ភ្នំពេញ ៖ ផ្លូវជាតិលេខ៥ ដែលភ្ជាប់ពីព្រែកក្ដាមទៅកាន់ខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ ដែលគិតមកដល់ពេលនេះមានរយៈពេលជាងកន្លះឆ្នាំហើយ ហើយផ្លូវនេះដែរក៏ចាប់ផ្ដើមទទួលបានចាប់អារម្មណ៍លើការវិនិយោគពីសំណាក់វិនិយោគិនទាំងក្នុង និងក្រៅប្រទេសជាបន្តបន្ទាប់ផងដែរ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុន Pursat Special Economic Zone មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនៅតាមបណ្ដោយផ្លូវជាតិលេខ៥ លើផ្ទៃដីទំហំជាង១៤០ហិកតា ស្ថិតនៅក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ការស្នើសុំគម្រោងវិនិយោគនេះ បានបង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសការផ្ដលនូវជំនឿទុកចិត្តពីសំណាក់វិនិយោគិនមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។
បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជាបានមើលឃើញថា តំបន់ប៉ែកខាងជើងរាជធានីភ្នំពេញ ពោលគឺបណ្ដាខេត្តជាប់ផ្លូវជាតិលេខ៥ នឹងទទួលបានការវិនិយោគជាបន្តបន្ទាប់ ជាពិសេសលើរោងចក្រសហគ្រាស ដោយសារតែតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធដែលទើបសាងសង់រួចដូចជាផ្លូវជាតិលេខ៥ ហើយក៏មានផ្លូវរថភ្លើងដែលអាចដឹកជញ្ជូនទំនិញចេញ និងចូលរោងចក្របានងាយស្រួល ។
អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ថា តំបន់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ នឹងមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដើម្បីបណ្ដាក់ទុនវិនិយោគ ហើយវាក៏នឹងធ្វើឱ្យតម្រូវការប្រើប្រាស់ដីធ្លីនៅតំបន់តាមបណ្ដោយផ្លូវជាតិមួយនេះកាន់តែកើនឡើងមួយកម្រិតទៀត ។
អ្នកស្រីបានលើកឡើងថា ផ្លូវជាតិលេខ៥ ដែលបានសាងសង់រួចគឺមានទំហំធំទូលាយ ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចូលពីខាងក្រៅដើម្បីកែច្នៃ ផលិត ហើយនឹងដឹកនាំចេញទៅវិញ ។ ម្យ៉ាងទៀតផ្លូវមួយខ្សែនេះ ក៏បានភ្ជាប់ទៅកាន់តំបន់ព្រំដែនអន្តរជាតិផងដែរ ដូច្នេះ វារឹតតែទាក់ទាញដល់វិនិយោគិនក្នុងជ្រើសរើសយកតំបន់មួយនេះធ្វើជាទីតាំងវិនិយោគរបស់ខ្លួន ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់អស់រាប់រយពាន់លានដុល្លារហើយក្នុងការសាងសង់ផ្លូវជាតិសំខាន់ចេញពីភ្នំពេញទៅកាន់បណ្ដាខេត្ត ក្នុងនោះក៏មានផ្លូវជាតិមួយចំនួនកំពុងសាងសង់លើកកម្រិតគុណភាពឡើងវិញ ដូចជា ផ្លូវជាតិលេខ៧ តភ្ជាប់ពីរង្វង់មូលស្គន់ទៅទីរួមខេត្តកំពង់ចាម ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ ៣៣ តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅកាន់ទីរួមស្រុកកំពង់ត្រាច និងកាត់ខេត្តកែប ទៅកាន់ទីរួមខេត្តកំពត ផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែកស្រែអំបិល ជាដើម ៕