ភ្នំពេញ៖ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទីផ្សារមូលបត្រ កសាងអត្ថប្រយោជន៍នៃទីផ្សារមូលបត្រ មូលដ្ឋានគ្រឹះវិនិយោគិន ការវិភាគទៅលើក្រុមហ៊ុនបោះផ្សាយ និងដំណើរការជួញដូរឱ្យកាន់តែមានភាពងាយស្រួល និងសម្បូរបែប និយ័តករមូលបត្រកម្ពុជាតែងតែរៀបចំវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រជាប់ជាប្រចាំ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងផ្សារមូលបត្រកម្ពុជា។

និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានរៀបចំវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រ ស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលមានសិក្ខាកាមចូលរួមផ្ទាល់ចំនួន ៦០ នាក់ និងអ្នកចូលរួមតាមរយៈ Webinar online ប្រមាណជាង ៥០០នាក់ ព្រមទាំងមានការផ្សាយបន្តផ្ទាល់លើគេហទំព័រហ្វេសបុកផ្លូវការរបស់ធនាគារ អេស៊ីលីដា ផងដែរ។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានមានប្រសាសន៍ថា ការៀបចំវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុវិស័យមូលបត្រស្តីពីការជំរុញការយល់ដឹងក្នុងវិស័យមូលបត្រនេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងបន្ថែមពាក់ព័ន្ធនឹងផ្សារមូលបត្រកម្ពុជា។

ឯកឧត្តម ស៊ូ សុជាតិ បានញ្ជាក់ដូច្នេះថា ៖
“ការៀបចំការផ្សព្វផ្សាយបណ្តុះបណ្តាលបែបនេះនិយ័តករមូលបត្រកម្ពុជាត្រូវធ្វើជាប្រចាំជាមួយក្រុមហ៊ុនបោះផ្សាយមូលបត្រយ៉ាងហោចម្តងក្នុងមួយឆ្នាំ”
បន្ថែមពីលើភាពរីកចម្រើននៃវិស័យមូលបត្រនៅកម្ពុជា ឯកឧត្តម ស៊ូ សុជាតិ បានលើកឡើងថា ក្នុងធនាគារអេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធ បានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីផ្សារនេះ ចាប់តាំងពីដំណាក់កាលដំបូងនៃការចាប់ផ្តើមទីផ្សារមូលបត្រ ដោយក្នុងនោះ អេស៊ីលីដាបានទទួលស្គាល់ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ ពាក់ព័ន្ធនឹងមូលបត្រ, ភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ និងពេលនេះជាភ្នាក់ងារ រក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ។
យោងតាមឯកឧត្តម ស៊ូ សុជាតិ បានឱ្យដឹងថា ការជួញដូរភាគហ៊ុនក្នុងប្រមាណមធ្យមប្រហែលជិត ៥០ ម៉ឺនភាគហ៊ុន គិតជាទឹកប្រាក់មានតម្លៃជាមធ្យមប្រហែល ១,២៨ លានដុល្លារក្នុង១ថ្ងៃ ត្រឹមត្រីមាសទី២ ឆ្នាំនេះ។ ដូច្នេះ ទីផ្សារមូលបត្រកំពុងវិវឌ្ឍន៍ ប្រកបដោយវឌ្ឍនភាពជាវិជ្ជមាន ដោយទីផ្សាររបស់កម្ពុជា មានប្រព័ន្ធទ្រទ្រង់ ឬសសរស្តម្ភគ្រប់គ្រាន់ (វិនិយោគិន, ក្រុមហ៊ុនបោះផ្សាយ, អន្តរការីទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ) និងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងពេញទំហឹង ពីភាគីពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ធនាគារ អេស៊ីលីដា បាននិងកំពុងរីកចម្រើន ប្រកបដោយនិរន្តរភាព ដោយសារធនាគារមានធនធានមនុស្សប្រកប ដោយចំណេះដឹង ជំនាញ មានទំនួលខុសត្រូវខ្ពស់ អនុវត្តការងារតាមផែនការដែលបានគ្រោងទុក ស្របតាមច្បាប់ បទប្បញ្ញត្តិគោលការណ៍និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ស្របតាមនិន្នាការបច្ចេកវិទ្យានិងតម្រូវការការងារប្រចាំថ្ងៃ។
លោកបណ្ឌិតថ្លែងបន្តថា ធនាគារយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស។ ជាក់ស្តែង ធនាគារតែងរៀបចំការបណ្តុះបណ្តាលធនធានមនុស្ស ទាំងនៅក្នុងធនាគារផ្ទាល់ និងចាត់បញ្ជូនឲ្យទៅសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំងក្នុង និងក្រៅប្រទេស ជាពិសេស វគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានា ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករ និងអាជ្ញាធរដែលជាអាណាព្យាបាល ។ល។
លោកបណ្ឌិតបានឱ្យដឹងទៀតថា តាមរយៈវគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រស្តីពីការជំរុញការយល់ដឹងក្នុវិស័យមូលបត្រនេះ គឺពិតជាមានសារៈសំខាន់ ដែលនឹងធ្វើឱ្យយើងទាំងអស់គ្នាជាសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីការវិនិយោគលើវិស័យមូលបត្រជាអាទិ៍អត្ថប្រយោជន៍នៃទីផ្សារមូលបត្រ ការកសាងមូលដ្ឋានគ្រឹះវិនិយោគិន ការវិភាគទៅលើក្រុមហ៊ុនបោះផ្សាយ សម្រាប់ជាមូលដ្ឋានចំណេះដឹងបំពេញបន្ថែមដើម្បីសម្រេចចិត្តវិនិយោគក្នុងវិស័យមូលបត្រ ជាពិសេសវិស័យមូលបត្ររបស់ធនាគារ អេស៊ីលីដា។
លោកបណ្ឌិត បានបន្ថែមទៀតថា ដូចយើងទាំងអស់គ្នាបានដឹងហើយថា ធនាគារ អេស៊ីលីដា បាន និងកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់តាមរយរបាយការណ៍ដែលបានបោះផ្សាយជាសាធារណៈថ្មីៗនេះធនាគារសម្រេចបានលទ្ធផលល្អប្រសើរនៅពាក់កណ្តាលឆ្នាំនេះដែលបង្ហាញពីការលូតលាស់ប្រកបដោយចីរភាព។ របាយការណ៍ដែលបានបោះផ្សាយជាសាធារណៈរបស់ក្រុមហ៊ុនបោះផ្សាយ គឺពិតជាមានសារៈសំខាន់ និងជាធាតុ ផ្សំមួយសម្រាប់វិនិយោគិនធ្វើការសម្រេចចិត្តវិនិយោគលើវិស័យមូលបត្រ ទៅតាមទិសដៅដែលខ្លួនចង់បាន។ ទន្ទឹមនឹងនេះ ការវិភាគទៅលើរបាយការណ៍គឺតម្រូវឲ្យមានការគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយដែលវិនិយោគិនម្នាក់ៗនឹងមានទំនុកចិត្តលើខ្លួនឯងនូវរាល់ការវិនិយោគរបស់ខ្លួន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី និងក្រិក ប្តេជ្ញាកសាងកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខតំបន់ប៉ែកខាងកើតណាតូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
ជំនួបរវាងមេដឹកនាំប្រទេសប៊ុលហ្ការី និងប្រទេសក្រិក កាលពីពេលថ្មីៗនេះបានបង្ហាញពីលទ្ធផលដ៏ល្អប្រសើរនៃទំនាក់ទំនងទ្វេភាគី ជាពិសេសអាចធានាបាននូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ភាគកើតនៃតំបន់ណាតូថែមទៀតផង
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/03/2026
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ទោះបីការផ្គត់ផ្គង់ប្រេងលើទីផ្សារសកលកំពុងរាំងស្ទះ ប៉ុន្តែកម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ
ធនាគារ ABA បន្ថែមសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/03/2026
ធនាគារ ABA បានបើកសាខាថ្មីជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាធនាគារទំនើប សុវត្ថិភាព




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content