាមួយនឹងការធ្លាក់ចុះនៃនាំចូលរបស់ចិនបានចង្អុលបង្ហាញពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ចិនបានរៀបចំផែនការសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចសំខាន់ៗ ហើយអ្នកនយោបាយមួយចំនួនបានអំពាវនាវឱ្យមានវិធានការខ្លាំងជាងមុន ដើម្បីជំរុញតម្រូវការក្នុងស្រុក និងស្ដារទំនុកចិត្តម្ចាស់អាជីវកម្ម ព្រមទាំងវិនិយោគិនឡើងវិញផងដែរ។ សម្រាប់រយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៤នេះ ការនាំចេញបានកើនឡើង ៣,៦ ភាគរយ និងការនាំចូលកើនឡើង ២ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
អ្នកវិភាគនៅក្រុមហ៊ុន Capital Economics បានប៉ាន់ប្រមាណថា ការនាំចេញអាចកើនឡើងទាំងតម្លៃ និងបរិមាណ ហើយពន្ធគយត្រូវបានអនុវត្តតែមួយផ្នែកតូចនៃទំនិញរបស់ចិន ជាមួយនឹងមានផលប៉ះពាល់តិចតួចក្នុងរយៈពេលខ្លី ដោយសារតែអ្នកនាំចេញប្តូរទិសដៅដឹកជញ្ជូន។ ជាលទ្ធផល ការនាំចេញនឹងនៅតែជាកម្លាំងរុញច្រានដល់កំណើនសេដ្ឋកិច្ចចិន។
អ្នកជំនាញរូបនេះបានលើកឡើងដែរថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច អ្នកបង្កើតគោលនយោបាយនៅទីក្រុងប៉េកាំងត្រូវពឹងផ្អែកលើការនាំចេញ និងការផលិតកាន់តែខ្លាំងឡើង ខណៈដែលសេដ្ឋកិច្ចចិនជួបនឹងតម្រូវការក្នុងស្រុកចុះខ្សោយ និងវិបត្តិវិស័យអចលនទ្រព្យ។ យ៉ាងណាក៍ដោយ បច្ចុប្បន្ន ចិនកំពុងតែជួបភាពប្រឈាមដ៏ខ្លាំងពាក់ព័ន្ធទៅនឹងវិស័យពាណិជ្ជកម្ម ខណៈសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មរបស់ខ្លួនបានរឹតបន្តឹងពាណិជ្ជកម្មជាមួយនឹងចិនតាមរូបភាពនៃការដំឡើងពន្ធយ៉ាងខ្លាំងលើការនាំចូលរបស់ចិនដែលមានតម្លៃ ១៨ ពាន់លានដុល្លារ រួមទាំងការយកពន្ធ ១០០ ភាគរយចំពោះរថយន្តអគ្គិសនីរបស់ចិនផងដែរ ខណៈដែលសហភាពអឺរ៉ុបបានប្រកាសវិធានការដំឡើងពន្ធបន្ថែមជិត ៥០ ភាគរយលើរថយន្ត EV របស់ចិន៕