វៀងចន្ទន៍៖ ធនាគារពិភពលោក World Bank បានប្រកាសបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាគោលនយោបាយគន្លឹះនៃការបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់សម្រេចបានចក្ខុវិស័យវែងឆ្ងាយ។

លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក World Bank សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានគូសរំលេចបែបនេះនៅក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យលោកស្រីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកាលពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។
លោកស្រី Manuela V. Ferro ក៏បានជម្រាបសម្ដេចធិបតីថា ធនាគារពិភពលោក គ្រោងនឹងអនុម័តក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៥-២០២៩ (CPF 2025-2029) នាពេលខាងមុខ ដែលក្របខ័ណ្ឌថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានាពេលអនាគត។

លោកស្រី បានលើកឡើងថា នៅចំពោះមុខនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់ និងពិភពលោក បណ្ដាប្រទេសនៅក្នុងតំបន់គួរតែពង្រឹងនូវឯករាជ្យភាពរបស់ខ្លួនដោយត្រូវកំណត់ឱ្យបាននូវចលករនៃកំណើនថ្មីៗ សំដៅបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងភាពធន់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីកម្មវិធីនយោបាយជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានដូចជា៖ ការអភិវឌ្ឍមូលធនមនុស្ស ការពង្រឹងគុណភាពនៃសេវាសុខាភិបាល និងការផ្ដោតយកចិត្តទុកដាក់លើការងារអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជាដើម ដែលទាំងនេះជាអាទិភាពចម្បងក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្ដេចបវរធិបតី ក៏បានបន្ថែមទៀតថា កម្ពុជា បាន និងកំពុងសិក្សាអំពីអភិក្រមនៃការពិនិត្យតាមដានថា តើមានយុវជនកម្ពុជាប៉ុន្មានភាគរយដែលគួរបន្តការសិក្សានៅកម្រិតចំណេះដឹងទូទៅ និងថ្នាក់ឧត្តមសិក្សា ហើយមានយុវជនប៉ុន្មានភាគរយដែលគួរសិក្សាជំនាញវិជ្ជាជីវៈសម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content