ភ្នំពេញៈ សហភាពអឺរ៉ុប (EU) ក្រោមក្របខ័ណ្ឌច្រកទ្វារសកល ឬ Global Gateway គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ៨៦ លានអឺរ៉ូ ឬប្រមាណជា ៩៣ លានដុល្លារអាមេរិកដល់កម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន ៤ ដើម្បីគាំទ្រដល់ការវិនិយោគបន្ថែម បង្កើនវិសាលភាពប្រសិទ្ធភាព និងប្រសិទ្ធផលនៃកិច្ចអន្តរាគមន៍របស់ខ្លួនសម្រាប់កម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរួមស្ដីពីកិច្ចជំនួបរវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងលោក ឌ្រីសម៉ាន់ រីហ្គោ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅ។
លោក ឌ្រីសម៉ាន់ អ៊ីហ្គ័រ (Driesmans Igor) បានលើកឡើងថា នៅក្រោមយុទ្ធសាស្ត្រនេះផងដែរ ប្រទេសនៅក្នុងតំបន់អឺរ៉ុប និងប្រទេសជាសមាជិក EU ដែលជារួមហៅថា «Team Europe» បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives -TEIs) ចំនួន២ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈការលើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ ដែលក្នុងនោះមាន៖ ចីរភាពខ្សែច្រវាក់តម្លៃកសិកម្ម, ថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។
លោកបានបន្តថា នៅក្រោមក្របខ័ណ្ឌ Global Gateway, EU បានគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន ៤ រួមមាន ៖ កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព, កម្មវិធីភាពជាដៃគូសហភាព អឺរ៉ុបសម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ, កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤- ២០២៧ និងកម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងដែរថា EU តែងតែផ្ដល់ការគាំទ្រលើកិច្ចអភិវឌ្ឍតាមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល និងការងារកំណែទម្រង់សំខាន់ៗកន្លងមក ហើយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមបានថ្លែងថា ៖ រាជរដ្ឋាភិបាល អរគុណសហភាពអឺរ៉ុបសម្រាប់ការចូលរួមយ៉ាងសកម្ម និងបន្តគាំទ្រក្នុងការលើកកម្ពស់ការកសាងប្រព័ន្ធ និងវឌ្ឍនភាពនៃកិច្ចគាំពារសង្គមនៅកម្ពុជា ឆ្ពោះទៅរកភាពធន់ រួមបញ្ចូលនិរន្តរភាព និងឆ្លើយតបទៅនឹងភាពតក់ស្លុតក្នុងការដោះស្រាយបញ្ហាប្រឈម ជាពិសេសសម្រាប់តួនាទីរបស់ខ្លួនក្នុងការជំរុញភាពជាដៃគូ និងការបែងចែកធនធានឱ្យកាន់តែប្រសើរឡើងក្នុងវិស័យសង្គម រួមទាំងកិច្ចគាំពារសង្គម សុខភាព និងការអប់រំ៕





វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content