បរទេស ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសជាតិត្រូវតែត្រៀមរៀបចំខ្លួនដើម្បីកែសម្រួល និងបង្កើតជាប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកថ្មីមួយ ដើម្បីទប់ទល់នឹងទណ្ឌកម្មសកល ដែលអាចកើតមានឡើងនាពេលខាងមុខ។
យោងតាមការចេញផ្សាយរបស់កាសែត RT លោក Netanyahu បានសារភាពអំពីក្តីបារម្ភនេះ ហើយចង្អុលបង្ហាញចំៗពីគោលជំហរគាំទ្ររបស់អន្តរជាតិ ដែលកំពុងធ្លាក់ចុះ និងលទ្ធភាពនៃការបញ្ចប់ទៅដែលមិនអាចជៀសរួចនៃជំនួយក្នុងវិស័យការពារជាតិពីសំណាក់សហរដ្ឋអាមេរិក។
នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោក Netanyahu បានលើកឡើងពីការខ្វែងគំនិតគ្នាកាន់តែខ្លាំងជាមួយសម្ព័ន្ធមិត្តលោកខាងលិច ពាក់ព័ន្ធនឹងជម្លោះ និងនយោបាយបន្តនៅតំបន់ West Bank ដោយរួមទាំងការរឹតបន្តឹងពាណិជ្ជកម្ម និងបំរាមលើការតាំងទីលំនៅថ្មីៗជាដើម ដែលប្រកាសដោយចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួនទៀត។ ដោយសារតែភាពឯកោនៃផ្នែកការទូតកាន់តែខ្លាំង វាបានធ្វើឱ្យប្រធានបទនេះកាន់តែកើនកំដៅខ្លាំងឡើង។
នាយករដ្ឋមន្ត្រីរូបនេះបានព្រមានថា ប្រទេសអុីស្រាអែល នឹងអាចប្រឈមមុខពីហានិភ័យធ្ងន់ធ្ងរនៃទណ្ឌកម្មហិរញ្ញវត្ថុ និងធនាគារនាពេលអនាគត។ ដូច្នេះ ដើម្បីជៀសវាងការរឹតបន្តឹងផ្នែកធនាគារ និងភាពឯកោ ដែលអាចកើតមាន លោក Netanyahu បានទម្លាយឱ្យដឹងថា លោកបានស្នើសុំផែនការអនុវត្តយុទ្ធសាស្ត្រមួយចំនួនរួចហើយ ដើម្បីបង្កើតសេដ្ឋកិច្ចថ្មីស្របគ្នាមួយទៀត ដែលមានសមត្ថភាពដំណើរការក្រៅប្រព័ន្ធសេដ្ឋកិច្ចបែបប្រពៃណីរបស់ពិភពលោក។
លោកក៏បានកត់សម្គាល់ដែរថា ប្រព័ន្ធវិមជ្ឈការ (Decentralized networks) ដោយរាប់បញ្ចូលទាំងបច្ចេកវិទ្យាប្លុកឆេន (Blockchain) គឺសុទ្ធតែស្ថិតនៅក្នុងចំណោមជម្រើសដែលកំពុងត្រូវបានពិនិត្យ ដើម្បីគេចចេញពីទណ្ឌកម្មទាំងឡាយដែលអាចកើតមាន។
មេដឹកនាំអុីស្រាអែលរូបនេះ ក៏បានលើកឡើងផងដែរអំពីការផ្លាស់ប្តូរស្ថានភាពនយោបាយរបស់ក្រុងវ៉ាស៊ីនតោន ដោយព្រមានថា
ជំនួយយោធារាប់ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក មិនអាចរំពឹងទុកបានជារៀងរហូតនោះទេ ហើយសាធារណជន ត្រូវតែទទួលស្គាល់ថា សហរដ្ឋអាមេរិកបានផ្លាស់ប្តូរ ហើយការពឹងផ្អែកលើកញ្ចប់ថវិកាការពារជាតិរបស់ក្រុងវ៉ាស៊ីនតោន នឹងត្រូវបញ្ចប់នៅពេលណាមួយ។
គួរឱ្យដឹងដែរថា ការលើកឡើងនេះ បានរងការរិះគន់យ៉ាងខ្លាំងពីគូប្រជែងក្នុងស្រុក ដោយប្រភពប្រឆាំង ដែលជាអតីតនាយករដ្ឋមន្ត្រីលោក Yair Lapid បានជជែកដេញដោលថា ការសារភាពរបស់លោក Netanyahu បានបង្ហាញពីការដឹកនាំបន្តស្ថិតនៅក្រោមអំណាចរដ្ឋាភិបាលរបស់អាមេរិក និងផលវិបាកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរសម្រាប់ពលរដ្ឋអុីស្រាអែលទាំងមូល៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content