ភ្នំពេញ៖ ក្រុមហ៊ុន CP All របស់ប្រទេសថៃ ដែលជាអ្នកប្រតិបត្តិការបណ្តាញហាងលក់រាយ 7-Eleven បានប្រកាសបិទហាងទាំងអស់នៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៦ បន្ទាប់ពីចំនួនសាខាបានធ្លាក់ចុះយ៉ាងខ្លាំង ដោយបាត់បង់សាខាចំនួន ១០២ ក្នុងរយៈពេលត្រឹមតែ ១២ ខែ។
ទោះបីដកខ្លួនចេញពីអាជីវកម្ម 7-Eleven ក៏ដោយ ក្រុមហ៊ុនថៃមួយនេះនៅតែបន្តមានវត្តមាននៅកម្ពុជាតាមរយៈការកាន់កាប់ភាគហ៊ុនក្នុងផ្សារ Makro។
ការប្រកាសបិទហាង 7-Eleven ទាំងអស់នេះ ត្រូវបានក្រុមហ៊ុន CP All ជូនដំណឹងទៅផ្សារមូលបត្រថៃ។ ការសម្រេចចិត្តនេះនឹងបញ្ចប់ប្រតិបត្តិការបណ្តាញហាងលក់រាយ 7-Eleven នៅកម្ពុជា ដែលបានចាប់ផ្តើមបើកសាខាដំបូងកាលពី ៥ ឆ្នាំមុន។ ទោះជាយ៉ាងណា ក្រុមហ៊ុនមិនបានបញ្ជាក់ពីមូលហេតុផ្លូវការនៃការបញ្ឈប់អាជីវកម្មនេះឡើយ។
យោងតាមការផ្សាយរបស់កាសែតថៃ The Nation បណ្តាញហាង 7-Eleven នៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ បន្ទាប់ពីធ្លាប់ពង្រីកសាខាយ៉ាងឆាប់រហ័ស។ នៅខែកញ្ញា ឆ្នាំ២០២៥ បណ្តាញនេះមានសាខាចំនួន ១២៥ ដែលជាចំនួនខ្ពស់បំផុតនៅកម្ពុជា ប៉ុន្តែបានធ្លាក់ចុះមកនៅត្រឹម ៦៣ សាខា នៅខែមីនា ឆ្នាំ២០២៦ និងបន្តធ្លាក់មកនៅត្រឹមតែ ២៣ សាខាប៉ុណ្ណោះ នៅចុងខែកញ្ញា ឆ្នាំ២០២៦។
ការធ្លាក់ចុះនេះមានន័យថា 7-Eleven បានបាត់បង់សាខាចំនួន ១០២ ឬស្មើនឹងជាង ៨០% នៃចំនួនសាខាខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេលត្រឹមតែ ១២ ខែ។
ទោះបីក្រុមហ៊ុន CP All មិនបានបញ្ជាក់មូលហេតុផ្លូវការក៏ដោយ ការធ្វើពហិការផលិតផលថៃពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ក្រោយជម្លោះព្រំដែន និងការវាយប្រហាររបស់យោធាថៃលើទឹកដីកម្ពុជា ត្រូវបានគេមើលឃើញថាជាកត្តាប្រឈមមួយចំពោះអាជីវកម្មរបស់ក្រុមហ៊ុនថៃនៅកម្ពុជា។ ជាមួយគ្នានេះ ការបិទច្រកព្រំដែនគោកអូសបន្លាយក៏បានបង្កការលំបាកដល់ការផ្គត់ផ្គង់ទំនិញប្រចាំថ្ងៃពីប្រទេសថៃផងដែរ។
ទន្ទឹមនឹងការបិទបណ្តាញហាង 7-Eleven ក្រុមហ៊ុន CP All នៅតែមានផលប្រយោជន៍ពាណិជ្ជកម្មនៅកម្ពុជា តាមរយៈការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនដែលប្រតិបត្តិការផ្សារលក់ទំនិញបោះដុំ Makro។ បច្ចុប្បន្ន ផ្សារ Makro នៅសល់សាខាចំនួន២ នៅរាជធានីភ្នំពេញ ខណៈសាខានៅខេត្តសៀមរាបបានបិទទ្វារកាលពីខែកក្កដា ឆ្នាំ២០២៦។ យ៉ាងណាក៏ដោយ ផ្សារនេះក៏ប្រឈមនឹងការធ្លាក់ចុះនៃប្រជាប្រិយភាព ក្រោយផ្ទុះជម្លោះព្រំដែនកម្ពុជានិងថៃផងដែរ។
ជុំវិញបញ្ហាការបិទព្រំដែន និងការពឹងផ្អែកលើការនាំចូលទំនិញពីប្រទេសជិតខាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ថា ការបិទព្រំដែនរបស់ភាគីថៃមិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ ផ្ទុយទៅវិញ វាបានក្លាយជាឱកាសមាសសម្រាប់កម្ពុជាក្នុងការពង្រឹងសមត្ថភាពខ្លួនឯង និងលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក។
សម្តេចធិបតីបានបង្ហាញគោលដៅចង់ឃើញផលិតផលជាតិមានចំណែក ៨០% នៅលើទីផ្សារកម្ពុជា និងផលិតផលនាំចូលពីបរទេសមានចំណែកត្រឹម ២០% ប៉ុណ្ណោះ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។
ការបិទអាជីវកម្ម 7-Eleven នៅកម្ពុជា កើតឡើងក្នុងពេលដែលទីផ្សារកំពុងបង្ហាញពីការប្រែប្រួលនៃឥរិយាបថអ្នកប្រើប្រាស់ និងការយកចិត្តទុកដាក់កាន់តែខ្លាំងលើការគាំទ្រផលិតផលក្នុងស្រុក ដែលជំរុញឱ្យអាជីវកម្មក្នុងស្រុកមានឱកាសពង្រឹងសមត្ថភាពប្រកួតប្រជែង និងបំពេញតម្រូវការទីផ្សារកាន់តែច្រើន៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content