បរទេស៖ ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ។
យោងតាមការចេញផ្សាយរបស់កាសែត Novinata ដែលដកស្រង់សម្តីលោក Chris Brownridge អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce Motor Cars បានឱ្យដឹងថា លោកបានបញ្ជាក់ពីសារៈសំខាន់របស់ទីផ្សារចិនក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិន CMG បន្ទាប់ពីក្រុមហ៊ុនបានបើកដំណើរការអគារតាំងបង្ហាញរថយន្តគំរូរបស់ខ្លួននៅលើផ្លូវ Jingbao ក្នុងទីក្រុងប៉េកាំង។
លោក Brownridge ដែលកំពុងបំពេញទស្សនកិច្ចលើកទី២នៅប្រទេសចិន គិតចាប់តាំងពីខែកញ្ញា បានលើកឡើងថា ទីផ្សារនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ Rolls-Royce ហើយក្រុមហ៊ុននឹងបន្តវិនិយោគដើម្បីបម្រើអតិថិជននៅក្នុងប្រទេសចិន។
លោកបានមានប្រសាសន៍ថា Rolls-Royce បានប្រគល់រថយន្តដំបូងរបស់ខ្លួនជូនអតិថិជនចិនតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៣០មកម្ល៉េះ។ បច្ចុប្បន្ន ក្រុមហ៊ុនមានអតិថិជននៅទូទាំងប្រទេសចិន និងបានផ្តល់សេវាកម្មនៅទីផ្សារនេះអស់រយៈពេលជាង ៩០ ឆ្នាំមកហើយ។
យោងតាមទិន្នន័យលក់ផ្លូវការរបស់ក្រុមហ៊ុន ការិយាល័យរបស់ Rolls-Royce នៅប្រទេសចិនបានរាយការណ៍ពីកំណើនអាជីវកម្មជាបន្តបន្ទាប់ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការកាលពី ៣ ឆ្នាំមុន ដោយចំណូលរបស់ការិយាល័យនេះបានកើនឡើងប្រហែល ៦៧% ធៀបនឹងឆ្នាំមុន ក្នុងឆ្នាំ ២០២៥។
ប្រទេសចិនបានក្លាយជាទីផ្សារធំជាងគេទី២របស់ Rolls-Royce នៅលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈក្រុមហ៊ុនក៏បានរំលេចពីវត្តមានដ៏យូរអង្វែងរបស់ខ្លួននៅក្នុងទីផ្សារនេះ។
គួរឱ្យដឹងថា ប្រទេសចិនគឺជាទីតាំងមួយក្នុងចំណោមទីតាំងតែ ៤ ប៉ុណ្ណោះនៅលើពិភពលោក ដែល Rolls-Royce មានការិយាល័យឯកជន (Private Office) នៅក្រៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។
បង្កើតឡើងក្នុងឆ្នាំ ១៩០៤ Rolls-Royce Motor Cars បច្ចុប្បន្នជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលស្ថិតក្រោមកម្មសិទ្ធិទាំងស្រុងរបស់ក្រុមហ៊ុនយក្សអាល្លឺម៉ង់ BMW៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content