បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា ការចាប់អារម្មណ៍លើ AI បានផ្ទុះឡើងខ្លាំងនៅឆ្នាំ២០២៣នេះ រាប់ទាំងលទ្ធផលវិជ្ជមាន និងអវិជ្ជមានរបស់វា។ ទន្ទឹមនឹងនេះ កិច្ចប្រជុំកំពូលអភិបាលកិច្ច AI របស់ Weforum កាលពីថ្ងៃទី ១៣-១៥ ខែវិច្ឆិកាកន្លងទៅនេះ បានប្រមូលផ្តុំមេដឹកនាំផ្នែក AI ជាង ២០០ នាក់ ដើម្បីដោះស្រាយបញ្ហាជុំវិញផលប៉ះពាល់ដែលបញ្ញាសិប្បនិម្មិតអាចមានលើការងារ សន្តិសុខ និងសេដ្ឋកិច្ច។ នៅក្នុងកិច្ចប្រជុំកំពូល គេបានលើកឡើងរឿងថ្មីៗចំនួន ៦ អំពី AI។

១. របៀបដែល AI នឹងផ្លាស់ប្តូរទីផ្សារការងារ ៖ AI ត្រូវបានព្យាករណ៍ថា នឹងបង្កើតការងារថ្មីរាប់លានការងារ ដោយរបាយការណ៍ការងារនាពេលអនាគតរបស់ Weforum បានបង្ហាញថា អ្នកជំនាញផ្នែក AI ម៉ាស៊ីនសិក្សា អ្នកវិភាគទិន្នន័យ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញឌីជីថលគឺស្ថិតក្នុងចំណោមតួនាទីដែលរីកចម្រើនលឿនបំផុត។ យ៉ាងណាមិញ បញ្ញាសិប្បនិមិត្តក៏អាចផ្លាស់ប្តូរមនុស្សរាប់លាននាក់ចេញពីតួនាទីរបស់ពួកគេផងដែរ ប៉ុន្តែវាមិនអាចជំនួសតួនាទីទាំងអស់បានទេ។ AI ទំនងជាមិនអាចធ្វើការងារដែលទាមទារជំនាញរបស់មនុស្សដូចជាការវិនិច្ឆ័យ ការច្នៃប្រឌិត ភាពប៉ិនប្រសប់ផ្នែករាងកាយ និងបញ្ញាអារម្មណ៍បាននោះទេ។ ការស្ទង់មតិដែលធ្វើឡើងសម្រាប់របាយការណ៍ការងារនាពេលអនាគតបានបង្ហាញថា កំណើនការងារខ្ពស់បំផុតនៅឆ្នាំ២០២៣ ដល់ ២០២៧ នឹងមានខាងផ្នែកកសិកម្ម អ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ គ្រូបង្រៀនអប់រំវិជ្ជាជីវៈ ជាងមេកានិក និងអ្នកជួសជុលគ្រឿងចក្រ។
២. របៀបដែល AI នឹងកែទម្រង់សេដ្ឋកិច្ចពិភពលោក ៖ ឥទ្ធិពលនៃបច្ចេកវិទ្យាលើកំណើនផលិតភាពត្រូវបានលើកឡើងជាបន្តបន្ទាប់ ប៉ុន្តែវឌ្ឍនភាពបច្ចេកវិទ្យាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះជួបភាពបរាជ័យក្នុងការជំរុញអត្រាកំណើននៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ពីព្រោះបច្ចេកវិទ្យាគ្រាន់តែជាផ្នែកនៃរូបភាពតែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីវាស់ស្ទង់ផលប៉ះពាល់របស់វាឱ្យបានច្បាស់លាស់ មនុស្សត្រូវពិនិត្យមើលឱ្យកាន់តែដិតដល់នូវយន្តការដែលប្រើប្រាស់បច្ចេកវិទ្យាទៅជាកំណើនផលិតភាពទូលំទូលាយ។

៣. របៀបដែល AI ផ្លាស់ប្តូរវិស័យសុខាភិបាល ៖ វិស័យសុខាភិបាលកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រួមមាន ជំងឺរាតត្បាត ការកើនឡើងនៃជំងឺរ៉ាំរ៉ៃ បញ្ហាសុខភាពផ្លូវចិត្ត និងចំនួនប្រជាជនវ័យចំណាស់ រួមជាមួយនឹងការកើនឡើងនៃតម្រូវការសម្រាប់ការថែទាំសុខភាពដែលមានគុណភាពខ្ពស់។ ទោះជាយ៉ាងណាក្តី បច្ចេកវិទ្យា AI និងម៉ាស៊ីនសិក្សាកំពុងត្រូវបានប្រើប្រាស់នៅក្នុងផ្នែកឱសថ និងវ៉ាក់សាំង ដើម្បីការកែលម្អក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាលវេជ្ជសាស្រ្ត និងបង្កើនប្រសិទ្ធភាពនៅទូទាំងប្រព័ន្ធថែទាំសុខភាពទាំងមូល។
៤. AI និងទំនុកចិត្តរបស់មនុស្សលើប្រព័ន្ធផ្សព្វផ្សាយ ៖ ការបង្កើតប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យ AI ការជឿទុកចិត្តរបស់មនុស្សមានការធ្លាក់ចុះជាមួយនឹងភាពលំបាកយ៉ាងខ្លាំង ដោយសារការជឿទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយមានកម្រិតទាប។ ទន្ទឹមនឹងនេះ ចំនួនប្រជាជនមានតែ ៤០ ភាគរយប៉ុណ្ណោះដែលជឿជាក់លើព័ត៌មាន ខណៈពេលដែលប្រជាជនជាងពាក់កណ្តាលព្រួយបារម្ភអំពីព័ត៌មានក្លែងក្លាយ។ លោក Jeff Jarvis អតីតនាយកមជ្ឈមណ្ឌល Tow-Knight និយាយថា AI អាចជួយបានប្រសិនបើប្រើក្នុងវិធីត្រឹមត្រូវដូចជា ការរៀនតាមម៉ាស៊ីន និងគំរូភាសាធំៗអាចមានប្រយោជន៍ក្នុងការជួយអ្នកសារព័ត៌មានរៀបចំការរាយការណ៍របស់ពួកគេ និងបង្កើតវិធីថ្មីៗសម្រាប់អ្នកប្រើប្រាស់ដើម្បីឲ្យពួកគេមានទំណុកចិត្តជាមួយព័ត៌មាន។ សម្រាប់វិស័យសារព័ត៌មាន បញ្ញាសិប្បនិម្មិតគួរតែជាការបង្កើនជាជាងបង្កើត។

៥. ឥទ្ធិពលនៃ AI ចំពោះវិស័យសិល្បៈកម្សាន្ត ៖ បច្ចេកវិទ្យា AI កំពុងបង្កបញ្ហាប្រឈមសម្រាប់កម្មសិទ្ធិបញ្ញានៅក្នុងវិស័យសិល្បៈកម្សាន្ត។ អ្នកបង្កើតមាតិការ និងសិល្បៈករកំពុងជជែកពិភាក្សាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាជុំវិញការប្រើប្រាស់នៃមាតិកាដោយយុត្តិធម៌។ សកម្មភាពផ្លូវច្បាប់បានចាប់ផ្តើមរួចហើយ ប៉ុន្តែការពិភាក្សាពាក់ព័ន្ធ AI នេះទើបតែចាប់ផ្តើម ហើយវាក៏មានការជជែកវែកញែកអំពីរបៀបដែលលទ្ធផលនៃគំរូ AI គួរតែត្រូវបានប្រើប្រាស់សម្រាប់កម្មសិទ្ធិបញ្ញា និងច្បាប់រក្សាសិទ្ធិ។
៦. ការបង្កើតច្បាប់ AI ៖ សហភាពអឺរ៉ុបកំពុងធ្វើការលើក្របខណ្ឌច្បាប់ថ្មីដែលមានគោលបំណងពង្រឹងបទប្បញ្ញត្តិស្តីពីការអភិវឌ្ឍន៍ និងការប្រើប្រាស់ AI ។ ច្បាប់ AI ដែលសហភាពអឺរ៉ុបបានស្នើឡើងនឹងផ្តោតជាចម្បងលើការពង្រឹងច្បាប់ជុំវិញគុណភាពទិន្នន័យ តម្លាភាព ការត្រួតពិនិត្យរបស់មនុស្ស និងគណនេយ្យភាព។ វាក៏មានគោលបំណងដោះស្រាយទាក់ទងនឹងសីលធម៌ក្នុងការប្រើប្រាស់ និងបញ្ហាប្រឈមក្នុងការអនុវត្តក្នុងវិស័យផ្សេងៗ។ យ៉ាងណាមិញ សំណើនេះទទួលបានការឆ្លើយតបចម្រុះ ដោយមានលិខិតមួយត្រូវបានចុះហត្ថលេខាដោយនាយកប្រតិបត្តិជាង ១៥០ ក្រុមហ៊ុន ខណៈដែលអឺរ៉ុបបានព្រមានពីផលប៉ះពាល់នៃសេចក្តីព្រាងច្បាប់នេះ ដែលអាចមានផលប៉ះពាល់ចំពោះអាជីវកម្ម ការប្រកួតប្រជែងក្នុងតំបន់ និងបង្កជាបញ្ហាផ្សេងៗទៀត៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content