ភ្នំពេញ ៖ ការយល់ដឹងពីហិរញ្ញវត្ថុ ឬការយល់ដឹងនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ របស់ប្រជាជននៅខេត្តស្វាយរៀង ព្រះសីហនុ និងភ្នំពេញ បានធ្វើឱ្យតំបន់ទាំង ៣ នេះ ជាប់ជាតំបន់មានអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការបានប្រសើរជាងគេ។
ជាក់ស្តែង យោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ហៅកាត់ស៊ីប៊ីស៊ី ស្វាយរៀង ព្រះសីហនុ និងរាជធានីភ្នំពេញ មានអត្រាអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ (អ្នកខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ) តែពី ១ ស្ថាប័ន ខ្ពស់ជាងគេលើសពី ៨០% ដែលជាអត្រាមួយល្អ ធៀបនឹងខេត្តផ្សេងៗ។
យោងរបាយការណ៍បានឱ្យដឹងថា គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២២ ស៊ីប៊ីស៊ីមានសមាជិកសរុបចំនួន ១៨៥ ស្ថាប័ន ដោយរួមបញ្ចូលទាំងធនាគារ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និង គ្រឹះស្ថានឥណទានជនបទ។ គិតត្រឹមខែធ្នូ ឆ្នាំ២០២២ គ្រឹះស្ថានជាសមាជិកទាំងអស់បានផ្តល់ឥណទានសរុបចំនួន ១៩៥,៤៣៩,២៣៤ លានរៀល ដល់ប្រជាជនចំនួន ៤.៨ លាននាក់នៅក្នុង ២៥ រាជធានី ខេត្ត។

ក្នុងនោះរាជធានី ខេត្តចំនួន ៤ គឺរាជធានីភ្នំពេញ កណ្ដាល សៀមរាប និងបន្ទាយមានជ័យ បានផ្តល់ឥណទានជិត ៦០% នៃសមតុល្យឥណទានសរុប។ រាជធានីភ្នំពេញមានបរិមាណឥណទាន ច្រើនជាងគេចំនួន ៨១,៦៨១,៦០៦ លាន រៀល ស្មើនឹង ៤២% នៃសមតុល្យឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន៦១.៧ ម៉ឺននាក់។
បន្ទាប់ មកគឺខេត្តកណ្តាលមានបរិមាណឥណទានចំនួន ១១,៤៩៥,៨៦០ លានរៀល ស្មើនឹង ៥.៩% នៃសមតុល្យ ឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣៧.៤ ម៉ឺននាក់។ ខេត្តសៀមរាប គឺជាខេត្តបន្ទាប់ដែល មានបរិមាណឥណទានខ្ពស់លំដាប់ទី ៣ គឺប្រមាណ ១០,៤៥៤,៥៦៧ លានរៀល ស្មើនឹង ៥.៣% នៃសមតុល្យ ឥណទានទូទាំងប្រទេស និងមានអ្នកខ្ចីប្រាក់សរុបចំនួន ៣១.៦ ម៉ឺននាក់។
បន្ទាយមានជ័យ គឺជាខេត្តដែលមាន បរិមាណឥណទានខ្ពស់លំដាប់ទី ៤ គឺ មាន ១០,០៤៨,៥០៨ លានរៀល ស្មើនឹង ៥.១% នៃសមតុល្យឥណទាន សរុបទូទាំងប្រទេស ហើយមានអ្នកខ្ចីប្រាក់សរុបចំនួន ២១.៨ ម៉ឺននាក់។ រាជធានី ខេត្ត ដែលមានបរិមាណឥណទានទាបនៅឡើយក្រោម ១,០០០ លានរៀល មានដូចជា មណ្ឌលគិរី ប៉ៃលិន និងកែប។

របាយការណ៍បានបញ្ជាក់ថា ជារួម មានប្រហែល ៧៦% នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់តែពី ១ ស្ថាប័នប៉ុណ្ណោះ និងប្រហែល ១៩% នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់ពី ២ ស្ថាប័ន ហើយ ៥% នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់ពី៣ស្ថាប័ន។ ស្វាយរៀង ព្រះសីហនុ និងរាជធានីភ្នំពេញ មានអត្រាអ្នកខ្ចីប្រាក់តែពី ១ ស្ថាប័ន ខ្ពស់ជាងគេលើសពី ៨០% ដែលជាអត្រាមួយល្អ។
សម្រាប់ការប៉ាន់ស្មានអំពីទំហំទីផ្សារវិញ គិតត្រឹមចុងឆ្នាំ២០២២ អត្រានៃការប្រើប្រាស់ឥណទាន ជាមធ្យមនៅក្នុងខេត្តនីមួយៗមានប្រមាណ ៤៧% ធៀបនឹងចំនួនប្រជាជនសរុប ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ។ ខេត្តដែលមានអត្រានៃការប្រើប្រាស់ឥណទានច្រើនជាងគេគឺ រាជធានីភ្នំពេញ(៦៣%) ព្រះវិហារ (៦២%) រតនគិរី(៦១%) កំពង់ស្ពឺ (៦១%) ប៉ៃលិន (៥៨%) មណ្ឌលគិរី(៥៧%) ឧត្ដរមានជ័យ(៥៧%)។ ព្រៃវែង ត្បូងឃ្មុំ និង បាត់ដំបងជាខេត្តដែលមានអត្រានៃការប្រើប្រាស់ឥណទានទាបគេគឺក្រោម ៤០%។
បើមើលទៅលើគុណភាពឥណទានវិញ ជារួមអត្រានៃការសងត្រលប់យឺតលើសពី ៩០ មានចំនួន ២.២% ប៉ុណ្ណោះ ត្រឹមចុងឆ្នាំ២០២២។ ខេត្តដែលមានអត្រានៃការសងត្រលប់យឺតលើសពី ៩០ ថ្ងៃ ទាបជាងគ មាន តាកែវ(០.៩៦%) កែប(១.១១%) ព្រៃវែង(១.១២%) ស្វាយរៀង(១.៣២%) ស្ទឹងត្រែង(១.៣៩%) កំពង់ចាម (១.៤១%) និងកំពត(១.៤៩%)។ បើយើងមើលទៅលើខេត្ត និងរាជធានីចំនួន ៤ ដែលមានសមតុល្យឥណទាន ជិត ៦០% នៃសមតុល្យឥណទានសរុប គឺមានអត្រានៃអ្នកសងត្រលប់យឺតលើសពី ៩០ ថ្ងៃ រវាង ២% ទៅ ៥% មានដូចជា កណ្តាល(២.០០%) រាជធានីភ្នំពេញ(២.១៧%) ខេត្តបន្ទាយមានជ័យ(២.៣៤%) និងសៀមរាប (៥.៥៦%)៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content