សៀមរាប ៖ កន្ធាយ ត្រូវបានគេដឹងជាទូទៅថា ជាសត្វមួយប្រភេទដែលគេអាចយកទៅចម្អិនធ្វើម្ហូបអាហារបានច្រើនមុខ មានរសជាតិឆ្ងាញ់ អាចជួយបំប៉នដល់សុខភាពអ្នកទទួលទានបានយ៉ាងប្រសើរ និងមានតម្លៃថ្លៃគួសមបើប្រៀបធៀបទៅនឹងប្រភេទសត្វទឹកសាបដទៃទៀត ខណៈដែលបច្ចុប្បន្ននេះ តម្រូវការទីផ្សារសត្វប្រភេទនេះកំពុងមានវិសាលភាពធំទូលាយគួរឱ្យកត់សម្គាល់។

លោក ហ៊ិម លីហៀង ជាម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយមួយកន្លែងស្ថិតនៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានមានប្រសាសន៍ឱ្យដឹងថា លោកបានចាប់មុខរបរជាអ្នកចិញ្ចឹមសត្វកន្ធាយនេះជាច្រើនឆ្នាំមកហើយ ដោយសារតែមានចំណូលចិត្តស្រឡាញ់ការងារបែបកសិកម្មផង និងចង់ក្លាយជាអ្នកផ្គត់ផ្គង់សត្វចិញ្ចឹមក្នុងវិស័យចំណីអាហារទ្រង់ទ្រាយជាកសិដ្ឋានតូចល្មមក្មុងស្រុកផងដែរ ជាពិសេស ក្រោយពេលសម្លឹងឃើញពីតម្រូវការទីផ្សារសត្វកន្ធាយមានភាពទូលាយ ហើយការផ្គត់ផ្គង់មានភាពខ្វះខាត។

លោកបន្ថែមថា ៖
“ទីផ្សារកន្ធាយនៅពេលនេះគឺមានភាពល្អប្រសើរ ទាំងប្រភេទកន្ធាយសាច់ និងកន្ធាយពូជ ដោយសារមានបណ្តាអាហារដ្ឋាន ក៏ដូចជាភោជនីយដ្ឋានជាច្រើនបានដាក់បញ្ជូលវាទៅជាមុខម្ហូបក្នុងហាង និងធ្វើការបញ្ជាទិញជាបន្តបន្ទាប់ស្ទើរគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស ដែលសម្រាប់ម៉ូយប្រចាំរបស់កសិដ្ឋានរបស់ខ្ញុំមានមកពីខេត្តបន្ទាយមានជ័យ ក្រចេះ កំពង់ធំ បាត់ដំបង និងភ្នំពេញ ជាដើម ហើយស្ទើររាល់សប្ដាហ៍តែងតែមានហាងគេទាក់ទងមកសួរព័ត៌មាន និងចរចាតម្លៃជាហូរហែ”
ពាក់ព័ន្ធទៅនឹងតម្រូវការទីផ្សារ និងតម្លៃទូទៅត្រូវបានម្ចាស់កសិដ្ឋានរូបនេះបញ្ជាក់ប្រាក់ឱ្យដឹងថា ចំពោះតម្លៃសត្វកន្ធាយសាច់ទម្ងន់ ៥០០ក្រាម ឬកន្លះគីឡូក្រាម អាចលក់បាន ១ក្បាល ២៥ ០០០រៀល (លក់រាយ) ដែលភាគច្រើនជាបងប្អូនរស់នៅក្នុងតំបន់ជាអ្នកបញ្ជាទិញ ប៉ុន្តែសម្រាប់ការលក់បោះដុំចាប់ពី ១០គីឡូក្រាមឡើងទៅតាមការបញ្ជាទិញរបស់ហាង អាហារដ្ឋាន ឬភោជនីយដ្ឋាន អាចលក់បានក្នុងតម្លៃ ៨.៥ដុល្លារក្នុងមួយគីឡូក្រាម ។ ដោយឡែកសម្រាប់ កន្ធាយដែលមានទម្ងន់ជាង១គីឡូក្រាម អាចលក់រាយបានតម្លៃ ១ក្បាល ៦ម៉ឺនរៀល និងបោះដុំឱ្យហាងបានតម្លៃ ១១ដុល្លារ ក្នុង១គីឡូក្រាម។ ចំណែកប្រភេទកន្ធាយពូជ ឬក៏កូនកន្ធាយ ក៏អាចលក់ឱ្យអ្នកភូមិក្នុងតម្លៃ ៣០០០-៤៥០០រៀល ក្នុងមួយក្បាលផងដែរ ដើម្បីយកទៅចិញ្ចឹមបន្ត។

លោក ហ៊ិម លីហៀង បានបន្តឱ្យដឹងទៀតថា កន្ធាយជាសត្វមួយប្រភេទដែលស៊ីចំណីតិចៗ និងធំធាត់យឺត ដែលទាមទារឱ្យអ្នកចិញ្ចឹមមានភាពអត់ធ្មត់ក្នុងការចិញ្ចឹម ពោលគឺត្រូវចំណាយពេលយ៉ាងតិច៧ខែ ទើបអាចចាប់លក់បានក្នុងទម្ងន់ចាប់ពី ៦-៧ខាំ ឬកន្ធាយមួយមានទម្ងន់១គីឡូក្រាម ត្រូវចិញ្ចឹមរហូតដល់ច្រើនជាង១ឆ្នាំ ឬ១ឆ្នាំកន្លះ។
លោកបញ្ជាក់ថា ៖
“ដំបូងឡើយខ្ញុំគ្រាន់តែចិញ្ចឹមលេងដែលអាចដាក់ចំណីឱ្យនៅពេលទំនេរពីការងារប៉ុណ្ណោះ លុះពេលមានបញ្ហាកូវីដ-១៩ ខ្ញុំមានពេលច្រើន ហើយក៏ផ្ដោតលើការចិញ្ចឹមកន្ធាយសាច់ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ កសិដ្ឋានរបស់ខ្ញុំមានកន្ធាយសាច់ ២ស្រះប្រមាណ ១ ៥០០ក្បាល, មេពូជ ១ស្រះ ស្មើនឹងប្រមាណ ៥០០ក្បាល និងអាងមេពូជ១អាង មានប្រមាណ១០០ក្បាលផងដែរ។ ដោយឡែកចំពោះការចិញ្ចឹមក៏ត្រូវការការថែទាំទឹក ស្ថានភាពទឹក និងដាក់ចំណីឱ្យបានទៀងទាត់ ដោយយើងអាចប្រើចំណីទិញស្រាប់ដូចជាចំណីកង្កែបដែរ ឬក៏ចំណីត្រី ប៉ុន្តែយើងក៏អាចប្រើចំណីកែច្នៃដូចជា កូនត្រី ក្ដាម ខ្យង យកមកកិនជាមួយនឹងបន្លែដាក់ឱ្យកន្ធាយស៊ីដែលយើងអាចសន្សំសំចៃផងដែរ និងអាចបំប៉នឱ្យកន្ធាយឆាប់ធំលឿន”

ពាក់ព័ន្ធទៅនឹងបច្ចេកទេសក្នុងការចិញ្ចឹម លោក លីហៀង បានរៀនបន្តមកពីអ្នកភូមិក្បែរខាងដែលលោកទៅទិញពូជមកសាកចិញ្ចឹមលើកដំបូង និងស្រាវជ្រាវបន្ថែមទៀតតាមយៈប្រព័ន្ធអ៊ីនធឺណេតទាក់ទងទៅនឹងបច្ចេកទេសក្នុងការចិញ្ចឹមកន្ធាយ ហើយរហូតមកដល់ពេលបច្ចុប្បន្ន រូបលោកផ្ទាល់ក៏នៅតែបន្តការស្រាវជ្រាវពីវិធីសាស្ត្រចិញ្ចឹមបន្ថែមទៀត ព្រោះការចិញ្ចឹមកន្ធាយនេះហាក់នៅមិនទាន់មានការចងក្រងជាកម្រងតម្រានៃការចិញ្ចឹមឱ្យបានទូលំទូលាយនៅឡើយ។
លោកបានផ្តល់ជាចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួនខ្លះៗថា ចំពោះបងប្អូនដែលចង់ចិញ្ចឹមកន្ធាយ ចាំបាច់ត្រូវមានស្រះ ឬអាងដែលមានផ្ទៃក្រឡាចាប់ពី ៥០ម៉ែត្រការ៉េឡើងទៅ ហើយជម្រៅទឹកចន្លោះ ១ – ២.៥ម៉ែត្រ។ សម្រាប់ការរៀបចំអាង ត្រូវមានខ្សាច់ទ្រាប់បាតអាងជម្រៅ ១តឹក ដោយដាក់រុក្ខជាតិ៣០ភាគរយនៃផ្ទៃអាង ជាពិសេសគឺត្រូវថែទាំទឹកជារៀងរាល់ខែដោយការដាក់ថ្នាំសម្លាប់មេរោគរាល់ចុងខែម្ដង ហើយការចិញ្ចឹមកន្ធាយនេះក៏មានកត្តាប្រឈមផងដែរ ដូចជា បញ្ហាទិញពូជកន្ធាយដែលគ្មានប្រភព កង្វះខាតបច្ចេកទេស ក្រៅពីនេះក៏មានជំងឺដំបៅផ្សេងៗទៀត ដែលទាមទារឱ្យមានការយល់ដឹងពីរបៀបព្យាបាល បើមិនដូច្នោះទេកន្ធាយអាចងាប់អស់តែម្ដងក៏មាន។
សម្រាប់អនាគត លោក លីហៀង រំពឹងទុកថារបរចិញ្ចឹមកន្ធាយនឹងកើនឡើង ដោយសារតម្រូវការទាំងការលក់រាយ និងបោះដុំនៅតាមហាងកំពុងតែកើនឡើងជារឿយៗ ហើយលោកនឹងពង្រីកកសិដ្ឋានរបស់លោកឱ្យមានទំហំជាងពេលបច្ចុប្បន្នដើម្បីអាចបំពេញតម្រូវការទីផ្សារ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content