ភ្នំពេញ ៖ «កម្មសិទ្ធិបញ្ញា និងយុវជន» ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ គឺជាមូលបទនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ ដែលត្រូវបានក្រសួងពាណិជ្ជកម្ម រៀបចំឡើងដើម្បីជួយជំរុញឱ្យវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាកាន់តែមានភាពរីកចម្រើន។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោក មិនត្រឹមតែជាការរំលឹកខួបនៃការចូលជាធរមាននៃអនុសញ្ញាស្តីពីការបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយបង្កើតឱកាសឱ្យស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមគ្នាចូលរួមលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការរស់នៅរបស់យើង ជាពិសេសការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យាជាដើម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកស្តីពីការអនុវត្តផែនការរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសដែលជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានជំនួយបច្ចេកទេសពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោកក្នុងការកសាងច្បាប់ ធ្វើទំនើបកម្មស្ថាប័នកម្មសិទ្ធិបញ្ញា កសាងកេរ្តិ៍ឈ្មោះម៉ាកផលិតផលសក្តានុពលកម្ពុជា និងលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញាដល់សាធារណជន និងគ្រឹះស្ថានសិក្សា។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដើម្បីលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញាក្រសួងពាណិជ្ជកម្មបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យមឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងគោលបំណងអភិវឌ្ឍសហគ្រាសទាំងនោះ តាមរយៈគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ព្រមទាំងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសក្តានុពលជាច្រើន ដូចជា “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា “អំបិល និងផ្កាអំបិលកំពត កែប” “បង្កងតាកែវ” និង “ទឹកត្រីកំពត”។
ក្រៅពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសមូហភាព “គុយទាវភ្នំពេញ” “អំបុកកំពង់ធំ” “អង្ករព្រះវិហារ” និងគ្រោងចុះបញ្ជីបន្ថែមទៀតនូវម៉ាកសមូហភាពដូចជា ៖ “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” “ក្រូចពោធិ៍សាត់” “នំបញ្ចុកសៀមរាប” និង “ដូងខ្ទិះបាត់ដំបង” ដែលសមិទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើនសេដ្ឋកិច្ច ពង្រឹងអភិបាលកិច្ចល្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ។
តាមរយៈទិវាកម្មសិទ្ធិបញ្ញានេះ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងយុវជន៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ” នឹងចូលរួមដាស់ស្មារតីរបស់យុវជន ឱ្យរួមគ្នាបង្កើតបច្ចេកវិទ្យាថ្មី ផលិតផលថ្មី ស្នាដៃថ្មី សម្រាប់ប្រទសកម្ពុជា ប្រជាជនកម្ពុជា និងប្រជាជនក្នុងពិភពលោក។
ក្នុងឱកាសផងដែរ ឯកឧត្តមបានសម្ដែងនូវការអបអរសាទរចំពោះសមិទ្ធផលដែលគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាសម្រេចបាន និងបានលើកឡើងពីសារប្រយោជន៍នានារបស់វិស័យកម្មសិទ្ធិបញ្ញា ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាក់ទាញការវិនិយោគ និងបង្កើនការបង្កើតស្នាដៃថ្មីៗជាដើម។
សូមជម្រាបជូនថា ដើម្បីចូលរួមអបសាទរទិវាកម្មសិទ្ធិបញ្ញពិភពលោកឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា បានផ្ញើសារលិខិតអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកជូនដល់បងប្អូនជនរួមជាតិ ជាពិសេសដល់យុវជន ដើម្បីជំរុញ បំផុសគំនិត និងលើកទឹកចិត្តឱ្យស្វែងយល់បន្ថែមទៀតអំពីកម្មសិទ្ធិបញ្ញា ក៏ដូចជាការស្រាវជ្រាវ និងអភិវឌ្ឍន៍បង្កើតផលិតផលថ្មី ព្រមទាំងលើកកម្ពស់ចំណេះដឹងវិស័យកម្មសិទ្ធិបញ្ញា សំដៅរួមចំណែកក្នុងការកសាងអនាគតដ៏ប្រសើរសម្រាប់យុវជន ជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមប្រកបដោយនិរន្តរភាព៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content