បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា តម្លៃអាហារបានឡើងថ្លៃដល់ ១៨ ភាគរយនៅទូទាំងពិភពលោកកាលពីឆ្នាំមុន រួមទាំងការឡើងថ្លៃ ២១ ភាគរយនៃតម្លៃគ្រាប់ធញ្ញជាតិ ដែលនេះគឺជាការប៉ាន់ប្រមាណពីអង្គការពាណិជ្ជកម្មពិភពលោក (WTO)។
កាលពីថ្ងៃពុធកន្លងទៅនេះ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានចេញផ្សាយពីការប៉ាន់ប្រមាណនេះ បានបង្ហាញថា តម្លៃជីមានការកើនឡើងកាន់តែច្រើនដល់ទៅ ៦៣% ជាប្រចាំឆ្នាំ។ WTO ក៏បានកត់សម្គាល់ថា តម្លៃស្បៀងអាហារកាន់តែឡើងថ្លៃ ដែលពិភពលោកគួរតែជំរុញផលិតកម្មកសិកម្មកាន់តែច្រើន ដើម្បីឲ្យតម្លៃម្ហូបអាហារកាន់តែទាបនាពេលអនាគត ហើយបានព្រមានថា ការឡើងថ្លៃជីបណ្តាលនាំឱ្យមានការកាត់បន្ថយទិន្នផលដំណាំ។

មិនត្រឹមតែប៉ុណ្ណោះ WTO បានលើកឡើងថា កាលពីឆ្នាំ ២០២២ កន្លងទៅនេះ តម្លៃម្ហូបអាហារមានការប្រែប្រួលយ៉ាងខ្លាំង ដែលបានកើនឡើងដល់ ១៩ ភាគរយ នៅចន្លោះខែមករា និងឧសភា ហើយបន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន តម្លៃម្ហូបអាហារក៏ធ្លាក់ចុះមកត្រឹម ១៥ ភាគរយ នៅចន្លោះខែឧសភា និងខែធ្នូ។
លើសពីនេះ អង្គការ WTO បានព្រមានថា ការផ្គត់ផ្គង់ស្បៀងជាសកលមានភាពមិនច្បាស់លាស់ គឺជាបញ្ហាដែលមនុស្សជាច្រើនបានភ័យខ្លាចជាងរឿងវិបត្តិរុស្ស៊ី និងអ៊ុយក្រែនទៅទៀត។ យោងតាមប៉ាន់ប្រមាណរបស់ខ្លួនដដែលនោះ បង្ហាញថា បរិមាណនៃការជួញដូរស្រូវសាលីពិភពលោកបានធ្លាក់ចុះប្រហែល ៧,៥ ភាគរយចាប់ តាំងពីឆ្នាំ ២០២១ មកម្ល៉េះ ដែលបន្សល់ទុកនូវបញ្ហាដូចជា អ្នកផលិតធំទទួលរងការបរាជ័យដំណាំ ឬគ្រោះមហន្តរាយធម្មជាតិ ដែលទាក់ទងនឹងអាកាសធាតុជាដើម។

កាលពីថ្ងៃពុធដដែលនោះ អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala បានអំពាវនាវឱ្យប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ឱ្យមានការប្រុងប្រយ័ត្នចំពោះសញ្ញានៃវិបត្តិស្បៀងអាហារ ដែលបង្កឱ្យមានភាពអត់ឃ្លាននៅក្នុងប្រទេសក្រីក្រ។ លោកស្រីបានរំលឹកឡើងវិញ ឲ្យមានការលុបចោលការរឹតបន្តឹងការនាំចេញលើអាហារ និងជី ដោយកត់សម្គាល់ថា គិតត្រឹមខែមេសានេះ ប្រទេសចំនួន ៦៧ គឺបានធ្វើការទប់ស្កាត់បែបនេះ ដោយសារពាណិជ្ជកម្មសកលស្ថិតនៅក្រោមសម្ពាធពីកត្តាខាងក្រៅ។ វិបត្តិទាំងនោះរួមមាន សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ភាពតានតឹងភូមិសាស្ត្រនយោបាយ អតិផរណា និងផលប៉ះពាល់នៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុធនាគារកណ្តាលអាមេរិក។
ថ្មីៗនេះផងដែរ ប្រធានសហព័ន្ធនាំចេញគ្រាប់ធញ្ញជាតិរុស្ស៊ីលោក Eduard Zernin បាននិយាយថា ក្រុមហ៊ុននាំចេញអង្ករកំពុងរងការវាយប្រហារដោយសារការដាក់ទណ្ឌកម្មដោយប្រយោល គឺប្រទេសលោកខាងលិចឈប់ផ្តល់សេវាកម្មដែលមានសារៈសំខាន់ចំពោះឧស្សាហកម្មនេះ។ ទោះបីជាគ្រឿងឧបភោគបរិភោគត្រូវបានលើកលែងពីទណ្ឌកម្ម ដែលដាក់ដោយមហាអំណាចលោកខាងលិចក៏ដោយ ប៉ុន្តែក្រុមហ៊ុនបរទេស ទាំងនោះបានបដិសេធក្នុងការធ្វើការជាមួយអ្នកផ្គត់ផ្គង់រុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំណោមស្ថាប័នធនាគារប្រទេសទាំងនោះបានបដិសេធការទូទាត់ ឬកប៉ាល់ដែលមានទង់ជាតិប្រទេសទាំងនោះបានឈប់ចូលកំពង់ផែរុស្ស៊ី បើទោះបីជាមានអាជ្ញាប័ណ្ណត្រឹមត្រូវក៏ដោយ។
គួរឲ្យបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីមានចំណែកច្រើនជាង ២០ ភាគរយនៃការនាំចេញគ្រាប់ធញ្ញជាតិរបស់ពិភពលោក ហើយការរឹតបន្តឹងនេះបានប៉ះពាល់ដល់ការផ្គត់ផ្គង់ដ៏ច្រើនសន្ធឹកសន្ធាប់ និងបង្កឱ្យវិបត្តិស្បៀងអាហារសកលរឹតតែធ្ងន់ធ្ងរតែប៉ុណ្ណោះ។ ជាក់ស្តែង ការរឹតបន្តឹងនេះធ្លាប់មានរួចម្តងទៅហើយកាលពីឆ្នាំមុន ដែលធ្វើឱ្យតម្លៃស្រូវសាលីកើនឡើងពី ៣០០ ដុល្លារទៅ ៤៥០ ដុល្លារក្នុងមួយតោន។ លោក Zemin បានបន្ថែមថា តម្លៃចាប់ផ្តើមធ្លាក់ចុះ លុះត្រាណាតែការរឹតបន្តឹងទាំងនោះត្រូវបានបន្ធូរបន្ថយប៉ុណ្ណោះ ហើយលោកក៏បានលើកឡើងពីការព្រួយបារម្ភលើកម្រិតអន្តរជាតិ ដោយបានជូនដំណឹងដល់អង្គការសហប្រជាជាតិចំពោះបញ្ហានេះផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content