ពោធិ៍សាត់ ៖ ក្នុងនាមជាស្ត្រីឧទ្យានុរក្សម្នាក់ បើទោះជាមិនមានកាយសម្បទា និងកម្លាំងខ្លាំងក្លាដូចបុរសក៏ដោយ ប៉ុន្តែដោយសារការស្រឡាញ់ និងការផ្សារភ្ជាប់បេះដូងទៅនឹងធម្មជាតិ បានជំរុញទឹកចិត្តឱ្យខិតខំជំនះរាប់ឧបសគ្គជាច្រើន ដើម្បីធ្វើយ៉ាងអាចថែរក្សាការពារធនធានធម្មជាតិ រួមទាំងបរិស្ថានឱ្យមានភាពស្រស់បំព្រង ហើយប្រែក្លាយឥរិយាបទប្រជាជននៅក្នុងតំបន់ដែលធ្លាប់ព្រឹត្តសកម្មភាពលើ្មសច្បាប់ដោយការបរបាញ់សត្វព្រៃ និងកាប់បំផ្លាញ់ព្រៃឈើ ឱ្យងាកមកស្រឡាញ់ធនធានធម្មជាតិ និងចូលរួមថែរក្សាទាំងអស់គ្នា។

ច្បាស់ណាស់ថា ការងារជាអ្នកការពារ ប្រាកដជាមិនងាយស្រួលនោះទេ ផ្ទុយទៅវិញ កិច្ចការងារនេះត្រូវប្រឈមនឹងគ្រោះថ្នាក់ ឧបសគ្គជាច្រើន ដូចជា ការជួបប្រទះបទល្មើសកាប់ឈើ បទល្មើសដាក់អន្ទាក់សត្វព្រៃ និងការរុករានដីព្រៃយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពីសំណាក់ជនខិលខូចជាដើម។ ដូច្នេះហើយ ទើបការងារនេះ មិនសូវមានស្ត្រីធ្វើនោះទេ ដោយទូទាំងប្រទេស មានឧទ្យានុរក្សជាស្ត្រីត្រឹមតែ ៤២នាក់ប៉ុណ្ណោះ ខណៈមន្ត្រីឧទ្យានុរក្សសរុបទូទាំងប្រទេសមានចំនួន ១២០០ នាក់។

ក្នុងចំណោមស្ត្រីទាំង ៤២នាក់ អ្នកស្រី ម៉ុន ភ័ស្ត វ័យ ៣៧ឆ្នាំ បានជ្រើសរើសប្រកបកិច្ចការងារនេះយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលឱ្យនៅគង់វង្ស។ ក្រុមល្បាតរបស់អ្នកស្រីមានសមាជិកប្រមាណ ១០នាក់ (មានអ្នកស្រីជាស្ត្រីតែម្នាក់ប៉ុណ្ណោះ) ដែលត្រូវចុះល្បាតម្ដងក្នុងចន្លោះពេលពី ២ទៅ៣ថ្ងៃ។
អ្នកស្រីបានមានប្រសាសន៍ថា៖
“ការងារនេះមានឧបសគ្គច្រើន ដូចជា ត្រូវជិះម៉ូតូផ្លូវឆ្ងាយ ហើយពិបាក ព្រោះតំបន់នេះជាតំបន់ភ្នំដែលឧស្សាហ៍មានភ្លៀងធ្លាក់ រអិល ! ម្យ៉ាងទៀត កាន់តែគ្រោះថ្នាក់ពេលដែលជួបជនល្មើសនៅក្នុងព្រៃ”

អ្នកស្រីបន្តថា អ្នកប្រព្រឹត្តិបទល្មើសទាំងនោះភាគច្រើន មិនខ្លាចញញើតចំពោះក្រុមមន្ត្រីឧទ្យានុរក្សឡើយ មានពេលខ្លះពួកគេថែមទាំងបង្កជម្លោះទៀតផង។ ប៉ុន្តែបើទោះជាការងារនេះមានឧបសគ្គយ៉ាងណាក្ដី អ្នកស្រី ម៉ុន ភ័ស្ត បានបង្ហាញពីការតាំងចិត្តយ៉ាងពិតប្រាកដ ក្នុងកិច្ចការពារ និងប្រែក្លាយឥរិយាបទប្រជាជននៅក្នុងតំបន់ដែលធ្លាប់ព្រឹត្តសកម្មភាពលើ្មសច្បាប់ដោយការបរបាញ់សត្វព្រៃ និងកាប់បំផ្លាញ់ព្រៃឈើ ឱ្យងាកមកស្រឡាញ់ធនធានធម្មជាតិ និងចូលរួមថែរក្សាទាំងអស់គ្នា។
អ្នកស្រីបានបន្តឱ្យដឹងទៀតថា ៖
“មានពេលខ្លះ មានគេធ្លាប់បានសួរខ្ញុំថា ការងារជាអ្នកការពារ ទប់ស្កាត់បទល្មើសអាចមានភាពប្រឈម ម្ដេចមិនប្ដូរអាជីព? ខ្ញុំបានឆ្លើយថា ភាពលំបាក និងឧបសគ្គពិតជាមាន ប៉ុន្តែខ្ញុំពេញចិត្តនឹងបំពេញកាព្វកិច្ចនេះណាស់ ខ្ញុំស្រឡាញធនធានធម្មជាតិដូចជាស្រឡាញ់ក្រុមគ្រួសារខ្ញុំយ៉ាដូច្នោះ ដូច្នេះ ខ្ញុំត្រូវតែជំនះបញ្ហា និងទប់ស្កាត់បទល្មើសនានាដើម្បីក្រុមគ្រួសារខ្ញុំ ហើយព្យាយាកែប្រែការគិតរបស់ប្រជាក្នុងសហគមន៍ឱ្យស្គាល់ពីគុណតម្លៃនៃធម្មជាតិ និងចូលរួមថែរក្សា ការពារដើម្បីជាប្រយោជន៍រួមទាំងនៅក្នុងមូលដ្ឋាន សហគមន៍ និងសង្គមជាតិផងដែរ”
ឧទ្យានុរក្ស គឺជាការងារមួយប្រភេទ ដែលមន្ត្រីទទួលបន្ទុកកិច្ចការងារនេះមានតួនាទីជាអ្នកថែរក្សាព្រៃឈើ សត្វព្រៃ និងថែទាំប្រព័ន្ធជីវចម្រុះនៅក្នុងព្រៃ។ ពួកគេភាគច្រើនតែងធ្វើការល្បាតនៅតាមគោលដៅព្រៃសំខាន់ៗដូចជា ព្រៃក្នុងតំបន់ឧទ្យានជាតិ ព្រៃរបស់សហគមន៍ និងតំបន់ផ្សេងៗទៀតដែលជាជម្រកសំខាន់សម្រាប់សត្វព្រៃ។ គួរបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងតំបន់ខ្លះក៏មានវត្តមានសមាសភាពតំណាងអង្គការផ្សេងៗចូលរួមចំណែកផងដែរ។ ជាក់ស្ដែង នៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែលស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ (CI) ដើម្បីការពារ និងអភិរក្សធម្មជាតិបានយ៉ាងប្រសើរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/09/2026
ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ

កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/09/2026
កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content