ភ្នំពេញ ៖ ក្រោយថៃបានព្រមានកម្ពុជា មិនឱ្យលើកយកករណីជម្លោះព្រំដែនមកជជែកក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកបណ្ឌិតអ៊ិន សុផល ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រ នយោបាយបានលើកឡើងថា ថៃគ្មានសិទ្ធិមកកំណត់គោលនយោបាយការបរទេសរបស់កម្ពុជានោះទេ ។
តាមសំណេររបស់លោកបណ្ឌិតអ៊ិន សុផល នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០២៦ លោកបានលើកឡើងថា ការព្រមានរបស់ភាគីថៃ ពាក់ព័ន្ធនឹងការលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីគឺថៃគ្មានសិទ្ធិ កុំច្រឡំថាខ្លួនជាមហាអំណាច P5 ។
លោកបន្តថា ថៃត្រូវយល់ថា នេះជាសតវត្សរ៍ទី២១ កុំច្រឡំសតវត្សរ៍ទី១៨ ឬ១៩ ទី១ ថៃត្រូវទទួលស្គាល់ថា ខ្លួនគ្រាន់តែជារដ្ឋមួយក្នុងចំណោមរដ្ឋដទៃទៀត ដែលមានឋានៈស្មើគ្នាតាមច្បាប់អន្តរជាតិ មិនមែនជាមហាអំណាចដែលមានសិទ្ធិបង្គាប់បញ្ជា ឬកំណត់ឥរិយាបថការទូតរបស់ប្រទេសជិតខាងឡើយ ។
ទី២កម្ពុជាពុំមែនជារដ្ឋចំណុះរបស់ថៃ ហើយក៏មិនចាំបាច់សុំការអនុញ្ញាតពីថៃ ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួនដែរ។ យោងតាមមាត្រា២ កថាខណ្ឌ១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គោលការណ៍សមភាពអធិបតេយ្យរបស់រដ្ឋ ត្រូវអនុវត្តចំពោះរដ្ឋសមាជិកទាំងអស់។
ទី៣. ថៃគ្មានសិទ្ធិអំណាចតាមផ្លូវច្បាប់អន្តរជាតិ ក្នុងការកំណត់ថា កម្ពុជាអាច ឬមិនអាចលើកយកបញ្ហាអ្វីមួយទៅពិភាក្សាជាមួយដៃគូអន្តរជាតិឡើយ។ កម្ពុជាមានសិទ្ធិស្របច្បាប់ក្នុងការលើកឡើងអំពីកង្វល់ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិ បកស្រាយជំហររបស់ខ្លួន និងចូលរួមក្នុងកិច្ចសន្ទនាការទូតនៅលើឆាកអន្តរជាតិ។ គ្មានប្រទេសជិតខាងណាមួយមានសិទ្ធិអំណាចជាឯកតោភាគី ក្នុងការរារាំង ឬប្រើសិទ្ធិវេតូលើរបៀបវារៈការទូតរបស់កម្ពុជាឡើយ។
ទី៤.ការដាក់សម្ពាធផ្នែកការទូត កុំច្រឡំថាខ្លួនជាមេដឹកនាំក្នុងតំបន់ ! ភាពជាអ្នកដឹកនាំពិតប្រាកដនៅក្នុងទំនាក់ទំនងអន្តរជាតិ ត្រូវបង្ហាញតាមរយៈការគោរពគ្នាទៅវិញទៅមក ការអត់ធ្មត់ ការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា និងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ។ ភាពជាអ្នកដឹកនាំមិនអាចកើតចេញពីការប៉ុនប៉ងដាក់សម្ពាធ ឬការជ្រៀតជ្រែកក្នុងសេរីភាពនៃការបញ្ចេញជំហរការទូតរបស់រដ្ឋមួយផ្សេងទៀតបានឡើយ។
ទី៥.ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាការអនុវត្តការទូតឯករាជ្យរបស់រដ្ឋអធិបតេយ្យមួយ មិនមែនជាសកម្មភាព ដែលត្រូវស្ថិតក្រោមការត្រួតពិនិត្យ ឬការអនុញ្ញាតពីថៃឡើយ។ ការសម្រេចថាតើត្រូវលើកយកបញ្ហាព្រំដែនមកពិភាក្សាឬយ៉ាងណា និងត្រូវលើកឡើងតាមរបៀបណា គឺអាស្រ័យលើការសម្រេចចិត្តដោយឯករាជ្យរបស់កម្ពុជា នីតិវិធីដែលបានឯកភាពសម្រាប់កិច្ចប្រជុំ និងគោលការណ៍ដែលអាចអនុវត្តបានក្នុងទំនាក់ទំនងការទូតអន្តរជាតិ។
ទី៦.ថៃគួរយល់ឱ្យបានច្បាស់អំពីការពិតជាមូលដ្ឋានមួយថា កម្ពុជាគឺជារដ្ឋឯករាជ្យ និងមានអធិបតេយ្យភាពពេញលេញ មិនមែនជារដ្ឋចំណុះ ឬជាប្រទេសដែលស្ថិតក្រោមអំណាចត្រួតត្រារបស់ថៃឡើយ។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយទំនាក់ទំនងដោយសន្តិភាព កិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា និងការគោរពគ្នាទៅវិញទៅមកជាមួយប្រទេសជិតខាងទាំងអស់។
ទី៧.កម្ពុជាមិនចាំបាច់សុំការអនុញ្ញាតពីថៃ ដើម្បីអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួននោះទេ។ ភាគីថៃត្រូវដឹងថា អ្វីដែលខ្លួនកំពុងធ្វើគឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងនយោបាយការបរទេសរបស់កម្ពុជា ដែលផ្ទុយទៅនឹងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃនៃធម្មនុញ្ញអាស៊ាន ក៏ដូចជាធម្មនុញ្ញ UN ៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content