បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។
យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។
តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT ដោយមិនចាំបាច់កាន់ ឬចាត់ចែងប្រាក់គ្រីបតូដោយផ្ទាល់នោះទេ។
ក្រុមហ៊ុនបានបញ្ជាក់ថា សេវាកម្មនេះក៏អាចគាំទ្រការផ្ទេរជាប្រាក់ដុល្លារអាមេរិក អឺរ៉ូ ប្រាក់យ័នចិន និងប្រាក់ឌីរ៉ាមសហព័ន្ធអារ៉ាប់រួម ដោយគិតកម្រៃសេវាកម្មត្រឹមតែ ០,៣ភាគរយ ហើយប្រតិបត្តិការអាចចំណាយពេលយ៉ាងលឿនបំផុត។
លោក Pyotr Fradkov ប្រធានធនាគារ Promsvyazbank ដែលជាស្ថាបនិកក្រុមហ៊ុន A7 បានលើកឡើងថា អតិថិជនបច្ចុប្បន្នមានតម្រូវការខ្ពស់លើការផ្ទេរប្រាក់ឆ្លងប្រទេសដែលរហ័ស និងងាយស្រួល។ ដូច្នេះ ដើម្បីប្រើប្រាស់សេវាកម្មនេះ
អតិថិជនគ្រាន់តែផ្ទៀងផ្ទាត់អត្តសញ្ញាណតាមអនឡាញ និងដាក់លិខិតទារប្រាក់ ឬវិក្កយបត្រ (Invoice) ជាការស្រេច ហើយវាអាចប្រើប្រាស់បានតែនៅក្នុងប្រទេសណាដែលច្បាប់អនុញ្ញាតឱ្យជួញដូររូបិយប័ណ្ណគ្រីបតូប៉ុណ្ណោះ។
សូមរំលឹកដែរថា ក្រុមហ៊ុន A7 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៤ បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុក្នុងឆ្នាំ២០២២ ដោយកាត់ផ្តាច់ធនាគាររុស្ស៊ីភាគច្រើនចេញពីបណ្តាញទូទាត់អន្តរជាតិ SWIFT ។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបានផ្តោតតែលើការទូទាត់ពាណិជ្ជកម្មបរទេសជាមួយអាជីវកម្មរុស្ស៊ីក្ដី ប៉ុន្តែ បច្ចុប្បន្ន វាបានពង្រីកប្រតិបត្តិការទៅកាន់ជាង ១០០ ប្រទេសដោយបម្រើការឱ្យក្រុមហ៊ុនប្រមាណ ១៥០០០ និងដំណើរការប្រតិបត្តិការជាង ២០០០ ដងក្នុងមួយថ្ងៃ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២៥ កន្លងទៅ ទំហំទឹកប្រាក់សរុបដែលបានទូទាត់តាមប្រព័ន្ធរបស់ខ្លួនមានចំនួនលើសពី ១០ ទ្រីលានរ៉ូប៊ល ឬប្រហែលជា ១២៥ ពាន់លានដុល្លារអាមេរិក៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content