ភ្នំពេញ ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងផ្សារ TCC នៅកម្ពុជា គឺក្រុមហ៊ុន ហ្សេង ឈី អ៊ិនវេសមិន មេនិចម៉ិន បានបើកប្រតិបត្តិការអាជីវកម្មមួយទៀតនៅកម្ពុជា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងទេសចរណ៍រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយបានដំណើរសេវារថយន្តដឹកដំណើរពីភ្នំពេញ ទៅក្រុងព្រះសីហនុ និងពីព្រះសីហនុមកកាន់រាជធានីភ្នំពេញ ស្របនឹងគម្រោងផ្សាររបស់ខ្លួននៅរាជធានីភ្នំពេញ ( ផ្សារTCC ) នឹងដំណើរការនៅពេលឆាប់ៗនេះ ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនមួយនេះបានឱ្យដឹងថា ក្រុមហ៊ុនដឹកអ្នកដំណើរនេះបានចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ដោយជាដំបូងនឹងដឹកអ្នកដំណើរ៦ជើងក្នុងមួយថ្ងៃ ចេញពីភ្នំពេញចំនួន៣ជើង និងពីក្រុងព្រះសីហនុចំនួន៣ជើង ក្នុងគោលបំណងនាំភ្ញៀវទេសចរពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីព្រះសីហនុមកកាន់រាជធានីភ្នំពេញ ។
បើតាមតំណាងរបស់ក្រុមហ៊ុន ខាយ ស៊ាន អន្តរជាតិ ដែលជាក្រុមហ៊ុនថ្មី និងជាបុត្រសម្ព័ន្ធក្រុមហ៊ុន ហ្សេង ឈី អ៊ិនវេសមិន មេនិចម៉ិន បានថ្លែងឱ្យដឹងថា គោលបំណងរបស់ក្រុមហ៊ុនក្នុងការបើកដំណើរការរថយន្តដឹកអ្នកដំណើរភ្នំពេញ ព្រះសីហនុ និងព្រះសីហនុ ភ្នំពេញ គឺដោយសារតែក្រុមហ៊ុនមានសណ្ឋាគារ កាស៊ីណូ និងភោជនីយដ្ឋានមួយនៅខេត្តព្រះសីហនុ ហើយចង់ឱ្យភ្ញៀវទេសចរទាំងចិន និងទេសចរជាតិសាសន៍ដទៃទៀត បានស្គាល់ និងទៅលេងខេត្តព្រះសីហនុកាន់តែច្រើន ទើបក្រុមហ៊ុនបានសម្រេចបើកដំណើររថយន្តដឹកអ្នកដំណើរនេះឡើង ដោយភ្ញៀវទេសចរទាំងអស់អាចមកទទួលយកសេវាកម្មដឹកជញ្ជូននៅភ្នំពេញ ទីតាំងក្រុមហ៊ុនផ្សារ TCC ឬស្សីកែវ ចំណែកទីតាំងនៅក្រុងព្រះសីហនុ គឺនៅក្រុមហ៊ុន ខាយ ស៊ាន អន្តរជាតិ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ហ្សេង ឈី អ៊ិនវេសមិន មេនិចម៉ិន ជាក្រុមហ៊ុនថ្មីដែលបន្តការអភិវឌ្ឍគម្រោងផ្សារ TCC ពីក្រុមហ៊ុនចាស់ យុនណាន សេងម៉ៅ ដោយសារតែក្រុមហ៊ុនបានជួបវិបត្តិ និងធ្វើឱ្យគម្រោងគាំងអស់រយៈជាច្រើនឆ្នាំ។ ក្រុមហ៊ុនថ្មីនេះ ត្រូវបានទទួលសិទ្ធិអភិវឌ្ឍន៍បន្តលើគម្រោងផ្សារ TCC ក្រោមកិច្ចសម្របសម្រួលពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី ជាអធិបតី ។
គម្រោងផ្សារនេះ នឹងចាប់ផ្ដើមដំណើរការនៅចុងឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនកំពុងសម្រុកក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្នែកខាងក្នុង ដូចជា ដេគ័រ តុបតែង រៀបចំតូបផ្សារឱ្យរួចរាល់មុនពេលអាជីវករចូលមកធ្វើអាជីវកម្មនៅក្នុងផ្សារនេះ ៕