ភ្នំពេញ ៖ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ត្រូវបានបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងចក្ខុវិស័យវែងឆ្ងាយ ដើម្បីលើកកម្ពស់វិស័យកសិកម្ម ជាពិសេសជំរុញឱ្យជីវភាពរបស់ប្រជាកសិករកាន់តែរីកចម្រើនតាមរយៈការផ្តល់នូវបច្ចេកទេស ធនធាន និងផ្សារភ្ជាប់ជាមួយទីផ្សារក្នុងតម្លៃសមរម្យ។
នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្មវិធីនាថ្ងៃនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការចងក្រង «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលបំណងធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសម្របសម្រួលបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគ ជាពិសេស ការដឹកនាំប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងតម្លាភាពខ្ពស់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ ដែលបានខិតខំពង្រឹង ពង្រីក និងបំពេញបន្ថែមនូវចំណុចខ្វះខាតនានា ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍបន្ថែមទៀត។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះការទទួលស្គាល់ជាផ្លូវការនៃ «សហភាពសហគមន៍កសិកម្មទំនើប» ដែលទទួលបានការស្ម័គ្រចិត្តចូលរួមគាំទ្រពីសំណាក់សហគមន៍កសិកម្មទំនើបចំនួន ៣២។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ទាំងអស់ ត្រូវគិតគូរពីផលប្រយោជន៍រួម ដើម្បីទទួលបានផលចំណេញរួមគ្នា ដោយឈរលើគោលការណ៍ស្មោះត្រង់ បង្កើនទំនុកចិត្ត អភិបាលកិច្ចល្អ និងការជឿជាក់គ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content