បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា កាកសំណល់អាហារបានរួមចំណែកក្នុងការខាតបង់សេដ្ឋកិច្ចសកលជិតមួយទ្រីលានដុល្លារក្នុងមួយឆ្នាំៗ ខណៈដែលមនុស្សរហូតដល់ ៨២៨ លាននាក់ត្រូវបានរងគ្រោះដោយភាពអត់ឃ្លានកាលពីឆ្នាំ២០២២ កន្លងទៅនេះ។
កាកសំណល់អាហារបានផ្តល់ការគំរាមកំហែងដល់ភាពធន់នៃប្រព័ន្ធផលិតកម្មអាហារ និងការកើនឡើងនៃភាពអាសន្នផ្នែកស្បៀងអាហារសកល ហើយអាហារដែលរលួយនៅកន្លែងចាក់សំរាមរួមចំណែករហូតដល់ ១០ ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់។ ទោះជាយ៉ាងណាក្តី បច្ចេកវិទ្យាឌីជីថលអាចជួយកាត់បន្ថយកាកសំណល់អាហារ និងធ្វើឱ្យប្រព័ន្ធផលិតកម្មអាហារមាននិរន្តរភាពជាងមុន។
យោងទៅតាមប្រភពដដែលបានលើកឡើងថា បច្ចេកវិទ្យាពី Tata Consultancy Services គឺមានសមត្ថភាពពិនិត្យមើលគុណភាពអាហារ។ តាមរយៈវេទិកាភាពស្រស់នៃអាហារពីសេវាប្រឹក្សា Tata បានត្រួតពិនិត្យគុណភាពអាហារតាមដំណើរប្រតិបត្តិការនៃផលិតផលទាំងមូល ដោយគេបានភ្ជាប់ធាតុ ឬទិន្នន័យជាមួយនឹងឧបករណ៍ចាប់សញ្ញាដែលបានតភ្ជាប់ ដើម្បីដំឡើងនៅគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផ្គត់ផ្គង់ ចាប់ពីកសិដ្ឋានរហូតដល់ដំណាក់កាលទទួលទាន ដើម្បីវាយតម្លៃភាពស្រស់នៃផលិតផលម្ហូបអាហារ។ ទិន្នន័យភ្លាមៗ ឬបន្តផ្ទាល់នោះក៏ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធ digital twins ឬឌីជីថលភ្លោះនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពពិត ដើម្បីកំណត់ជាមួយនឹងលក្ខខណ្ឌបរិស្ថានផ្សេងៗគ្នាដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពអាហារដូចជា ការផ្លាស់ប្តូរសីតុណ្ហភាព សំណើម គុណភាពខ្យល់ និងអាំងតង់ស៊ីតេពន្លឺ។

វេទិការនេះបានយកដំឡូងពីប្រភេទអាហារផ្សេងៗគ្នា ដូចជា នំដំឡូងបារាំង ម្សៅដំឡូង ដំឡូងបារាំងបំពង ដោយតាមដានលើទិដ្ឋភាពដូចជាការលូតលាស់ផ្សិត និងការផ្លាស់ប្តូរជាតិស្ករតាមពេលវេលា។ តាមរយៈបច្ចេកវិទ្យានេះ អ្នកផ្គត់ផ្គង់ និងអ្នកលក់រាយអាចប្រើព័ត៌មាននេះដើម្បីសម្របពីរបៀបដែលពួកគេគួររៀបចំទុកដាក់អាហារនៅតាមដំណាក់កាលនីមួយៗ។
មួយវិញទៀតនោះ គឺបច្ចេកវិទ្យាអាចបង្កើតប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព។ ទោះបីជាអាហារអាចវិនាសបានដល់ដំណាក់កាលចុងក្រោយរបស់ពួកវា នោះមិនមានន័យថាពួកវាត្រូវដាក់ក្នុងធុងសំរាមនោះទេ។ កម្មវិធីបច្ចេកវិទ្យាដូចជា Flashfood និង Too Good to Go មាសមត្ថភាពរាយបញ្ជីទំនិញដែលជិតផុតកំណត់នៅហាង ភោជនីយដ្ឋាន និងកន្លែងលក់អាហារផ្សេងៗ ដែលអនុញ្ញាតឱ្យមនុស្សទិញទំនិញទាំងនោះក្នុងតម្លៃទាប។ តាមរបៀបនេះ អ្នកប្រើប្រាស់អាចតថ្លៃបាន ហើយអ្នកលក់អាចទារប្រាក់ពីប្រភពដើម ឬ អ្នកបោះដុំមកវិញផងដែរ។
លើសពីនេះដែរ កម្មវធី Start-up Wasteless បានបង្កើតក្បួនដោះស្រាយមួយដែលព្យាករណ៍ពីតម្លៃដ៏ល្អបំផុតសម្រាប់អាហារនៅជិតកាលបរិច្ឆេទលក់របស់វា។ វាក៏មានសមត្ថភាពយល់ពីចំណូលចិត្តរបស់អ្នកទិញទំនិញ ភាពប្រែប្រួលនៃតម្លៃ និងចេះកែតម្រូវតម្លៃយ៉ាងស្វាហាប់។ អ្នកទិញទំនិញចំណាយតិចសម្រាប់អាហារដែលជិតដល់ពេលខូច ប៉ុន្តែអ្នកលក់នៅតែទទួលបានប្រាក់ចំនេញពីអាហារទាំងនោះដូចគ្នា។ សម្រាប់ករណីដែលកាកសំណល់អាហារមិនអាចចៀសវាងបានទាំងស្រុង ក្រុមហ៊ុនជីកំប៉ុសរបស់ម៉ាឡេស៊ី Maeko បានបំប្លែងកាកសំណល់ទាំងនោះទៅជាចំណីរុក្ខជាតិក្នុងរយៈពេលតែ ២៤ ម៉ោងប៉ុណ្ណោះ ដោយមិនចាំបាច់បោះចោលទៅកន្លែងចាក់សំរាមដើម្បីបង្កើតឧស្ម័នមេតាន និងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀតទេ។ ម៉ាស៊ីនបំលែងកាកសំណល់នេះ គឺល្អសម្រាប់អាជីវកម្ម សាលារៀន និងមន្ទីរពេទ្យគួរប្រើប្រាស់ ដើម្បីរួមចំណែកដល់ប្រព័ន្ធអាហារប្រកបដោយនិរន្តរភាព។
មិនត្រឹមតែប៉ុណ្ណោះ បច្ចេកវិទ្យាកាត់បន្ថយកាកសំណល់អាហារផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ច និងជាលក្ខណៈមនុស្សធម៌មួយ។ បច្ចេកវិទ្យាមានឥទ្ធិពលនៅគ្រប់កម្រិតក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលមួយចំនួនដែលបង្កើតឡើងដោយកាកសំណល់អាហារ។ យោងតាមអង្គការសហប្រជាជាតិ បានបង្ហាញថា បច្ចេកវិទ្យាគឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមដូចជាភាពក្រីក្រ ភាពអត់ឃ្លាន និងការប្រែប្រួលអាកាសធាតុ ដោយសារវាអាចសន្សំសំចៃប្រហែលមួយភាគបួននៃអាហារដែលខូចទាំងអស់ ដែលអាចជួយសង្គ្រោះមនុស្សបានប្រហែល ៨៧០ លាននាក់។ កាកសំណល់អាហារបង្កឡើងដោយមនុស្ស គឺអាចចិញ្ចឹមមនុស្សបានដល់ទៅពីរពាន់លាននាក់។ កម្មវិធីបច្ចេកវិទ្យាដូចជា Maeko, StixFresh និង Wasteless គឺជាផ្នែកមួយនៃ “The Circulars 2021” ដែលជាប្រភេទនុវានុវត្ត ឬ ការបង្កើតថ្មីផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content