ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៥ទៅ ដីមិនប្រើប្រាស់ក្រោម៥ហិកតា នឹងត្រូវទទួលបានការលើកលែងពន្ធ។
សម្តេចធិបតី បានបន្តថា ៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធអចលនទ្រព្យ។ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ៥ហិតាក្នុងមួយកន្លែង។
សម្តេចបានគូសបញ្ជាក់ថា៖
«ការលើកលែង និងលក្ខខណ្ឌបន្ធូរបន្ថយពន្ធលើដីមិនប្រើប្រាស់ ជាការបញ្ចៀសការយកពន្ធត្រួតគ្នា និងមិនឱ្យប៉ះពាល់ដល់ប្រជាជនទូទៅ»។
ប្រមុខរដ្ឋាភិបាល អះអាងថា គោលដៅនៃការដាក់ពន្ធ គឺធ្វើយ៉ាងម៉េចកុំឱ្យដីទុកចោលធំពេក ដោយសម្តេចណែនាំឱ្យម្ចាស់ដីយកដីទៅប្រើប្រាស់ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ច ជាជាងការទុកចោលឱ្យនៅទំនេរ។
ចំពោះដីទំហំលើស៥ហិកតា អាចរួចពន្ធក្នុងលក្ខខណ្ឌមួយចំនួន រួមមាន ដីកសិកម្មកំពុងបង្កបង្កើនផល ដីបម្រើសកម្មភាពសេដ្ឋកិច្ច ដែលមានលិខិតស្នាមច្បាស់លាស់, ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ឬស្ថាប័នរបស់រដ្ឋាភិបាល, ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍, ដីដែលរដ្ឋជួលសម្រាប់សកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា, ដីក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលប្រើប្រាស់ផ្ទាល់ដល់សកម្មភាពកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម និងដីដែលចុះបញ្ជីទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកថា ក្នុងករណីដីដែលបានសុំរួចពន្ធហើយ ប៉ុន្តែមិនមានសកម្មភាព ដូចជាសុំធ្វើសាលា ប៉ុន្តែជាមិនធ្វើ ហើយលក់ចេញដោយសារត្រូវប៉ាន់ ម្ចាស់ដីត្រូវតែបំពេញកាតព្វកិច្ចបង់ពន្ធជាធរមាន។
សម្តេចបានបញ្ជាក់ថា៖
«ពន្ធលើដីធ្លីមិនប្រើប្រាស់ស្របតាមគោលការណ៍ខាងលើនឹងចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០២៥ គឺទុក១៣ខែជាអន្តរកាល ជាពិសេសសម្រាប់អ្នកដែលមានដីធំ លើសពី៥ហិកតាដើម្បីកែប្រែដី»។
ដោយឡែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាក់ជាថ្មីថា៖
« រដ្ឋាភិបាលនីតិកាលថ្មី អាណាត្តិទី៧នេះ ខ្ញុំសូមបញ្ជាក់ថា គឺមិនមានការបង្កើតពន្ធថ្មីនោះទេ គ្មានការដាក់ពន្ធប្រភេទថ្មីទេ ហើយពន្ធដែលមានស្រាប់មិនមានការដំឡើងអត្រាពន្ធទេ។ សូមបញ្ជាក់ឱ្យច្បាស់រឿងហ្នឹង អត់កៀបករបន្ថែមទៀតនោះទេ»។
សម្តេចធិបតីបានបន្តថា កន្លងមករាជរដ្ឋាភិបាលអាណត្តិមុនៗបានសម្រេចលើកលែងពន្ធជាច្រើន ដូចជា ការលុបចោលពន្ធសត្តឃាត ពន្ធលើរបបម៉ៅការ ពន្ធសារពើពន្ធលើលិខិតរដ្ឋបាល លិខិតតុលាការ និងឯកសារអត្រានុកូលដ្ឋាន ពន្ធលើមធ្យោបាយដឹកជញ្ជូន (ផ្នែកចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល) និងពន្ធលើលិខិតអនុញ្ញាត្តិបង្កើតក្រុមហ៊ុន។ សម្តេចបន្តថា ពន្ធទាំងនេះ គឺជាពន្ធដែលរដ្ឋាភិបាលបានសម្រេចលុបចោល៕