បរទេស ៖ ដោយសារបញ្ហាកង្វះខាតធនធានមនុស្សផង បញ្ហាបំពុលអាកាសផង និងបញ្ហាស្ទះចរាចរណ៍ផងនោះ ពេលនេះរដ្ឋាភិបាលជប៉ុនកំពុងស្វែងរកវិធីសាស្ត្រជាច្រើនដើម្បីដោះស្រាយផលលំបាកទាំងនេះ។ ក្នុងចំណោមដំណោះស្រាយជាច្រើន ថ្មីៗនេះរដ្ឋាភិបាលជប៉ុន បាន និងកំពុងរៀបចំក្រុមការងារដើម្បីសិក្សាទៅលើគម្រោងដ៏អស្ចារ្យមួយពុំធ្លាប់មាន នោះគឺជាផ្លូវក្រោមដីដែលមានចំងាយរហូតដល់ទៅជាង៥០០គីឡូម៉ែត្រ សម្រាប់តែបម្រើដល់ការដឹកជញ្ជូនទំនិញពីទីក្រុងមួយទៅទីក្រុងមួយទៀតប៉ុណ្ណោះ។
ផ្លុវក្រោមដីដ៏ធំ និងវែងអន្លាយនេះនឹងតភ្ជាប់ការដឹកជញ្ជូនទំនិញពីទីក្រុងតូក្យូទៅដល់ទីក្រុងអូសាកា ដែលអាចមានសមត្ថភាពដឹកជញ្ជូនទំនិញស្មើនឹងរថយន្តប្រមាណ ២៥០០០គ្រឿងជារៀងរាល់ថ្ងៃ។ ជម្រើសមួយនេះ ដោយសារតែជប៉ុនបានមើលឃើញអត្ថប្រយោជន៍ដែលនឹងទទួលបានពីគម្រោងនេះ រួមមានដូចជា ទី១ អាចកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍, ទី២ កាត់បន្ថយការបំពុលបរិស្ថានដែលបង្កឡើងដោយរថយន្តដឹកទំនិញ និងទី៣ ស្របពេលដែលជប៉ុនកំពុងខ្វះខាតធនធានមនុស្សខ្លាំងសម្រាប់បម្រើការងារ ជាពិសេសអ្នកបើកបររថយន្តដឹកទំនិញតែម្ដង។
គួរបញ្ជាក់ថា ជប៉ុន ជាប្រទេសដែលជួបបញ្ហាធ្ងន់ធ្ងរលើចំនួនប្រជាសាស្ត្រដែលពលរដ្ឋរបស់ខ្លួនបានបន្តធ្លាក់ចុះគួរឲ្យព្រួយបារម្ភក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ កាលពី៣០ឆ្នាំមុនពលរដ្ឋជប៉ុនមានចំនួនដល់ទៅ៨៧លាននាក់ ប៉ុន្តែមកទល់បច្ចុប្បន្នមានត្រឹមតែ៧៣លាននាក់ប៉ុណ្ណោះ។
ដោយឡែក ចំពោះគម្រោងផ្លូវក្រោមដីនេះមិនមែនជាផ្លូវធ្វើដំណើរធម្មតានោះទេ ប៉ុន្តែជាផ្លូវដឹកជញ្ជូនទំនិញមានលក្ខណៈជាខ្សែសង្វាក់ដែលគេប្រើប្រាស់នៅតាមឃ្លាំងស្តុកទំនិញធំៗ ឬហៅជាភាសាអង់គ្លេសថា conveyor belt និងប្រើប្រាស់បានតែចំពោះទូដាក់ទំនិញដែលនឹងអាចធ្វើដំណើរដោយស្វ័យប្រវត្តិប៉ុណ្ណោះ។
ស្ថិតនៅក្នុងដំណាក់កាលនៃការសិក្សានាពេលនេះ គម្រោងផ្លូវដឹកជញ្ជូនទំនិញក្រោមដីដែលមានប្រវែងរហូតដល់ប្រាណគីឡូម៉ែត្រ អាចនឹងចំណាយថវិកាប្រមាណ ២៣ពាន់លានដុល្លារ ហើយតាមបើអាចធ្វើទៅបាន គម្រោងផ្លូវជាប្រវត្តិសាស្ត្រសម្រាប់តែការដឹកទំនិញអាចនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០៣៤ ខាងមុខនេះ ខណៈដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការសិក្សាលម្អិតរបស់ក្រសួងដឹកជញ្ជូនរបស់ជប៉ុននៅឡើយ៕