ភ្នំពេញ ៖ គម្រោងតភ្ជាប់ផ្លូវតំបន់កណ្តាល ឆ្លងកាត់ខេត្ដមានសក្កានុពលសេដ្ឋកិច្ចកសិកម្ម និងឧស្សាហកម្មចំនួន ៣ គឺខេត្ដកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្ដកំពត លើតម្រាយផ្លូវសរុបជិត ២០០គីឡូម៉ែត្រ ត្រូវបានក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណៈការ ទទួលយកទៅសិក្សាលម្អិតហើយ។
ប្រធានគម្រោង និងជារដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្ដម យិត បុណ្ណា បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មាន AMS កាលពីពេលថ្មីៗនេះ ថា មន្ដ្រីជំនាញនៃក្រសួងទាំងពីរ នឹងពិនិត្យ វាយតម្លៃផលប៉ះពាល់លម្អិតលើការកសាងផ្លូវជាតិមួយខ្សែនេះបន្ទាប់ពីមន្ដ្រីជំនាញ និងតំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) បានចុះពិនិត្យស្ថានភាពតម្រាយផ្លូវជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

យ៉ាងណាក៏ដោយ បើទោះបីជាព័ត៌មានជាក់លាក់អំពីទំហំទឹកប្រាក់ រយៈពេលសាងសង់ ហើយការចាប់ផ្ដើម និងបញ្ចប់ទៅវិញនៅពេលណា មិនទាន់ត្រូវបានប្រកាសជាផ្លូវការក្ដី ប៉ុន្ដែក្រសួងសាធារណៈការ បានកំណត់ជាបឋមលើបណ្តាញខ្សែផ្លូវនៃគម្រោង ចាប់ពីផ្លូវជាតិលេខ៥៣ នៃស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង ដល់ផ្លូវជាតិលេខ៣ និងចាប់ពីផ្លូវជាតិលេខ៤ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ដល់ចំណុចកោះខ្សាច់ទន្លា ប្រវែងសរុប ១៦៨,២០គីឡូម៉ែត្រ។
បើតាមមន្ដ្រីជំនាញក្រសួងសាធារណៈការ គម្រោងនេះនឹងត្រូវអនុវត្ដជាពីរជំហាន គឺជំហានដំបូងចាប់ពីផ្លូវជាតិលេខ ៥៣ ដល់ផ្លូវជាតិលេខ៣ និងជំហានបន្ទាប់ចាប់ពីផ្លូវជាតិលេខ៤ ដល់ឃុំកោះខ្សាច់ទន្លា។ ដំណឹងនេះ ធ្វើឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋត្រេកអរ ហើយសង្ឃឹមថា នឹងចេញជាលទ្ធផលក្នុងពេលឆាប់ៗ បន្ទាប់ពីក្រសួងវាយតម្លៃហេតុផលប៉ះពាល់ និងកំណត់តម្រាយផ្លូវវាងក្រុងចប់សព្វគ្រប់។ ពួកគាត់សង្ឃឹមថា ផ្លូវគឺជាដង្ហើមសេដ្ឋកិច្ច ភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការធ្វើដំណើរកាន់តែងាយស្រួល។
ជុំវិញរឿងនេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញសេដ្ឋកិច្ច បានមើលឃើញចំណុចវិជ្ជមានចំនួន ៤ គឺទី១ បើទោះបីជាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ ទាបក៏ដោយ ប៉ុន្ដែតាមរយៈគម្រោងថ្មីៗ នឹងជួយរំញោចសេដ្ឋកិច្ចចំពោះមុខ ទី២ នៅពេលដែលផ្លូវត្រូវបានតភ្ជាប់នឹងកាត់បន្ថយថ្លៃដឹកជញ្ជូន ទី៣ ផ្លូវថ្មីជាផ្នែកមួយជួយទាញអារម្មណ៍អ្នកវិនិយោគសំឡឹងមើលទីតាំងបង្កើតសិប្បកម្ម ឬរោងចក្រ សហគ្រាស នៅអមសងខាងផ្លូវ និងនៅតាមតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗជាប់ផ្លូវ និងទី៤ ការផ្ដល់កម្ចីរបស់ AIIB អាចស្ថិតនៅក្នុងកម្រិតអត្រាការប្រាក់ទាបដែលអំណោយផលដល់កម្ពុជាក្នុងការអភិវឌ្ឍន៍ជាតិ។
បើតាមលោកបណ្ឌិត ញិល រដ្ឋា ការបង្កើនកម្ចី ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមិនមែនជារឿងអាក្រក់នោះទេ ប៉ុន្ដែយើងត្រូវមើលលើប្រភពកម្ចី និងត្រូវយកកម្ចីនោះមកអភិវឌ្ឍបែបណាឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកថា ប្រភពកម្ចីពី AIIB ក៏ដូចជាធនាគារធំៗដែលចូលមកចាប់ដៃគូអភិវឌ្ឍជាមួយកម្ពុជាផ្សេងទៀតដែរ គឺយកអត្រាការប្រាក់ទាប ចន្លោះពី១ ទៅ២% ប៉ុណ្ណោះក្នុង១ឆ្នាំ ដែលជាសញ្ញាល្អសម្រាប់កម្ពុជា ក្នុងកាលៈទេសៈនេះ។
សូមរំលឹកជូនថា អនុប្រធានគម្រោងតភ្ជាប់ផ្លូវតំបន់កណ្ដាល(Central regional road connectivity project) នៃក្រសួងសាធារណៈការ លោក នូ វឌ្ឍនៈ និងលោកស្រី Jaishree Jindel តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័នអាស៊ី(AIIB) ព្រមទាំងមន្ដ្រីជំនាញពាក់ព័ន្ធ បានចុះសិក្សាបឋមលើតម្រាយផ្លូវនេះកាលពីចុងខែកញ្ញា ឆ្នាំ២០២៦។ ក្រុមការងារជំនាញបច្ចេកទេសបានចាត់ទុកបេសកកម្មនេះ គឺជាជំហានដ៏ចាំបាច់ក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាពគម្រោងឱ្យស្របនឹងយុទ្ធសាស្ត្រការអភិវឌ្ឍន៍តំបន់ ការលើកកម្ពស់សេដ្ឋកិច្ច សង្គម និងប្រសិទ្ធភាពតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាព៕





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content