សៀមរាប៖ សាធារណរដ្ឋកូរ៉េបានប្រកាសធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាជិកអាស៊ានដទៃទៀតដើម្បីលើកកម្ពស់ដល់សកម្មភាពនៃការស្រាវជ្រាវ និងការអភិវឌ្ឍប្រកបដោយនវានុវត្តន៍។
កម្ពុជាក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៥ (COSTI-85) សម្រាប់ឆ្នាំ២០២៤ ក៏បានបង្ហាញជំហរបង្កើនសមត្ថភាពផ្នែកវិទ្យាសាស្ត្ររបស់អាស៊ាន និងលើកកម្ពស់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ការប្រកាសបន្តជួយរបស់កូរ៉េ និងការប្តេជ្ញាចិត្តរបស់កម្ពុជានេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីការរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យារវាងអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅក្រុងសៀមរាប នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដែលជារបៀបវារៈអមមួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងកិច្ចប្រជុំរបស់គណៈកម្មាធិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់អាស៊ាន លើកទី៨៥ (COSTI-85) ។
សិក្ខាសាលាទ្វេភាគីរវាងអាស៊ានកូរ៉េ នេះត្រូវបានរៀបចំឡើងដើម្បីការប្រមូលមតិយោបល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបម្រើឱ្យការអភិវឌ្ឍប្រកបដោយភាពរឹងមាំ។

ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការអាស៊ាន COSTI-85 បានថ្លែងថា៖
«យើងបាន និងកំពុងសិក្សាជាមួយដៃគូកូរ៉េបន្ថែមទៀត អំពីមូលដ្ឋានរៀបចំហេដ្ឋរចនាសម្ព័ន្ធ ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ សម្រាប់ការងារស្រាវជ្រាវវិទ្យាសាស្រ្ត និងនវានុវត្តន៍»។

លោក ដុង អ៊ុនប៉ាក់ (Dong Un Park) អ្នកស្រាវជ្រាវវិទ្យាស្ថានគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយគាំទ្រដល់ការរៀបចំប្រព័ន្ធគ្រប់គ្រងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅកម្ពុជា។ លោកបានឱ្យដឹងថា សាធារណរដ្ឋកូរ៉េ បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាំងពីឆ្នាំ២០១៨កន្លងមក ដោយកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីលើកកម្ពស់ប្រព័ន្ធនវានុវត្តន៍ ក៏ដូចជាការស្រាវជ្រាវ។ សិក្ខាសាលានេះ ក៏ជាផ្នែកមួយដើម្បីការប្រមូលមតិយោបល់បន្ថែមទៀតពីក្រសួងស្ថាប័នពាក់ព័ន្ធ។

សូមបញ្ជាក់ថា អាស៊ានកំពុងធ្វើការជាមួយដៃគូសន្ទនាលើសកម្មភាពចំនួន៦៩ លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនោះអូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ រុស្ស៊ី តួកគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក សុទ្ធតែបានចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមទាំងនេះ។ មូលនិធិសរុបពីដៃគូសន្ទនា រួមមានអូស្ត្រាលី ចិន ជប៉ុន និងសហរដ្ឋអាមេរិក មានចំនួនប្រមាណ ៣៩០ លានដុល្លារ ដើម្បីដោះស្រាយតម្រូវការក្នុងតំបន់ តាមរយៈការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមភាពជាក់ស្តែង៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content