បរទេស៖ តម្លៃប្រេងឆៅសាកលបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីមានការបង្ហើបព័ត៌មានពីកិច្ចចរចារវាងអាម៉េរិក និងអ៊ីរ៉ង់ ពីរឿងបើកច្រកសមុទ្រ Hormuz ឡើងវិញ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។
នៅថ្ងៃសុក្រ សប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០,៨២ ភាគរយ ពោលគឺនៅត្រឹម ១០៥,៧៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៦៥ ភាគរយ មកនៅត្រឹម ៩៣,០៥ ដុល្លារក្នុងមួយបារ៉ែល។ សូមជម្រាបថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ តម្លៃប្រេងឆៅទាំងពីរម៉ាក បានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតប្រហែល ៥ ភាគរយ។
បើតាមប្រភពពីមន្ត្រីអុីរ៉ង់បានបង្ហើបក្នុងលក្ខខណ្ឌលាក់បាំងអត្តសញ្ញាណឱ្យដឹងថា ក្រុមអ្នកចរចាអាម៉េរិក និងអុីរ៉ង់ នៅក្រុងញូវយ៉ក កំពុងស្វែងរកផ្លូវដោះស្រាយជាជំហានៗដើម្បីបញ្ចប់សង្គ្រាម ដែលនឹងរាប់បញ្ចូលទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញដោយក្រុងតេអេរ៉ង់ និងការបន្ធូរសម្ពាធលើសេដ្ឋកិច្ចអុីរ៉ង់ផងដែរ ដោយភាគីអុីរ៉ង់បានអនុញ្ញាតឱ្យមានការធ្វើនាវាចរណ៍ឡើងវិញនៅក្នុងច្រកសមុទ្រ Hormuz ជាការដោះដូរជាមួយនឹងអាម៉េរិកឱ្យបញ្ឈប់ការបិទខ្ទប់ផ្លូវទឹក។
ជាការកត់សម្គាល់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ប្រធានាធិបតីអុីរ៉ង់ លោក Masoud Pezeshkian បានឆ្លើយតបទៅនឹងសំណួរក្នុងបទសម្ភាសន៍មួយថា ៖ «វាសម្រេចលើអាម៉េរិកខ្លួនឯងទេដែលត្រូវជ្រើសរើសថា តើខ្លួនចង់បញ្ចប់រឿងនេះ ឬក៏យ៉ាងណា?»
យ៉ាងណាក៏ដោយ ទោះបីជាមានព័ត៌មានពីការចរចាដូចបានលើកឡើងក៏ដោយ ប៉ុន្តែអ្នកវិនិយោគនៅតែមានក្ដីព្រួយបារម្ភអំពីអត្រាអតិផរណាខ្ពស់ តម្លៃថាមពលថ្លៃ និងសេចក្តីថ្លែងការណ៍នៅតែមានភាពតានតឹងដាក់គ្នារវាងប្រទេសទាំងពីរនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។
បន្ថែមពីនេះ អារ៉ាប៊ីសាអ៊ូឌីត បានស្ទាក់ចាប់គ្រាប់មីស៊ីលបាលីស្ទិកចំនួន ៦ គ្រាប់ដែលបាញ់ដោយក្រុមឧទ្ទាមយេម៉ែន Houthi ជាសម្ព័ន្ធមិត្តរបស់អុីរ៉ង់។ ក្រុមឧទ្ទាមនេះបានវាយប្រហារលើខេត្ត Taif និងតំបន់ Yanbu នៅលើឆ្នេរសមុទ្រក្រហម។ ការវាយប្រហារដែលកំពុងបន្តកើតឡើងនេះបង្ហាញយ៉ាងច្បាស់ថា ទីតាំងប្រេងដ៏សំខាន់ៗនៅតែស្ថិតក្នុងគោលដៅវាយប្រហារ។
យោងតាមរូបភាពពីផ្កាយរណប និងទិន្នន័យដឹកជញ្ជូន បានឱ្យដឹងថា អារ៉ាប៊ីសាអ៊ូឌីត កំពុងបង្កើនបរិមាណបូមប្រេងឆៅតាមរយៈបំពង់ទីប East-West ឡើងវិញ បើទោះបីជាមិនទាន់អាចចាប់ផ្តើមផ្ទុកប្រេងនៅលើនាវាឡើងវិញក៏ដោយ៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content