ភ្នំពេញ៖ ក្នុងរយៈពេលជាង ២ ទស្សវត្សរ៍កន្លងមក ធនាគារនីហរណ-អាហរណចិន (China Eximbank) បានផ្តល់ឥណទានសម្បទានសរុបប្រមាណ ៥,៩០០ លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗចំនួន ៧១ គម្រោង។
ការបញ្ជាក់នេះធ្វើឡើងដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Huaiyu ប្រធានក្រុមប្រឹក្សាភិបាលធនាគារ China Eximbank ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍ ឯកឧត្តម Chen Huaiyu មកកាន់កម្ពុជា និងកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង China Eximbank រដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងរយៈពេលជាង ២ ទស្សវត្សរ៍កន្លងមក ទំហំឥណទានសម្បទានពី China Eximbank មានចំនួនសរុបប្រមាណ ៥,៩០០ លានដុល្លារ ដោយបានធ្វើហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសរុបចំនួន ៧១ គម្រោង។
ក្នុងចំណោមគម្រោងទាំងនេះ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ចំនួន ៣៨ គម្រោង មានប្រវែងសរុបជាង ៣,០០០ គីឡូម៉ែត្រ ស្ពានឆ្លងទន្លេសាបចំនួន ២ កន្លែង ស្ពានឆ្លងទន្លេមេគង្គចំនួន ៤ កន្លែង និងស្ពានឆ្លងទន្លេបាសាក់ចំនួន ៤ កន្លែង។ ក្រៅពីនេះ ក៏មានគម្រោងប្រព័ន្ធធារាសាស្ត្រចំនួន ១៧ គម្រោង គម្រោងវិស័យអគ្គិសនីចំនួន ១២ និងវិស័យផ្សេងៗចំនួន ៤ គម្រោង។
ឯកឧត្តម Chen Huaiyu បានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍក្នុងគ្រប់វិស័យ។
លោកបានគូសបញ្ជាក់ពីជំហររបស់ China Eximbank ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅរកវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីពន្លឿនការសាងសង់គម្រោងប្រព័ន្ធគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ឱ្យសម្រេចបានតាមការរំពឹងទុក។ ភាគីចិនបានប្តេជ្ញាបន្តគាំទ្រក្នុងការស្វែងរកដៃគូវិនិយោគបន្ថែមសម្រាប់ដំណាក់កាលបន្ទាប់នៃគម្រោងព្រែកជីកនេះ។
ជាមួយគ្នានេះ ភាគីទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុលើគម្រោងអភិវឌ្ឍន៍កម្ពុជា-ចិនដែលកំពុងអនុវត្ត ដើម្បីបន្តរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលឆ្លើយតបនឹងតម្រូវការរបស់សហគមន៍ និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។
ភាគីចិនក៏នឹងបន្តជួយគាំទ្រក្នុងការស្វែងរកដៃគូវិនិយោគបន្ថែមសម្រាប់ដំណាក់កាលបន្តបន្ទាប់នៃដំណើរការព្រែកជីក ព្រមទាំងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោង និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជា ការទាក់ទាញវិនិយោគិនពីវិស័យឯកជន ថាមពលអគ្គិសនី បញ្ញាសិប្បនិម្មិត ពាណិជ្ជកម្ម ទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content