សៀមរាប ៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអភិវឌ្ឍតំបន់រុនតាឯកដែលជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់ប្រជាពលរដ្ឋផ្លាស់ទីលំនៅពីតំបន់អភិរក្សរបស់អាជ្ញាធរជាតិអប្សរាដោយស្ម័គ្រចិត្ត ហើយរដ្ឋាភិបាលប្ដេជ្ញានឹងកែប្រែតំបន់អភិវឌ្ឍន៍រុនតាឯកឱ្យក្លាយជាបុរីជនបទគំរូសម្រាប់ការរៀបចំភូមិឋាន ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង នាខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានល្អប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសង្គមចាំបាច់នានាដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងឱ្យក្លាយជាបុរីជនបទគំរូសម្រាប់ការរៀបចំភូមិឋាន ដោយផ្ដោតសំខាន់លើគោលការណ៍និរន្តរភាពក្នុងការលើកកម្ពស់ជីវភាពរស់នៅឱ្យបានសមរម្យ បរិស្ថានរស់នៅស្អាត និងសេវាសាធារណគ្រប់គ្រាន់ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តរៀបចំប្លង់គោលប្រើប្រាស់ដីសម្រាប់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីប្រើប្រាស់ធនធានដីធ្លីឱ្យអស់សក្ដានុពលស្របតាមប្រភេទដី ការចិញ្ចឹមសត្វ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដែលតភ្ជាប់របៀងសេដ្ឋកិច្ចរវាងទីក្រុង និងជនបទ តភ្ជាប់ជាមួយនឹងតំបន់សំខាន់ៗ ។
សម្ដេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា ៖
« សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់នឹងកាន់តែប្រសើរនៅពេលដែលសៀមរាបកាន់តែមានសក្ដានុពល និងទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្ដែងព្រលានយន្តហោះថ្មីសៀមរាបអង្គរ នឹងទាក់ទាញការអភិវឌ្ឍនៅនឹងកន្លែង ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ហើយភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបនឹងកាន់កើនឡើងបន្ថែមទៀតនៅពេលខាងមុខនេះ » ។
សម្ដេចធិបតីបានបន្ថែមថា ផែនការស្នួលរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ គឺការបង្កើតការងារជូនប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ក៏នឹងទទួលបានការអភិវឌ្ឍបន្ថែមស្របតាមផែនការរបស់រដ្ឋាភិបាល ។

សម្ដេចក៏បានជំរុញឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធក្នុងការជំរុញតំបន់ជុំវិញតំបន់អភិវឌ្ឍន៍រុនតាឯកឱ្យក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចមួយទៀតសម្រាប់ខេត្តសៀមរាប ដើម្បីរុញការងារមកដល់កន្លែងរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះផ្ទាល់តែម្ដង ហើយរដ្ឋាភិបាលនឹងមិនមែនពង្រីកការអភិវឌ្ឍតែជុំវិញក្រុងសៀមរាបទេ គឺត្រូវតែរីកចម្រើនគ្រប់ស្រុកទាំងអស់នៅក្នុងខេត្តទេសចរណ៍វប្បធម៌មួយនេះ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content