បរទេស ៖ ជាកំណត់ត្រាថ្មីមិនធ្លាប់មានសម្រាប់ប្រទេសឥណ្ឌាក្នុងនាមជាអ្នកផលិតដ៏ធំមួយនៅក្នុងតំបន់ ដោយនៅពេលនេះអាចវ៉ាដាច់ប្រទេសចិនក្នុងការនាំចេញផលិតផលស្មាតហ្វូនបានច្រើនបំផុតចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
តួលេខដែលត្រូវបានបង្ហាញជាផ្លូវការ និងដកស្រង់មកចេញផ្សាយដោយទូរទស្សន៍ CNN បានឲ្យឃើញថា ត្រីមាសទី២នេះ ស្មាតហ្វូនដែលផលិតនៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ទៅ៤៤ភាគរយនៃចំណែកស្មាតហ្វូនទាំងអស់ដែលបាននាំចូលទៅកាន់ប្រទេសអាម៉េរិក។ ទំហំនេះបានហក់ឡើងយ៉ាងខ្លាំងធៀបទៅនឹងតួលេខដែលឥណ្ឌាធ្លាប់ធ្វើបានកាលពីពេលវេលាដូចគ្នានាឆ្នាំកន្លងទៅដែលមានត្រឹមតែ១៣ភាគរយ។

ក្នុងពេលជាមួយគ្នានេះ ស្មាតហ្វូនរបស់ចិនដែលនាំចូលទៅកាន់ទីផ្សារអាម៉េរិកបានធ្លាក់ចុះមកត្រឹមតែ២៥ភាគរយប៉ុណ្ណោះនៃចំណែកទាំងអស់ ពោលគឺធ្លាក់ចុះដល់ទៅ៣ដងធៀបទៅនឹងតួលេខដែលធ្វើបានកាលពីឆ្នាំកន្លងទៅដែលមានប្រមាណ៦១ភាគរយ។ នេះមានន័យថា ចិនបានធ្លាក់ចេញពីតំណែងកំពូលទៅដល់លេខ៣វិញ ហើយបច្ចុប្បន្នតាមពីក្រោយលេខ១ប្រទេសឥណ្ឌា គឺប្រទេសវៀតណាមនៅចំណាត់ថ្នាក់លេខ២។
អ្នកជំនាញនៅ Canalys ក្រុមហ៊ុនអ្នកវិភាគទីផ្សារអន្តរជាតិបានសរសេរថា កំណើនដ៏ធំធេងរបស់ស្មាតហ្វូនឥណ្ឌាបានក្លាយជាចំណែកយ៉ាងសំខាន់ក្នុងទីផ្សារអាម៉េរិកដោយសារតែការសម្រេចចិត្តផ្លាស់ប្តូរភ្លាមៗនូវសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនយក្សអាម៉េរិក Apple (AAPL) ចេញពីប្រទេសចិន ដោយបច្ចុប្បន្នកំពុងប្រឈមមុខទៅនឹងភាពមិនច្បាស់លាស់ដោយសារតែទំនាស់ពាណិជ្ជកម្មជាមួយនឹងរដ្ឋាភិបាលទីក្រុងវ់ាស៊ិនតោន។

ជម្លោះពាណិជ្ជកម្មចិន និងអាម៉េរិក នៅតែបន្ត ប៉ុន្តែទោះជាយ៉ាងណាក្តី ក្រុមតំណាងអ្នកចរចាពាណិជ្ជកម្មអាម៉េរិក និងចិន ក៏កំពុងបន្តជួបប្រជុំគ្នានៅឡើយ ហើយចុងក្រោយនេះជំនួបបានធ្វើឡើងនៅក្នុងប្រទេសស៊ុយអែតកាលពីដើមសប្តាហ៍។
ស្របពេលជាមួយគ្នានេះគេមើលឃើញថា ជម្លោះនេះនឹងអាចជួយពង្រីកនិន្នាការនៃការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ស្មាតហ្វូនកាន់តែច្រើនចេញពីប្រទេសចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ ជាក់ស្តែង នៅក្នុងជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេក៏បានសង្កេតឃើញដែរថា ប្រទេសអាស៊ីចំនួន២ ដែលកំពុងមានសេដ្ឋកិច្ចរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស ដូចជា វៀតណាម និងឥណ្ឌាបានទាញយកអត្ថប្រយោជន៍យ់ាងច្រើនបន្ថែមទៀតពីជម្លោះហើយបានក្លាយទៅជាគោលដៅដ៏លេចធ្លោនិងគឺជាទីតាំងដែលអាចជំនួសចិនសម្រាប់បណ្តាក្រុមហ៊ុនអ្នកផលិតទាំងឡាយ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content