ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ តែអ្វីដែលព្រួយបារម្ភនោះ គឺបាតុភូតនៃកំដៅសកលដែលកំពុងគ្រប់ដណ្តប់មកលើប្រទេសដទៃ ក្នុងនោះមានប្រទេសកម្ពុជាដែរ។តាមការព្យាករណ៍អាកាសធាតុក្តៅខ្លាំង ឬហៅថាស៊ូភើបាតុភូតអែលនីញ៉ូ (Super El Niño) អាចបង្កការប៉ះពាល់ដល់ដំណាំស្វាយចន្ទីដាំថ្មី ។អាចប្រឈមនឹងការខ្វះទឹក ខ្លោចក្រៀមស្វិត និងងាប់។ចំណែកស្វាយចន្ទីដែលចេញផ្លែវិញ ក៏អាចនឹងប្រឈមទៅនឹងថយចុះទិន្នផល និងគុណភាពគ្រាប់ផងដែរ។

សមាគមកំពុងព្រួយបារម្ភអំពីទំហំផលប៉ះពាល់ តែនៅពុំទាន់ដឹងពិតប្រាកដពីទំហំផលប៉ះពាល់នេះនៅឡើយដែរ តែអ្នកដាំដុះត្រូវតែត្រៀមទប់ទល់ ដើម្បីរក្សាបាននូវភាពធន់។
លោកប្រធានសមាគមបានបង្ហាញពីការសង្កេតបែបបច្ចេកទេសថា ជារឿយៗតាមរយៈអាកាសធាតុបែបនេះ វានឹងបង្កប៉ះពាល់ដោយផ្ទាល់ដល់ផលដំណាំ ហេតុនេះកសិករត្រូវតែមានការប្រុងប្រយ័ត្ន ហើយយកចិត្តទុកដាក់លើបញ្ហាទឹក ពិសេសសម្រាប់ស្វាយចន្ទីទើបតែដាំថ្មីៗ ចំណែកស្វាយចន្ទីដើមធំក៏ត្រូវតែយកចិត្តទុកដាក់មើលទៅលើបញ្ហាទឹកដូចគ្នា បើពុំនោះទេវាប្រឈមទិន្នផលថយចុះកើតឡើងយ៉ាងពិតប្រាកដ។
បើតាម លោក អួន ស៊ីឡុត ក្នុងរដូវវស្សាឆ្នាំនេះ ចំនួនអ្នកដាំស្វាយចន្ទីថ្មីមានសន្ទុះកើនឡើង ដោយសារតែទីផ្សារល្អជាងឆ្នាំកន្លងមក។ទន្ទឹមនេះក្នុងរយៈពេល៤ខែចុងក្រោយ សមាគមស្វាយចន្ទីកម្ពុជា បាននិងកំពុងរៀបចំវគ្គបណ្តុះបណ្តាលបំប៉នដល់កសិករដើម្បីសម្របខ្លួនទៅនឹងអាកាសធាតុក្តៅក្នុងខេត្តមួយចំនួន ដូចជា ខេត្តកំពង់ធំ កំពង់ឆ្នាំង ក្រចេះ សៀមរាប ព្រះវិហារ និងខេត្តរតនគិរី។
ជាមួយនឹងការឱ្យត្រៀមទុកជាមុន ជាមួយបាតុភូតឡើងកម្តៅរបស់ពិភពលោកនាឆ្នាំនេះ និងឆ្នាំក្រោយ ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅតែមានសុទិដ្ឋិនិយមចំពោះតម្លៃស្វាយចន្ទីរបស់កម្ពុជា នឹងរក្សាទីផ្សារល្អ ។លោក អួន ស៊ីឡុត បានបង្ហាញហេតុផល ថាបើបណ្តាប្រទេសអាហ្វ្រិកខាងលិចដែលជាប្រទេសដាំ និងនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតក្នុងពិភពលោក បន្តផ្អាកការលក់ទៅកាន់ប្រទេសឥណ្ឌា និងប្រទេសវៀតណាមបន្តទៀតនោះ ឈ្មួញនឹងងាកមកទិញពីកម្ពុជា ហើយសន្ទុះការលក់នឹងខ្ពស់។ហេតុនេះយើងត្រូវរក្សាទាំងទិន្នផល និងគុណភាព។
សូមរំលឹកថា ឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង ១ លានតោន ឬគិតជាទឹកប្រាក់ ១ ៧៥១លាន ដុល្លារ។ តួលេខនេះកើនឡើង ២៨,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥៕ ដោយ៖ ម៉ាដេប៉ូ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content