ភ្នំពេញ៖ ក្រុមហ៊ុន Sunfair Garment Co., Ltd. មកពីប្រទេសចិន បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas ដើម្បីនាំចេញទៅកាន់បណ្តាប្រទេសអាស៊ាន សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប។ ក្រុមហ៊ុននេះ មានទុនវិនិយោគចំនួន៩០លានដុល្លារអាម៉េរិក ហើយតាមរយៈការបង្កើតរោងចក្រនេះអាចបង្កើតការងារចំនួនប្រមាណ៤.០០០ កន្លែង។នេះបើយោងតាមប្រភពរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងដំណើរការសាងសង់រោងចក្រនៅលើផ្ទៃដីទំហំប្រមាណ ៣៣ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ហើយគ្រោងនឹងបញ្ចប់ការសាងសង់រោងចក្រ និងដំណើរការផលិតកម្មនៅពេលឆាប់ៗខាងមុខនេះ។
គួរជម្រាបថា ៖នាពេលថ្មីៗនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចុះពិនិត្យដំណើរការសាសងសង់ការសាងសង់ក្រុមហ៊ុន Sunfair Garment នេះ។
គណៈកម្មាធិការវិនិយោគកម្ពុជា មានតួនាទីស្នូលក្នុងការជំរុញ និងទាក់ទាញការវិនិយោគឯកជន រួមនឹងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ បរិយាកាស និងរបបវិនិយោគកម្ពុជាមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង និងបានលើកឡើងពីរំហូរគម្រោងវិនិយោគផ្ទាល់ពីចិនលើទឹកដីកម្ពុជាដែលតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ហើយនិន្នាការនៃកំណើនត្រូវបានរំពឹងថានឹងបន្តកើនឡើង។
គួររំលឹកថា៖ នៅដើមខែមករានេះ គម្រោងវិនិយោគចំនួន១៧ ដែលមានទុនវិនិយោគសរុបប្រមាណ ១៥០ លានដុល្លារអាម៉េរិកនិងបង្កើតការងារបានចំនួនប្រមាណ ៩ពាន់កន្លែង កំពុងស្នើសុំចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគកម្ពុជា៕