ភ្នំពេញ ៖ ចរន្តប្រើប្រាស់ប្រាក់រៀលនៅតាមបណ្តាខេត្តត្រូវបានសង្កេតឃើញថា មានការកើនឡើងខ្ពស់ ពិសេសការចំណាយប្រចាំថ្ងៃ និងនៅតាមតំបន់ជនបទ ខណៈប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើនពីសំណាក់ប្រជាពលរដ្ឋ។
តាមរយៈលទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ២០១៧ កន្លងមក បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណាយប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទ ប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយនៅក្នុងជីវភាពរស់នៅ មិនថាប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។
សម្រាប់ខេត្តកំពង់ធំ យោងតាមទិន្នន័យអង្កេត ៨០% នៃប្រជាពលរដ្ឋបានអះអាងថាយ៉ាងហោចណាស់ ៨០% នៃការចំណាយប្រចាំថ្ងៃត្រូវបានធ្វើឡើងជាប្រាក់រៀល។ ជាមួយគ្នានេះ ចំណូល-ចំណាយប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តកំពង់ធំជាប្រាក់រៀល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ ចំណូល-ចំណាយប្រតិបត្តិការជាប្រាក់រៀលបានកើនឡើង ១៧៦% ធៀបនឹងរយៈពេលដូចគ្នាកាលពី៥ឆ្នាំមុន និងខ្ពស់ជាងប្រាក់ដុល្លារអាមេរិកដែលបានកើនត្រឹម ១២% ប៉ុណ្ណោះ។
សម្រាប់ខេត្តបាត់ដំបង យោងតាមទិន្នន័យអង្កេត ៧៩% នៃប្រជាពលរដ្ឋបានអះអាងថាយ៉ាងហោចណាស់ ៨០% នៃការចំណាយប្រចាំថ្ងៃត្រូវបានធ្វើឡើងជាប្រាក់រៀល។ ជាមួយគ្នានេះ ចំណូល-ចំណាយប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តបាត់ដំបងជាប្រាក់រៀល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២នេះ ចំណូល-ចំណាយប្រតិបត្តិការជាប្រាក់រៀលបានកើនឡើង ២៨១% ធៀបនឹងរយៈពេលដូចគ្នាកាលពី៥ឆ្នាំមុន និងខ្ពស់ជាងប្រាក់ដុល្លារអាមេរិកដែលបានកើនត្រឹម ៦១% ប៉ុណ្ណោះ។
សម្រាប់ខេត្តកំពត យោងតាមទិន្នន័យអង្កេត ៨៩% នៃប្រជាពលរដ្ឋបានអះអាងថាយ៉ាងហោចណាស់ ៨០% នៃការចំណាយប្រចាំថ្ងៃត្រូវបានធ្វើឡើងជាប្រាក់រៀល។ ជាមួយគ្នានេះ ចំណូល-ចំណាយប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅខេត្តកំពតជាប្រាក់រៀល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយនៅឆ្នាំ២០២១ ចំណូលជាប្រាក់រៀលបានកើនឡើង ៧០% ធៀបនឹងឆ្នាំ២០១៧ និងខ្ពស់ជាងប្រាក់ដុល្លារអាមេរិកដែលបានកើនត្រឹម ៥៦% រីឯការចំណាយជាប្រាក់រៀលបានកើន ៤៧% ខណៈដែលការចំណាយជាប្រាក់ដុល្លារអាមេរិកបានថយចុះ ១៧%។
បើទោះបីជាការរាលដាលជំងឺកូវីដ-១៩ មាននិន្នាការថមថយ សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចនៃប្រទេសនានាលើពិភពលោកនៅតែបន្តប្រឈមនឹងភាពមិនច្បាស់លាស់ជាច្រើន ដូចជា សង្រ្គាមរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន និងការកើនឡើងខ្លាំងនៃថ្លៃទំនិញទូទៅនៅលើពិភពលោក ជាដើម។ ក្នុងស្ថានភាពដ៏ប្រឈមទាំងនេះ ការរួមចំណែកប្រើប្រាស់ប្រាក់រៀលកាន់តែមានសារៈសំខាន់ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ដូចដែលសម្តេចតេជោបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថានយោបាយរូបិយវត្ថុចាំបាច់ត្រូវពង្រឹង ដើម្បីរក្សាស្ថិរភាពថ្លៃ តាមរយៈការលើកកម្ពស់អំណាចទិញនៃប្រាក់រៀល។
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានថ្លែងថា នៅក្នុងរយៈពេល៤២ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារនិងកសាងអធិបតេយ្យភាព សេដ្ឋកិច្ចនិងសង្គមជាតិ តាមរយៈតួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។
លោកជំទាវមានប្រសាសន៍ថា ៖
“សមិទ្ធផលគួរជាទីមោទនៈទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើប្រទេសកម្ពុជាមិនមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រជាជននិងវិនិយោគិនមានជំនឿទុកចិត្តកាន់តែរឹងមាំមកលើប្រាក់រៀលនិងអនាគតនៃសេដ្ឋកិច្ចកម្ពុជា”
លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងបន្តថា ជាការពិត ការប្រើប្រាស់ប្រាក់រៀលកាន់់តែច្រើននឹងផ្តល់លទ្ធភាពដល់ធនាគារជាតិនៃកម្ពុជាក្នុងការអនុវត្តនយោបាយរូបិយវត្ថុនិងអត្រាប្តូរប្រាក់កាន់តែមានប្រសិទ្ធភាព ជាពិសេសការកំណត់អត្រាការប្រាក់គោលនិងការផ្តល់សាច់ប្រាក់បន្ថែមដល់សេដ្ឋកិច្ច ដែលអាចមានឥទ្ធិពលទៅលើអត្រាការប្រាក់ទីផ្សារ ការវិនិយោគ ការប្រើប្រាស់ និងស្ថិរភាពថ្លៃ។
នាពេលថ្មីៗនេះ សម្តេចតេជោក៏បានមានប្រសាសន៍ផងដែរថា នយោបាយរូបិយវត្ថុចាំបាច់ត្រូវពង្រឹងបន្ថែម ដើម្បីរក្សាស្ថិរភាពថ្លៃ តាមរយៈការលើកកម្ពស់អំណាចទិញនៃប្រាក់រៀល។ ប្រាក់រៀលគឺជាលុយជាតិរបស់យើងទាំងអស់គ្នា ដូចនេះការចូលរួមប្រើប្រាស់ប្រាក់រៀល ប្រៀបដូចជាការរួមចំណែកដោយផ្ទាល់និងប្រយោលដល់កិច្ចការពារនិងពង្រឹងអធិបតេយ្យសេដ្ឋកិច្ចជាតិ អត្តសញ្ញាណជាតិ សាមគ្គីភាព និងការរីកចម្រើនសេដ្ឋកិច្ចនិងសង្គម។
លោកជំទាវបណ្ឌិត ជា សិរី បានបន្តទៀតថា នៅលើក្រដាសប្រាក់នៃប្រទេសនីមួយៗ គេតែងបង្ហាញពីវីរបុរសប្រចាំប្រទេសរបស់គេ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ដែលជាមោទនភាពជាតិ សមិទ្ធផលនិងកេរដំណែលរបស់ប្រទេស។ ដូចគ្នាដែរ នៅលើក្រដាសប្រាក់រៀល យើងបានបង្ហាញពីព្រះមហាក្សត្រ ប្រាង្គប្រាសាទ និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗរបស់យើង។ ដូចនេះ ការប្រើប្រាស់ប្រាក់រៀល ប្រៀបបានដូចជាយើងគាំទ្រ និងគោរពស្រឡាញ់វីរបុរសនិងកេរមរតករបស់ជាតិយើងដូច្នេះដែរ។
ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចបន្ថែមទៀត សំដៅអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយវិបុលភាព លោកជំទាវបានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រជាជនទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា ដូចពាក្យស្លោកមួយដែលគ្របដណ្តប់ជារួមពីអត្ថន័យនៃសារៈសំខាន់របស់ប្រាក់រៀលថា៖ “ប្រាក់រៀលតែមួយ លើកស្ទួយទីផ្សារ ផ្លែផ្កាសេដ្ឋកិច្ច”៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/12/2024
អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/12/2024
ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម