ឈូករ័ត្ន ជាប្រភេទផ្កាដែលមានសម្រស់ស្រស់ស្អាត និងមានអត្ថប្រយោជន៍ជាច្រើន ដែលមនុស្សភាគច្រើនមិនបានដឹង ហើយជាទូទៅគេឃើញមានការដាំផ្កាឈូករ័ត្នជាចំការធំៗ ដើម្បីធ្វើជាតំបន់ទេសចរណ៍តែម្ដង។
ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ពោលគឺនៅជើងភ្នំគូលេន ចំការផ្កាឈូករ័ត្នកំពុងរីកស្កុះស្គាយលើផ្ទៃដី២ហិកតា។ ផ្កាឈូករ័ត្នទាំង២ហិកតានេះ គឺស្ថិតនៅក្នុងបរិវេននៃមជ្ឍមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលេន ម្លោះហើយអ្នកទេសចរដែលធ្វើដំណើរទៅលេងរម្មណីយដ្ឋានភ្នំគូលេន នឹងអាចបានទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ។
បើតាមលោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិកាក្រសួងបរិស្ថាន ទទួលបន្ទុកលើមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សសុខអាន ភ្នំគូលេន បានឱ្យដឹងថា ផ្កាឈូករ័ត្នទាំងនេះមិនត្រឹមតែដាំដើម្បីលំអរនោះទេ ប៉ុន្តែវាមានអត្ថប្រយោជន៍ផ្សេងទៀតទៅដល់មជ្ឈមណ្ឌល និងដល់ប្រជាជនដែលរស់នៅជុំវិញតំបន់នេះ។
លោកជំទាវ ចាន់ សុម៉ាលី បានមានប្រសាសន៍រៀបរាប់ថា ៖
“សារៈសំខាន់ទី១ដែលយើងអាចដឹងស្ទើរតែគ្រប់គ្នានោះគឺភាពស្រស់ស្អាត…នៅទីនេះមានផ្កាធំៗដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យពួកគេបានរំសាយអារម្មណ៍នៅពេលធ្វើដំណើរឡើងទៅរម្មណីយដ្ឋានភ្នំគូលេន។ ភាពទាក់ទាញរបស់ផ្កាឈូករ័ត្ននៅក្នុងចំការនេះក៏ចំណេញទៅដល់រម្មណីយដ្ឋាន ដោយវាបានបន្ថែមសក្កានុពលទេសចរណ៍ និងនាំយកភ្ញៀវបន្ថែមចូលមកក្នុងតំបន់ផងដែរ”
លោកជំទាវបន្តទៀតថា ៖
“ទីពីរ ផ្កាឈូករ័ត្នបានផ្ដល់នូវលំអងផ្កាច្រើន គ្រាន់តែផ្កាមួយទងមានលម្អងជាច្រើន ដែលវាទាក់ទាញសត្វឃ្មុំ ដែលជាភ្នាក់ងារនាំលំអងផ្កា! បើសិនជាអត់ពួកសត្វល្អិតនេះទេ យើងប្រហែលជាពិបាករកផ្លែឈើញុំា…ម្យ៉ាងទៀត ប្រទេសយើងពឹងផ្អែកលើវិស័យកសិកម្មខ្លាំង ដូច្នេះបើសិនជាអត់សត្វល្អិតនេះ យើងនឹងលំបាក”
ការដាំផ្កាឈូករ័ត្នដើម្បីទាក់ទាញសត្វល្អិត មកនាំយកលំអងផ្កានេះក៏ជាផ្នែកមួយក្នុងការកសាង សុវត្ថិភាពស្បឿងអាហារផងដែរ ហើយវាផ្ដល់ផលក៏ចំណេញទៅដល់មជ្ឈមណ្ឌលផ្ទាល់ តាមរយៈការសម្រួលលើដំណើរការពិសោធន៍ផ្សេងៗទៀតផង។
លោកជំទាវបន្តថា ៖
“សារៈសំខាន់ទី៣ គឺទៅលើគ្រាប់របស់ផ្កាឈូករ័ត្នដែលវាមានវីតាមីន និងប្រូតេអ៊ីនខ្ពស់ ថែមទាំងអាច ព្យាបាលជំងឺបានទៀតផង ហើយទាក់ទិននឹងចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានក៏ធ្លាប់បានលើកទឹកចិត្តឱ្យប្រជាជនដាំផ្កាឈូករ័ត្ននៅតាមផ្ទះ ដើម្បីបានទាំងតាំងលម្អ និងបានទាំងគ្រាប់ដើម្បីបរិភោគផងដែរ”
គួរបញ្ជាក់ថា សួនផ្កាឈូករ័ត្ននេះត្រូវបានដាំជារូបរាងអក្សរគូលេន បើសិនគេមើលពីផ្ទៃអាកាសចុះមកក្រោម។ តាមរយៈអត្ថប្រយោជន៍ជាច្រើនខាងលើនេះ លោកជំទាវ ចាន់ សុម៉ាលី បានបង្ហាញពីក្ដីរំពឹងថា ប្រជាពលរដ្ឋនឹងអាចគិតគូរអំពីការដាំផ្កាប្រភេទនេះ ដោយហេតុថាវាមានសារៈប្រយោជន៍ជាច្រើនខុសប្លែកពីប្រភេទផ្កាផ្សេងទៀត៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content